
ទំនិញរបស់ចិន បានគ្របដណ្តប់ខ្លាំងលើពាណិជ្ជកម្មពិភពលោក ដែលធ្វើឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មិនសប្បាយចិត្តជាខ្លាំង និងរកវិធីទប់មហាយក្សចិន តាមរយៈការដំឡើងពន្ធគយបដិការខ្ពស់កប់ពពកលើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ដោយមុខព្រួញសំខាន់ គឺសំដៅទៅរកចិន។ ប៉ុន្តែពេលនេះ ចិន សម្រេចបានសមិទ្ធផលដ៏អស្ចារ្យនៅដើមឆ្នាំ២០២៥ នេះ ដោយរំហូរទុនវិនិយោគចេញចូលទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនបានកើនលើសទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់ខ្លួនជាលើកដំបូងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។
ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥ រំហូរហិរញ្ញវត្ថុឆ្លងដែនរបស់ចិន បានកើនឡើងឈានរហូតដល់ទៅ៤,៥ទ្រីលានដុល្លារអាម៉េរិក ហើយកត្តាចម្បងនៃកំណើនរំហូរទុនវិនិយោគនេះ គឺដោយសារហ៊ុន ឬវិនិយោគិនបរទេសសម្រុកទិញភាគហ៊ុន និងសញ្ញាបណ្ណចិន បូករួមការជួញដូរយ៉ាងផុសផុលនូវបំណុលរយៈពេលខ្លីរបស់បណ្ដាធនាគារចិន។ ហើយទន្ទឹមនេះ បណ្ដាវិនិយោគិនក្នុងស្រុក ក៏កំពុងសម្រុកទិញភាគហ៊ុនដែលចុះបញ្ជីនៅហុងកុងកាន់តែច្រើនផងដែរ។
ស្ថានភាពនេះបានធ្វើឱ្យប្រទេសចិន ខិតកាន់តែជិតក្នុងការក្លាយជាទីផ្សារអភិវឌ្ឍន៍ដូចសហរដ្ឋអាម៉េរិក និងជប៉ុន ដែលរំហូរទុនវិនិយោគមានទំហំលើសពីទំហំពាណិជ្ជកម្ម។ ទន្ទឹមនេះ វាក៏ជំរុញតួនាទីរបស់ប្រាក់យន់ឱ្យក្លាយជារូបិយប័ណ្ណសកលផងដែរ ដោយពង្រឹងគោលដៅរយៈពេលវែងរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឱ្យប្រាក់យន់ ក្លាយជារូបិយប័ណ្ណអន្តរជាតិ ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម