សហគ្រិន​ស្ត្រី

១០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ដ្រី​ខ្មែរ​ចេះ​រក​ស៊ី​ច្រើន​ជាង​មុន


ស្រ្តី​ខ្មែរ ដែល​ចូលចិត្ត​ធ្វើ​ស្រែ​ចម្ការ​និង​ការងារ​ថែទាំ​គ្រួសារ​នៅ​ពេល​កន្លង​មក បាន​​អភិវឌ្ឍ​ខ្លួន​ចេញ​មក​បង្កើត​អាជីវកម្មកាន់​តែ​​ច្រើន​ឡើងៗ នៅ​ក្នុង​រយៈពេល​​១០​ឆ្នាំ​​ចុង​ក្រោយ​នេះ។
សហគ្រិន​ស្ត្រី​កម្ពុជា​ថតរូប​ជុំគ្នា​ជា​អនុស្សាវរីយ៍។ រូបភាព៖ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា
ដោយ

ឧកញ៉ា កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្រ្ដី​កម្ពុជា ដែល​មាន​សមាជិក​ជាង ៥០០​ក្រុមហ៊ុន មាន​ប្រសាសន៍​ថា មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ នៅ​តាម​ផ្សារ​និង​ផ្លូវ​តូច​ផ្លូវ​ធំ ពលរដ្ឋខ្មែរ ជា​ពិសេស ស្រ្តីខ្មែរ បាន​សង្វាត​ធ្វើ​អាជីវកម្ម ទាំង​ខ្នាត​តូច និង​ខ្នាត​មធ្យម ច្រើន​ឡើងៗ។ 

ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​សារព័ត៌មាន ខេមបូណូមីស លោក​ជំទាវ​ឧកញ៉ា កែវ មុំ បាន​ថ្លែង​ថា បច្ចុប្បន្ន សហគ្រិន​កម្ពុជា​មាន​ជាង ៥០​ម៉ឺន​នាក់ ក្នុង​នោះ ស្ត្រី​មាន ៦០​ភាគរយ ស្មើ​ជាង​៣០​ម៉ឺន​​នាក់។

លោក​ជំទាវ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ពី​មុន ស្រ្តី​ច្រើន​តែ​លក់​ដូរ​តាម​ផ្សារ និង​ធ្វើការ​ក្នុង​ផ្ទះ ដែល​ធ្វើ​ឲ្យ​ពួកគាត់​រវល់ ពិបាក​ពង្រីក​អាជីវកម្ម​ណាស់។ ប៉ុន្តែ បច្ចុប្បន្ន រដ្ឋាភិបាល បាន​បង្កើត​គោល​នយោបាយ យែនឌ័រ ដែល​បាន​លាង​ផ្នត់​គំនិត​បុរស​ឲ្យ​ចេះ​ជួយ​ការងារ​ផ្ទះ​ខ្លះ ហើយ​ស្រ្តី​មាន​ពេល​វេលា ទៅ​សិក្សា​រៀនសូត្រ​យក​បទ​ពិសោធន៍​ ដើម្បី​ពង្រឹង​និង​ពង្រីក​អាជីវកម្ម​របស់​គាត់»។

​ឧកញ៉ា កែវ មុំ អគ្គនាយក​​ក្រុមហ៊ុន លីលី ផលិត​នំ​ស្រួយ។ (ហេង ភារម្យ)

តាម​ពិត​ទៅ ក្នុង​វិស័យ​ជំនួញ ស្រ្តី​ធ្វើការ​បាន​ល្អិត​ល្អន់ និង​មាន​ភាព​តស៊ូ​អត់​ធ្មត់​ជាង​បុរស។ នេះ​ជា​ការ​បញ្ជាក់​របស់​ឧកញ៉ា កែវ មុំ អគ្គនាយក​​ក្រុមហ៊ុន លីលី ផលិត​នំ​ស្រួយ។

លោក​ជំទាវ​បន្ត​ថា៖ «ហើយ​បើ​សិន​ពួកគេ​មាន​ចំណេះដឹង​កាន់​តែ​ច្រើន ខ្ញុំ​ជឿ​ថា ការ​ចូល​ក្នុង​ការ​អភិវឌ្ឍ​គ្រួសារ និង​សង្គម គឺ​កាន់​តែ​លឿន»។ 

លោក​​ជំទាវ​បន្ថែម​ថា តាម​ការ​ស្រាវជ្រាវ​របស់​ប្រទេស​ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ជាដើម បាន​បង្ហាញ​ថា ស្ថាប័ន​ណា​ដែល​មាន​ស្រ្តី​ចូលរួម​កាន់​ច្រើន ស្ថាប័ន​នោះ​រីក​ចម្រើន​លឿន។

បើទោះបី​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SME) បាន​រីក​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ក្តី ប៉ុន្តែ SME ដែល​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ បាន​និង​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន ផងដែរ។  

SME មាន​បញ្ហា​ខ្វះ​ថវិកា​ក្នុង​ការ​ពង្រីក​អាជីវកម្ម 

តាម​ពិត​នៅ​កម្ពុជា មិនខ្វះទេ អ្នក​ឲ្យ​លុយ​ខ្ចី ប៉ុន្តែ តើ SME មាន​លទ្ធភាព​ខ្ចី​ឬ​ទេ? ធនាគារ គេ​ផ្តល់​ប្រាក់​កម្ចី ទាល់តែ​មាន​ប្លង់​ដី ឬ​ផ្ទះ​ដែល​ជា​ទ្រព្យ​ដាក់​បញ្ចាំ។ ទោះ​បី​យើង​មាន​ទ្រព្យ​បញ្ចាំ​ក៏​ដោយ អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ភាគច្រើន កត់ត្រា​ដោយ​ដៃ ពោលគឺ​អត់​មាន​បញ្ជី​ច្បាស់​លាស់​កត់​ត្រា​ចំណូល​ចំណាយ  និង​ប្រាក់​ចំណេញ ដែល​ធ្វើ​ឲ្យ​ធនាគារ​ក៏​ពិបាក​ឲ្យ​ខ្ចី​ដែរ។ 

ធនាគារ គេ​គិត​ថា ការ​មិន​មាន​កត់ត្រា​ច្បាស់​លាស់ អាច​មាន​ហានិភ័យ​បាត់បង់​សាច់​ប្រាក់​របស់​ពួកគេ​មាន​កម្រិត​ខ្ពស់។ ករណី​នេះ បើ​គេ​ឲ្យ​ខ្ចី ក៏​គេ​គិត​ការ​ប្រាក់​ខ្ពស់​ដែរ។ លើស​ពី​នេះ ភាព​គ្មាន​បញ្ជី​កត់ត្រា​ត្រឹម​ត្រូវ​នេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុង​ការ​សហការ​ចាប់​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ផង​ដែរ។

បញ្ហា​បច្ចេក​វិទ្យា ដែល​ស្រ្តី​តាម​មិន​ទាន់ ក៏​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​ដែរ 

ដ្បិត​អាជីវកម្ម​សព្វ​ថ្ងៃ ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​ច្រើន ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង។ ចំណុច​នេះ SME នៅ​ខ្វះខាត​នៅ​ឡើយ។ លោក​ជំទាវ ឧកញ៉ា កែវ មុំ បន្ត​ថា កន្លង​មក សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្ដីពី៖ «ភ្ញាស់​អាជីវកម្ម» ដល់​សមាជិក និង​សិស្ស​និស្សិត ដើម្បី​ឲ្យ​ពួកគេ​មាន​ចំណេះដឹង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឲ្យ​ទទួល​បាន​ជោគជ័យ។

ទន្ទឹម​គ្នា​នេះ នៅ​ឆ្នាំ​២០១៨​នេះ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង (MoU) ជាមួយ​ស្ថាប័ន​ជាង១០ ដើម្បី​ទទួល​បាន​ថវិកា​សម្រាប់​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ដល់​សមាជិក ពីព្រោះ អាជីវកម្ម​រីក​ចម្រើន​បាន ទាល់តែ​សហគ្រិន​មាន​ចំណេះដឹង​គ្រប់គ្រង​ហិរញ្ញវត្ថុ  គ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​ទីផ្សារ និង​ការ​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម។ ដូច្នេះ ការបណ្តុះ​បណ្តាល​នេះ នឹង​​ជួយ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ ដែល​ជា​ស្ពាន​មួយ​ឲ្យ​ពួកគេ​មាន​លទ្ធភាព​អាច​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់​តែ​រឹងមាំ​ទាំង​នៅ​ពេល​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​អនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ចិន​ហុងកុង​មួយ​គ្រោង​បើក​រោងចក្រ​កែច្នៃ​ដំឡូង​មី ២០​កន្លែង​នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Green Leader Holdings Group Limited ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួង​កសិកម្ម រុ…

រាជ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​គ្រប់គ្រង​អចលនវត្ថុ​សហកម្ម​សិទ្ធិ ត្រូវ​មក​ស្នើ​សុំ​អាជ្ញាប័ណ្ណ

ព័ត៌មាន
ទោះ​បី​ជា​នា​ពេល​កន្លង​មក មាន​ការ​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​គ្រប់គ្រង​អចលនវត្ថុ​សហ​កម្មសិទ្ធិ ដូចជា ខុនដូ អាផាតមិន និង​បុរី ជាដើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ