បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន ត្រូវបានព្យាករថា នឹងដណ្ដើមបានចំណែកទីផ្សាររថយន្តពិភពលោកបានរហូតដល់ទៅ២១% នៅក្នុងឆ្នាំ២០២៤ នេះ ដោយភាគច្រើននៃកំណើននេះនឹងសម្រេចបានពីទីផ្សារក្រៅប្រទេស ហើយការលក់រថយន្តរបស់ចិន នៅទីផ្សារក្រៅប្រទេសនឹងកើនឡើងពី៣លានគ្រឿងក្នុងឆ្នាំ២០២៤ នេះឈានដល់៩លានគ្រឿង នៅត្រឹមឆ្នាំ២០៣០។
ក្រុមអ្នកនយោបាយ និងបណ្ដាក្រុមហ៊ុនផលិតរថយន្តធំៗ និងចំណាស់ៗទូទាំងពិភពលោកកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យបារម្ភ នៃឧស្សាហកម្មរថយន្តរបស់មហាយក្សចិន។ អ្នកនយោបាយ និងក្រុមហ៊ុនផលិតរថយន្តជាច្រើនភ័យខ្លាចថា រថយន្តតម្លៃថោកៗពីប្រទេសចិន នឹងវ៉ាដាច់រថយន្តផលិតក្នុងស្រុក ជាពិសេសរថយន្តអគ្គិសនី ហើយនឹងជោរជន់ពេញទីផ្សារ។
ក្រុមហ៊ុន AlixPartners និយាយថា ខ្លួនរំពឹងថា Brand ឬ ម៉ាកយីហោរថយន្តចិន នឹងរីកចម្រើននៅគ្រប់ទីផ្សារទូទាំងពិភពលោក។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានបន្ថែមថា ខ្លួនរំពឹងថា Brand ឬ ម៉ាកយីហោរថយន្តចិន នឹងអាចពង្រីកខ្លួនបានតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន និងទ្វីបអាម៉េរិកខាងជើង រួមទាំងសហរដ្ឋអាម៉េរិកផង ព្រោះនៅទីនោះស្តង់ដារសុវត្ថិភាពយានយន្តមានភាពតឹងរ៉ឹងកាន់តែខ្លាំង ហើយពន្ធ១០០%លើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិន ក៏ត្រូវបានប្រកាស។
សូមបញ្ជាក់ថា យោងតាមគេហទំព័រដែលមានឈ្មោះថា companiesmarketcap បង្ហាញថា មូលធនទីផ្សាររថយន្តរបស់ពិភពលោកគិតត្រឹមឆ្នាំ២០២៤ នេះមានទំហំជាង២,១៥ទ្រីលានដុល្លារអាម៉េរិក ដោយក្នុងនោះក្រុមហ៊ុន Tesla ជាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹងមូលធនទីផ្សារប្រមាណ៦៣០ពាន់លានដុល្លារ៕
ដោយ: តែម សុខុម