ជំងឺកូវីដ១៩នៅចិន

ទីក្រុងនានារបស់ចិនផ្តើមបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ១៩វិញហើយ ខណៈអាជ្ញាធរថាស្ថានការណ៍កូវីដ១៩កំពុងផ្លាស់ប្ដូរ


ទីក្រុងធំៗចំនួនពីររបស់ប្រទេសចិនចាប់ពីថ្ងៃព្រហស្បតិ៍ទី ០១ ខែធ្នូមក បានផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងមេរោគឆ្លងកូវីដ១៩វិញហើយ ពិសេសគឺនៅក្រោយការសម្ដែងការមិនពេញចិត្ត ជាមួយនឹងគោលនយោបាយសូន្យកូវីដ១៩ដ៏តឹងរ៉ឹងរបស់ប្រទេសនេះបានផ្ទុះឡើង ជាសាធារណៈយ៉ាងទូលំទូលាយតាមផ្លូវក្នុងទីក្រុងសំខាន់ៗជាច្រើន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ទីក្រុងនានារបស់ចិនផ្តើមបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ១៩!

ក្នុងចំណោមទីក្រុងដែលមាន​ករណីឆ្លងថ្មីៗ​កើនឡើង និងដែលបាន​ស្ថិតនៅក្រោមការរឹតបន្តឹងទាំងអស់ ក្រុងក្វាងចូវត្រូវបានរដ្ឋអំណាចចិនបញ្ជាឱ្យលុបចោល​ការហាមឃាត់ការហាមាត់មួយចំនួន និងលុបចោលការទាមទារឱ្យធ្វើតេស្ត PCR មុននឹងចូលទៅក្នុងអគារជាច្រើនជាច្រើនផងដែរ។ ដោយឡែកទីក្រុង ឆុងឈីង (Chongqing)វិញ ក៏បានបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរចេញចូល និងដើរហើររបស់ពលរដ្ឋនៅក្នុង​ផ្នែកខ្លះ​នៃ​ទីក្រុងដូចគ្នា។

ចំណាត់ការបែបនេះពីរដ្ឋអំណាចក្រុងប៉េកាំងជាសញ្ញាមួយបង្ហាញថា ថ្នាក់ដឹកនាំរបស់ប្រទេសចិន កំពុងគិតគូឡើងវិញលើគោលនយោបាយសូន្យកូវីដរបស់ខ្លួន សម្រាប់ការដោះស្រាយការចំលងកូវីដ១៩រលកថ្មីនៅក្នុងប្រទេស។ នេះក៏មកពីទីក្រុងប៉េកាំងកត់សម្គាល់ឃើញ ឬអាចនិយាយបានថាភ្ញាក់ខ្លួន នៅពេលឃើញពលរដ្ឋចិនជាច្រើនបានចុះផ្លូវតវ៉ាដោយ​ប្រថុយនឹងការចាប់ខ្លួន ក៏ដូចជាទោសទណ្ឌ​នានា ដើម្បីអំពាវនាវឱ្យបញ្ចប់គោលនយោបាយសូន្យកូវីដដ៏តឹងតែង នឹងអនុវត្តអស់៣ឆ្នាំមកនេះ។

អនុនាយករដ្ឋមន្ត្រីចិនលោកស្រី ស៊ុន ឈុនឡាន ដែលមានតួនាទីជាប្រធាន​ដឹកនាំយុទ្ធនាការ ប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ក្នុងប្រទេសចិន បាននិយាយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា ប្រទេសចិនកំពុងប្រឈមមុខនឹងស្ថានភាពថ្មី ហើយក៏មានកិច្ចការថ្មី​ដែលត្រូវធ្វើផងដែរ។ លោកស្រីអះអាងថា នៅពេលដែលអត្រានៃការចាក់វ៉ាក់សាំង​កើនឡើង មេរោគបំប្លែងខ្លួន omicron នឹងលែងមានឥទ្ធិពលខ្លាំងទៀតហើយ។

គេកត់សម្គាល់បានថា ក្នុងអ្វីដែល​លោកស្រី ស៊ុន ឈុនឡាន បាននិយាយ គឺមិនបាន​លើកយកពាក្យវិធានការសូន្យកូវីដ ឬចំណុចដែលពាក់ព័ន្ធនឹងវិធានការនេះទេ។

បន្ទាប់ពីការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងរូបនេះ រដ្ឋបាលទីក្រុងក្វាងចូវ​បានប្រកាសពី​ការផ្លាស់ប្តូរចំពោះការរឹតបន្តឹង​របស់ខ្លួន ដោយបានដកការបិទខ្ទប់​នៅទូទាំង​ទីក្រុង និងតំបន់ច្រើន​ទៀត​ក្នុងថ្ងៃ​តែមួយ។ ឥឡូវនេះ​ការធ្វើដំណើរ​ត្រូវ​បាន​អនុញ្ញាត ឱ្យចេញចូលពីតំបន់មួយ​ទៅតំបន់មួយ​ឡើងវិញ​ហើយ។

គួរជម្រាបថា ទីក្រុងទាំងពីរធំៗ​ដែលប្រកាសបន្ធូរដៃនេះ សុទ្ធសឹង​ជាក្រុងដែលមានករណី​ឆ្លងច្រើន ​ហើយក៏មានការតវ៉ាខ្លាំង​ដែរ​កាលពីចុងខែវិច្ឆិកា។ ទោះយ៉ាងណា ក៏នៅមានតំបន់ ឬច្រកតូចៗ​ខ្លះ​ដែលនៅបន្តរិតបន្តឹង​ដោយផ្នែកផងដែរ ខណៈរោងចក្រមួយចំនួន​មិនទាន់​មាន​កម្មករចូលធ្វើការវិញនៅឡើយ៕




អត្ថបទបន្ទាប់


ទំហំប្រតិបត្តិការក្នុងវិស័យបរធនបាលកិច្ចកើនដល់៤០០លានដុល្លារនៅឆ្នាំ២០២២

វិស័យបរធនបាលកិច្ច បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការចូលរួមជាបន្តបន្ទាប់ពីវិស័យឯកជន ខណៈវិ…

តោះ! ទៅលេង ពិធីបុណ្យរដូវរំហើយ នៅខេត្តកំពង់ឆ្នាំងទាំងអស់គ្នា

សិល្បៈ និងប្រពៃណីខ្មែរបុរាណកំពុងវិលត្រឡប់មកវិញបែបទំនើប ជាមួយ ពិធីបុណ្យរដូវរំហើយ ជាពិធីគគ្រឹកគគ្រេងចំនួន២ថ្ងៃ ដែលធ្វើឡើងដើម្បីអបអរសាទរវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ