ស្របពេលអ្នកធ្វើដំណើរភាគច្រើនចេញដំណើរទៅបរទេស ដើម្បីលំហែកាយ ញ៉ាំអាហារ ទិញទំនិញ និងដើរកម្សាន្ដនោះ វាក៏ត្រូវបានគេមើលឃើញថា គឺជាឱកាសមួយ ដើម្បីគេចចេញពីការគ្រប់គ្រងមូលធនដ៏តឹងរឹងរបស់រដ្ឋាភិបាលក្រុងទីក្រុងប៉េកាំងនាពេលកន្លងមកផងដែរ។ តាមធនាគារវិនិយោគបារាំង Natixis បានឱ្យដឹងថា តួលេខនៃការចំណាយលើការធ្វើដំណើរជាធម្មតា មិនស៊ីគ្នានឹងតួលេខនៃប្រទេសគោលដៅ និងប្រភពទិន្នន័យសកលនោះទេ ដែលជាការបង្ហាញឱ្យឃើញថា ពលរដ្ឋចិនកំពុងតែយកប្រាក់ ឬទ្រព្យសម្បត្តិរបស់ពួកគេចេញពីប្រទេសចិនទៅវិនិយោគ ឬទុកដាក់នៅក្រៅប្រទេស។
លោក ហ្ការី ង្វៀន (Gary Ng) សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារបារាំង Natixis Corporate and Investment Bank បាននិយាយថា វាបានបង្ហាញថា មូលធនបានចាកចេញពីប្រទេសចិនក្រោមរូបភាពជាការធ្វើទេសចរណ៍កម្សាន្ដចេញក្រៅប្រទេស ប៉ុន្តែទីបំផុតទៅពលរដ្ឋចិនមួយចំនួន គឺមានគោលបំណងផ្សេងទៀតតែប៉ុណ្ណោះ។
របាយការណ៍របស់ធនាគារ Natixis មួយបានប៉ាន់ប្រមាណថា គម្លាតខុសគ្នានៃការចំណាយរបស់ភ្ញៀវទេសចរចិន ធៀបនឹងតួលេខដែលនៃប្រទេសគោលដៅ និងប្រភពទិន្នន័យសកលបានបង្ហាញ គឺមានប្រហែល ៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ទោះជាការធ្វើដំណើរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩ក៏ដោយ។ លំហូរចេញបែបនេះត្រូវបានរំពឹងថា នឹងកើនឡើងម្តងទៀតខណៈដែលការធ្វើដំណើរកំពុងតែវិលត្រឡប់មកវិញជាបណ្ដើរៗហើយ។
អ្នកជំនាញ បានពន្យល់ថា វាអាចមើលឃើញថា លំដើមទុនទាំងនោះ អាចនឹងធ្លាក់នៅត្រឹមការធានារ៉ាប់រង និងផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិ និងមួយចំនួនមាននៅក្នុងវិស័យអចលនទ្រព្យ។ បន្ថែមពីនេះ ពលរដ្ឋចិនក៏អាចដករូបិយបណ្ណបរទេស និងដាក់ប្រាក់បញ្ញើក្រៅប្រទេសបានផងដែរ។
អាជ្ញាធរចិនបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវចលនាប្រាក់សាច់ និងពិនិត្យល្អិតល្អន់លើប្រតិបត្តិការនេះផងដែរ។ ច្បាប់មួយចំនួនត្រូវបានបង្កើតឡើង ដើម្បីការពាររូបិយបណ្ណយន់របស់ប្រទេសចិនមិនឱ្យមានការប្រែប្រួលខ្លាំង និងរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយច្បាប់នេះ ក៏រួមបញ្ចូលទាំងការកំណត់ចំនួនរូបិយបណ្ណបរទេស ដែលពលរដ្ឋចិនម្នាក់អាចទិញបានត្រឹមតែ ៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
ប្រទេសចិនបានកត់ត្រាការពីធ្វើដំណើរចូល និងចេញប្រទេសមានចំនួនជិត៤០លានដងនៅចន្លោះថ្ងៃទី៨ ខែមករា ពេលដែលព្រំដែនបានបើកឡើងវិញ រហូតដល់ថ្ងៃទី៧ ខែមីនា។ នេះបើតាមតួលេខចុងក្រោយរបស់រដ្ឋបាលអន្តោប្រវេសន៍ជាតិ។
អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ និងអ្នកប្រឹក្សាបានប្រាប់ Nikkei Asia ថា ពួកគេមើលឃើញតម្រូវការដែលកំពុងកើនឡើងសម្រាប់ដំណោះស្រាយផែនការទ្រព្យសម្បត្តិ និងការណែនាំពីការបង្កើតការិយា ល័យគ្រួសារនៅកន្លែងមួយចំនួនដូចជាប្រទេសសិង្ហបុរី និងក្រុងហុងកុងជាដើមដែលពួកគេចាត់ទុកថាជាឋានសួគ៌មូលធនដ៏មានសុវត្ថិភាព៕
អត្ថបទ ៖ សុខ ជា