ចិន ជប៉ុន និងតៃវ៉ាន់កំពុងរងនូវព្យុះទីហ្វុងផ្ទួនៗគ្នា!

ទីក្រុងប៉េកាំងកំពុងរងនូវព្យុះភ្លៀងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ១៤០ឆ្នាំ ខណៈព្យុះទីហ្វុងកំណាចមួយផ្សេងទៀតកំពុងវាយប្រហារលើប្រទេសជប៉ុន និងតៃវ៉ាន់


រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារព្យុះភ្លៀងទីហ្វុង Doksuri ដែលបានបោកបក់មកលើរដ្ឋធានីមួយនេះ បានធ្វើឱ្យមានអ្នកស្លាប់និងបាត់ខ្លួនជាច្រើននាក់ និងមនុស្សរាប់សែននាក់ផ្សេងទៀតកំពុងត្រូវបានក្រុមសង្គ្រោះជម្លៀសចេញពីក្រុងភ្លាមៗ។
ចិន ជប៉ុន និងតៃវ៉ាន់កំពុងរងនូវព្យុះទីហ្វុងផ្ទួនៗគ្នា!

ដោយឡែក នៅខេត្ត Okinawa និង Kagoshima ភាគនិរតីនៃប្រទេសជប៉ុនឯណោះវិញ បានបន្តដាច់ចរន្តអគ្គិសនីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែព្យុះទីហ្វុងមួយផ្សេងទៀតដែលមានឈ្មោះថា Khanun បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកឥតត្រាប្រណី។

ជាមួយគ្នានេះ តៃវ៉ាន់ត្រូវបានរាយការណ៍មកថានឹងបិទទីផ្សារ និងសាលារៀននៅតំបន់ភាគ​ខាងជើងនៃកោះ រួមទាំងរដ្ឋធានីតៃប៉ិនៅថ្ងៃព្រហស្បតិ៍ ទី៣ សីហានេះផងដែរ មុនការមកដល់​ព្យុះទីហ្វុងKhanun។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ការិយាល័យឧតុនិយមទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធថា កម្រិតទឹកភ្លៀងបានកើនឡើងដល់ជាង ៧៤៤មីលីម៉ែត្រ គិតត្រឹមនៅចន្លោះថ្ងៃសៅរ៍សប្តាហ៍មុនរហូតមកដល់ថ្ងៃពុធសប្តាហ៍នេះ។ គិតត្រឹមថ្ងៃពុធនេះ មានមនុស្ស២១នាក់ ត្រូវបានបញ្ជាក់ថាបានបាត់បង់ជីវិតនៅក្នុងព្យុះភ្លៀងទីហ្វុង Doksuri ខណៈ២៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន។

ទីក្រុងប៉េកាំង និងតំបន់ជុំវិញនៃខេត្ត Hebei ត្រូវបានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរដោយ​សារកម្រិតទឹកភ្លៀងឡើងខ្ពស់ពេក។ ភ្លៀងទីហ្វុង Doksuri បានបំផ្លាញផ្លូវថ្នល់ និងដាច់ភ្លើង ទឹកផងដែរ ។ តំបន់ដែលងាយគ្រោះខ្លាំងជាងគេតំបន់ Zhuozhou ទីក្រុងតូចមួយនៅក្នុងខេត្ត Hebei ដែលមានព្រំប្រទល់ជាប់ភាគនិរតីនៃទីក្រុងប៉េកាំង។ យោងតាមអាជ្ញាធរក្នុងតំបន់ក្នុងខេត្ត Hebei បាននិយាយថា មនុស្សជិត៨៥ម៉ឺននាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅទៅកាន់ទីទួល​សុវត្តិភាពបណ្តោះអាសន្ន។

ទន្ទឹមគ្នានេះ នៅទីក្រុងធំៗពីរក្នុងប្រទេសជប៉ុនឯណោះវិញ មានមនុស្សប្រមាណជាង​១៦ម៉ឺន៦ពាន់គ្រួសារ​កំពុងដាច់ចរន្តអគ្គិសនីប្រើប្រាស់នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែឥទ្ធិពល​ព្យុះទីហ្វុងកម្រិតធ្ងន់មួយទៀតគឺ Khanun ដែលបានបង្កឱ្យមានខ្យល់បក់បោកខ្លាំង ជាមួយនឹងភ្លៀង​ឥតឈប់ឈរ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ព្យុះនៅសមុទ្រចិនខាងកើត បានកំពុងធ្វើដំណើរទៅភាគពាយ័ព្យក្នុងល្បឿនយឺតនៃប្រទេសជប៉ុន ពោលគឺសំដៅទៅកោះ Okinawa និងទីក្រុង Kagoshima ជាមួយនឹងល្បឿនខ្យល់ប្រមាណ២២២គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋជប៉ុន N H K បានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់នៅអូគីណាវ៉ា ខណៈមនុស្សសរុបចំនួន ៤១ នាក់នៅក្នុងខេត្ត Okinawa និង Kagoshima បានរងរបួស។ ចំណែក អាកាសយានដ្ឋាន Naha ដែលមានទីតាំងនៅក្នុងរដ្ឋធានី Okinawa និងជាច្រកទ្វារដ៏សំខាន់សម្រាប់គោលដៅទេសចរណ៍ដ៏ពេញនិយមនោះ បានដំណើរការឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបិទអស់រយៈពេលពីរថ្ងៃ។ ក្រសួងដឹកជញ្ជូនជប៉ុនឱ្យដឹងថា ទោះយ៉ាងណា ជើងហោះហើរចំនួន ៣០៤ ត្រូវបានលុបចោល​ទាំងស្រុង។

បន្ថែមពីនេះ កោះតៃវ៉ាន់ឯណោះវិញត្រូវបានរាយការណ៍​មកថា ព្យុះទីហ្វុង Khanun ដែលកំពុងវាយប្រហារប្រទេសជប៉ុននេះ ក៏កំពងឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគឦសានតៃវ៉ាន់យឺតៗ ជាមួយនឹងល្បឿនខ្យល់អតិបរមា ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីក្រុងភាគខាងជើងរួមមាន New Taipei, Keelung, Yilan និងរដ្ឋធានី Taipei ផង នឹងបិទការធ្វើអាជីវកម្ម និងសាលារៀនជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍នេះ។ ទីផ្សារភាគហ៊ុន និងទីផ្សារប្តូរប្រាក់បរទេសរបស់តៃវ៉ាន់ក៏នឹងត្រូវបិទផងដែរ៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃបានដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត នាំឲ្យអត្រាប្រាក់កើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំ

ព័ត៌មាន
ដូចការគ្រោងទុកមែន នៅទីបំផុតធនាគារកណ្តាលរបស់ប្រទេសថៃបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន០.២៥%បន្ថែមទៀតឱ្យឡើងដល់អត្រា ២.២៥%នៅក្នុងកិច្ចប្រជុ…

ព្រលានយន្តហោះភ្នំពេញថ្មីនឹងដាក់ឲ្យដំណើរការយ៉ាងយូរនៅឆ្នាំ២០២៦ ខណៈបច្ចុប្បន្នសម្រេចបានការសាងសង់ជាង៥០%

ព័ត៌មាន
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនឹងដាក់ឲ្យដំណើរការដំណាក់កាលទី១យ៉ាងយូរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ