អាកាសធាតុក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាភពផែនដី

២០២២ ជាឆ្នាំដែលមានអាកាសធាតុក្ដៅបំផុតលើកទី៥ នៃកំណត់ត្រាភពផែនដី


ឆ្នាំ២០២២គឺជាឆ្នាំដែលក្តៅជាងគេបំផុតជាលើកទី៥ មិនធ្លាប់មាននៅលើភពផែនដីយើងនេះ ក្នុងចំណោមឆ្នាំណាៗទាំងអស់ ដែលគេធ្លាប់កត់ត្រាទុក។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារអឺរ៉ុបសម្រាប់ការតាមដានការប្រែប្រួលអាកាសធាតុ ដែលបានចេញផ្សាររបាយការណ៍ថ្មីចុងក្រោយមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ កំដៅកើនឡើងខ្លាំងនេះ គឺជាផ្នែកមួយ នៃការប្រែប្រួលអាកាសធាតុនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមនុស្សនៅតែបន្តបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាច្រើនទៅក្នុងបរិយាកាស។
ពិភពលោកជួបប្រទះនឹងអាកាសធាតុក្តៅបំផុតមិនធ្លាប់មាន!

ក្រុម​អ្នក​ស្រាវ​ជ្រាវរបស់អឺរ៉ុប​ដដែលបាន​បានរក​​ឃើញទៀត​ថា រលកកម្ដៅខ្លាំងកាលពីឆ្នាំ២០២២ នៅតំបន់​អឺរ៉ុប តំបន់​អាស៊ី និង​សហរដ្ឋអាមេរិក គឺជាលទ្ធផល​ ដែលបានមកពីការដុតឥន្ធនៈហ្វូស៊ីល និងបញ្ចេញទៅក្នុងបរិយាកាស​អស់រយៈ​ពេល​ជាងមួយសតវត្ស​មកហើយ ទើបវា​​បាន​ជួយជំរុញ​ឱ្យមានកម្ដៅ​កើន​ឡើង​ខុស​ពី​ធម្មតាដូចនេះ។

ជាក់ស្តែង ទ្វីបអឺរ៉ុបបានជួប​ប្រទះ​រលកកំដៅដ៏សែន​ក្តៅបំផុតរបស់ខ្លួនក្នុង​ប្រវត្តិ​សាស្ត្រ​។ ដោយឡែក ប្រទេស​ប៉ាគីស្ថាន​បាន​ជួប​ប្រទះ​​គ្រោះមហន្តរាយ​​ទឹក​ជំនន់បណ្ដាល​មក​ពី​ការ​ធ្លាក់​​ភ្លៀង​ខ្លាំង​ ហើយ​​កាល​ពី​ខែកុម្ភៈឆ្នាំមុនទៀតសោត ទឹកកកនៅ​តំបន់​អង់តាក់ទិករលាយយ៉ាងច្រើន ដោយនៅសល់ក្នុងកម្រិតទាបបំផុត​​មិនធ្លាប់មាន ក្នុងរយៈពេល៤៤ឆ្នាំចុងក្រោយ បើគេប្រៀបធៀបរូបថតដែលផ្តិត​បានតាមរយៈផ្កាយរណប។

ភ្នាក់ងារអឺរ៉ុបសម្រាប់ការតាមដានការប្រែប្រួលអាកាសធាតុ បានរកឃើញទៀតថា មិនត្រឹមតែ​កាលពីឆ្នាំ ២០២២នោះទេ ប៉ុន្តែនៅ​៨ឆ្នាំមកនេះ ​ពិភពលោកបាន​​ជួបអាកាសធាតុក្តៅខ្លាំង មិនធ្លាប់​មាន​នៅក្នុងកំណត់ត្រា។ កាលពី​ឆ្នាំ២០១៦ ជាឆ្នាំដែល​​ជាប់ចំណាត់​ថ្នាក់​​លេខ១ ក្នុងនាមជាឆ្នាំ ដែលក្តៅខ្លាំងជាងគេ​បំផុត​ក្នុងពិភពលោក។ ជាមួយនឹង​អាកាសធាតុក្តៅខ្លាំង​ជារៀងរាល់ឆ្នាំ ភ្នាក់ងារអឺរ៉ុប​សម្រាប់ការតានដាន​ការប្រែប្រួលអាកាសធាតុ ព្រមានថាកំដៅផែនដីនឹងមិនចុះត្រជាក់មកវិញងាយៗឡើយ ហើយបើ​មាន​អាកាសធាតុចុះ​ត្រជាក់មកវិញមែន វានឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏កម្រទៅថ្ងៃអនាគត។​​

របាយការណ៍​របស់ទីភ្នាក់ងារ​អឺរ៉ុបបង្ហាញទៀតថា នៅមួយទសវត្សរ៍​ចុងក្រោយនេះ សីតុណ្ហភាពជាមធ្យម​នៅក្នុងពិភពលោក​បាន​កើនឡើង​ប្រមាណ១,១៤​អង្សារ បើប្រៀបធៀប​នឹង​សម័យមុនមានការវិវត្តនៃឧស្សាហកម្ម។ អង្គការ​សហប្រជាជាតិ​បាន​ព្រមានហើយថា ផែនដីរបស់យើងឡើង​កំដៅត្រឹម១,១៤​អង្សាសោះ ប៉ុន្តែផែនដីបាន​ជួបគ្រោះមហន្តរាយធម្មជាតិ​ បង្កការខូចខាត​ធ្ងន់ធ្ងរ​ប៉ុណ្ណឹងទៅហើយ ចុះប្រសិនបើថ្ងៃអនាគត ផែនដីនឹងឡើង​កំដៅ​បន្ថែមលើសនេះទៀត តើពិភពលោកនឹងត្រូវទៅជាយ៉ាងណា?

នៅចំពោះមុខបញ្ហាចោទទាំងនេះ ទីភ្នាក់ងារ​អឺរ៉ុប និងក្រុមការងារពាក់ព័ន្ធ ​បានទាមទារ​ឲ្យ​គេប្រញាប់​ចាត់វិធានការ​បន្ទាន់​ ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីជួយបញ្ចៀសសពិភពលោក​ពីគ្រោះមហន្តរាយធម្មជាតិ​។

កន្លងមក ប្រទេសធំៗមានការជួបប្រជុំគ្នា​ជារឿយៗ​ក្នុងការស្វែងរកដំណោះស្រាយ​បញ្ហាប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅភពផែនដីនេះ ប៉ុន្ដែ មកទល់ពេលនេះ​គេនៅមិនទាន់ឃើញមានដំណោះស្រាយអ្វីជាដុំកំភួន​នៅឡើយទេ ដ្បិតថាប្រទេសមហាអំណាចធំៗនៅតែមានការខ្វែងគំនិតគ្នា និងជាប់រវល់នឹងការប្រជែងឥទ្ធិពលភូមិសាស្ត្របាយ និងផលប្រយោជន៍សេដ្ឋកិច្ច៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនម៉ាកលំដាប់ពិភពលោក Zara និង H&M រងការចោទប្រកាន់ថា កេងប្រវ័ញ្ចកម្លាំងពលកម្មនៅប្រទេសបង់ក្លាដេស

ព័ត៌មាន
ការសិក្សាថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់លំដាប់ពិភពលោកមួយចំនួនរួមមានក្រុមហ៊ុន Zara, H&M និង GAP ជាដើម ត្រូវបានជាប់សង្…

តម្លៃប្រេងធ្លាក់ថ្លៃបន្តិចវិញ ដោយសារបារម្ភពីរបាយការណ៍អតិផរណាអាមេរិកនឹងចេញផ្សាយឆាប់ៗនេះ

ព័ត៌មាន
តម្លៃប្រេងឆៅភាគច្រើន ក្នុងថ្ងៃបើកជួញដូរនៃថ្ងៃព្រហស្បតិ៍ទី១២មករា មានការធ្លាក់ចុះបន្តិចវិញពីការជួញដូរកាលពីថ្ងៃទី ១១ខែមករា។ ការធ្លាក់ចុះនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ