ទោះយ៉ាងណា បច្ចុប្បន្ន គម្រោងរោងចក្រទី១របស់ក្រុមហ៊ុននេះ បានទិញដីនិងគ្រោងសាងសង់នៅក្នុងខេត្តពោធិ៍សាត់ កំពុងជាប់វិវាទក្ដីក្ដាំ ដោះស្រាយមិនទាន់ចេញនៅឡើយ។ ដ្បិតតែយ៉ាងនេះក៏ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យក្រុមហ៊ុននេះបង្កើតរោងចក្រទី១របស់ខ្លួនឲ្យបានឆាប់ និងឈានទៅពង្រីករោងចក្របន្តបន្ទាប់ទៀតឲ្យបាន៤កន្លែងនៅឆ្នាំនេះ។
ប៉ុន្ដែ ប្រធានក្រុមហ៊ុនចិនហុងកុងមួយនេះ ក៏បានស្នើនៅមុខរដ្ឋមន្ត្រីក្រសួងកសិកម្មថា សុំបង្កើតត្រឹមតែ ៣រោងចក្រសិនបានហើយក្នុងឆ្នាំ២០១៨នេះ ខណៈដែលរោងចក្រទី១ នឹងត្រូវបង្វែរទៅសាងសង់នៅខេត្តត្បូងឃ្មុំវិញ ក្រោយពីខាងក្រសួងកសិកម្មបានជួយស្វែងរកទីតាំងជូន។
បើតាមការអះអាងពីនាយកប្រតិបត្តិក្រុមហ៊ុន Green Leader Holdings Group Limited គឺលោក Michael Tse បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន នាពេលកន្លងមក ឃើញថា កម្ពុជាមានសមត្ថភាពក្នុងការផលិតដំឡូងមីបានក្នុងបរិមាណច្រើន ប៉ុន្ដែ កម្ពុជានៅមានភាពខ្វះខាតមួយចំនួនលើផ្នែកបច្ចេកទេសដាំដុះ។ ដូច្នេះហើយ ទើបក្រុមហ៊ុន Green Leader នឹងជួយកសិករខ្មែរ តាំងពីការដាំដុះ ថែទាំ រហូតដល់ការប្រមូលផលលក់លើទីផ្សារ ដោយមានផ្ដល់នូវជំនួយបច្ចេកទេស និងមានការផ្ដល់ទុនកម្ចី អត្រាការប្រាក់ទាបសម្រាប់កសិករប្រមាណតែ ៦ ទៅ ៨% ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
លោក Michael បន្ថែមថា រោងចក្រទី១នឹងត្រូវសាងសង់ឡើងឆាប់ៗនេះ នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលរោងចក្រនីមួយៗត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ២០ហិកតា ជាមួយនឹងទុនវិនិយោគខ្ទង់ ២០លានដុល្លារ ខណៈដែលរោងចក្របន្ទាប់ទៀត អាចនឹងសាងសង់ឡើងនៅខេត្តត្បូងឃ្មុំដដែល ហើយអាចនឹងសាងសង់នៅស្រុកស្នួល ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ពោធិ៍សាត់ និងមណ្ឌលគិរី ជាដើម ក្រោមការចង្អុលបង្ហាញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបានលើកឡើងយ៉ាងដូច្នេះថា ឥឡូវនេះ ក្រសួងកសិកម្មបានជួយរកទីតាំងឲ្យក្រុមហ៊ុនបានរួចរាល់ហើយ គឺនៅខេត្តត្បូងឃ្មុំ ហើយខាងក្រុមហ៊ុនលោកក៏បានសម្រេចជ្រើសយកទីតាំងនោះដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Green Leader កំពុងជីកអណ្ដូងដើម្បីរកប្រភពទឹក និងធ្វើឲ្យប្រាកដថា ទីនោះមានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់លើដំណើរការកែច្នៃរបស់រោងចក្រ។ បើសិនជាប្រភពទឹកនៅទីនោះមានគ្រប់គ្រាន់តាមតម្រូវការ នោះនឹងត្រូវចាប់ផ្ដើមសាងសង់រោងចក្រតែម្ដង ពោល គឺអាចថា នឹងចាប់ផ្ដើមនៅចុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ។
បើតាមការគូសបញ្ជាក់ពីលោក Michael ការសាងសង់រោងចក្រនេះ អាចនឹងចំណាយពេលប្រមាណតែ៩ខែប៉ុណ្ណោះ ដូច្នេះ បើមិនមានអ្វីប្រែប្រួលទេ រោងចក្រកែច្នៃដំឡូងមីទី១នៅខេត្តត្បូងឃ្មុំនេះ នឹងអាចបើកដំណើរការរោងចក្រនៅចុងឆ្នាំ២០១៨ ខណៈដែលរោងចក្រពីរទៀត ក៏នឹងត្រូវសាងសង់នៅឆ្នាំនេះដែរ និងបន្តពង្រីកជាបន្តបន្ទាប់ឲ្យបានដល់ ២០រោងចក្រក្នុងរយៈពេល ៥ឆ្នាំ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា នៅពេលដែលរោងចក្រទាំង២០របស់ក្រុមហ៊ុនចិន Green Leader ត្រូវបានបង្កើតឡើងមែននោះ នឹងជួយសម្រួលបានច្រើនដល់ទីផ្សារដំឡូងមីកម្ពុជា ខណៈដែលរោងចក្រនីមួយៗក្នុងមួយឆ្នាំៗ អាចមានសមត្ថភាពបញ្ជាទិញដំឡូងមីស្រស់ ពីកសិករបានប្រមាណកន្លះលានតោន និងអាចកែច្នៃធ្វើម្សៅមីបាន ១០ម៉ឺនតោន កែច្នៃចំណីសត្វ ៥ម៉ឺនតោន និងកាកសំណល់ ក៏ត្រូវបានយកប្រើប្រាស់ជាប្រយោជន៍ផ្សេងទៀតផងដែរ។
បើតាមការគូសបញ្ជាក់ពីឯកឧត្តម វេង សាខុន មកទល់ពេលនេះ ក្រុមហ៊ុននេះបាននិងកំពុងដឹកជញ្ជូនគ្រឿងយន្ដកសិកម្មប្រមាណ ១០០គ្រឿងមកដល់កម្ពុជារួចហើយ ព្រមជាមួយសម្ភារៈមួយចំនួនសម្រាប់សាងសង់ និងប្រើប្រាស់ក្នុងរោងចក្រក៏បានដឹកមកដល់កម្ពុជារួចទៅហើយដែរ។
ឯកឧត្តមបានបន្ថែមទៀតថា ក្រុមហ៊ុននេះក៏បានទទួលកម្ចីពីធនាគារបរទេសរួចរាល់ហើយ ដើម្បីត្រៀមយកមកប្រើប្រាស់លើការសាងសង់រោងចក្រ ដូច្នេះ ទោះបីពួកគេមិនទាន់បានធ្វើរោងចក្រ ក៏ត្រូវខាងធនាគារគិតការប្រាក់រួចទៅហើយ ដូច្នេះ ចង់ ឬមិនចង់ ពួកគេនឹងត្រូវជំរុញការអភិវឌ្ឍនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ពិសេស ការសាងសង់បង្កើតរោងចក្រ និងកែច្នៃដំឡូងមីនៅកម្ពុជាឲ្យបានលឿនបំផុត។
សូមជម្រាបថា បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម បច្ចុប្បន្ន ទីផ្សារដំឡូងមីនៅឆ្នាំនេះ មានភាពល្អប្រសើរច្រើនសម្រាប់កសិករ ពោលគឺតម្លៃដំឡូងមីស្រស់មានប្រមាណ ៣៤០រៀលក្នុង១គីឡូក្រាម ខណៈដែលឆ្នាំមុន មានតែជាង ១០០រៀលប៉ុណ្ណោះ។ ជាមួយគ្នានេះ ការដាំដុះដំឡូងមីរបស់កម្ពុជា មានប្រមាណ១៤លានតោនក្នុងមួយឆ្នាំ លើផ្ទៃដីជាង ៧០ម៉ឺនហិកតា ខណៈដែលរោងចក្រកែច្នៃដំឡូងមីមានប្រមាណតែ ៤រោងចក្រប៉ុណ្ណោះ ក្នុងនោះក៏មានរោងចក្រខ្លះក៏កំពុងប្រឈមនឹងការក្ស័យធនផងដែរ។ ដូច្នេះ កម្ពុជាត្រូវការរោងចក្រកែច្នៃជាច្រើនទៀតដើម្បីកែច្នៃ និងនាំចេញ៕