
គម្រោងទំនប់វារីអគ្គិសនីខ្នាតយក្សថ្មីតម្លៃ១៧០ពាន់លានដុល្លាររបស់មហាយក្សចិន កំពុងបង្កការភ័យខ្លាចចំពោះសង្គ្រាមទឹកនៅឥណ្ឌា ព្រោះទំនប់នេះនឹងត្រូវសាងសង់នៅតំបន់ទីបេតិ៍ នៅខ្សែទឹកខាងលើប្រទេសឥណ្ឌា។ ដើម្បីទប់ទល់នឹងហានិភ័យដ៏ធំនេះ ប្រទេសឥណ្ឌា កំពុងសម្រុកពន្លឿនគម្រោងទំនប់វារីអគ្គិសនីដ៏ធំមួយរបស់ខ្លួន ទោះបីជាមានការតវ៉ាពីសហគមន៍កុលសម្ព័ន្ធ Adi ដែលខ្លាចបាត់បង់ដីធ្លី និងផ្ទះសម្បែងរបស់ពួកគេយ៉ាងណាក៏ដោយ។
រដ្ឋាភិបាលឥណ្ឌា បាននិយាយថា ទំនប់វារីអគ្គិសនី Upper Siang Dam របស់ខ្លួននឹងអាចស្តុកទឹកបានគ្រប់គ្រាន់ដើម្បីការពារទប់ទល់នឹងការបង្វែរទឹក ឬការបញ្ចេញទឹកភ្លាមៗដែលមហាយក្សចិន អាចនឹងធ្វើឡើងដែលសុទ្ធតែជាហានិភ័យសម្រាប់ឥណ្ឌា។
ប្រទេសចិន បានអះអាងថា គម្រោងនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រទេសនៅខ្សែទឹកខាងក្រោមទឹកនោះទេ ប៉ុន្តែឥណ្ឌា ជឿថា ទំនប់នេះអាចត្រូវបានមហាយក្សចិន ប្រើប្រាស់ជាអាវុធភូមិសាស្ត្រនយោបាយ ជាពិសេសចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមព្រំដែន។ គម្រោងទំនប់វារីអគ្គិសនីរបស់មហាយក្សចិននេះត្រូវបានព្យាករថា នឹងចំណាយទុនវិនិយោគរហូតដល់ទៅជិត១៧០ពាន់លានដុល្លារអាម៉េរិក ហើយនឹងក្លាយជាទំនប់ធំជាងគេក្នុងពិភពលោក។
ស្របពេលដែលគម្រោងទំនប់វារីអគ្គិសនីរបស់ប្រទេសឥណ្ឌា អាចនឹងត្រូវការពេលដល់ទៅ ១០ឆ្នាំដើម្បីបញ្ចប់ជាស្ថាពរ អ្នកស្រុកបានប្រឆាំងនឹងគម្រោងសាងសង់ទំនប់នេះយ៉ាងខ្លាំង ដោយអ្នកខ្លះថែមទាំងវាយកម្មករ និងបិទផ្លូវទៀតផង។ ក្រុមអ្នកជំនាញបានព្រមានថា ទំនប់វារីអគ្គិសនីទាំងពីរស្ថិតនៅក្នុងតំបន់ដែលងាយនឹងរងគ្រោះដោយសាររញ្ជួយដី ហើយអាចបង្កហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរនៅថ្ងៃអនាគត៕
ដោយ: តែម សុខុម