លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជឿជាក់ថា តាមរយៈវត្តមានរបស់ប្រេសិតពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី នៅកម្ពុជា នឹងអាចដោះស្រាយបញ្ហាឈ្លានពានរបស់ថៃ មកលើកម្ពុជា បានឆាប់រហ័ស ព្រោះចិន មានទំនាក់ទំនងជិតស្និទ្ធទាំងជាមួយកម្ពុជា និងថៃ។ អ្នកជំនាញរូបនេះជឿជាក់ថា ចិន ទំនងជាអាចផ្តល់យន្តការមួយចំនួន ដើម្បីឱ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់ដោយតម្លាភាព។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ទោះបីប្រេសិតពិសេសរបស់ចិន អាចបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ បានក៏ដោយ តែសកម្មភាពខុសច្បាប់របស់យោធាថៃ កន្លងមក ក៏មិនគួរបញ្ចប់បានងាយៗនោះដែរ។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហានេះត្រូវតែស្វែងរកអ្នកឈ្លានពានឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីបង្ហាញពីភាពយុត្តិធម៌ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ប្រទេសចិន នៅថ្ងៃទី១៨ ខែធ្នូ បានបញ្ជូនប្រេសិតពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី មកកាន់ប្រទេសកម្ពុជា និងថៃ ក្នុងបំណងតភ្ជាប់ទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីស្វែងរកបទឈប់បាញ់ និងសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បេសកកម្មរបស់ប្រេសិតពិសេសនេះ បានកើតឡើងស្របពេលការផ្ទុះអាវុធតាមព្រំដែនបង្កឡើងដោយយោធាថៃ មកលើកម្ពុជា បានឈានចូលដល់ថ្ងៃទី១២ហើយ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ នេះ៕
អត្ថបទ៖ បូ ដូឡា