
ថ្លែងក្នុងពិធីបើកក្បួនព្យុហយាត្រាយោធាធ៏ធំមិនធ្លាប់មាន ដែលមានការបង្ហាញសព្វាវុធយុទ្ធសាស្ត្រទំនើបៗរួមទាំងអាវុធនុយក្លេអ៊ែ ដែលអាចវាយប្រហារទាំងនៅលើដី ទឹក និងអាកាសនៅព្រឹកថ្ងៃទី៣ ខែកញ្ញា កំពូលមេដឹកនាំចិន លោក ស៊ី ជីនពីង បានលើកឡើងថា មនុស្សជាតិបច្ចុប្បន្ននេះ កំពុងប្រឈមមុខនឹងជម្រើសពីរ គឺសន្តិភាព និងសង្រ្គាម។ ប៉ុន្តែចិននឹងប្តេជ្ញាធ្វើអ្វី ដែលផ្តល់ផលប្រយោជន៍រួមគ្នាទៅថ្ងៃអនាគត។
លោក ស៊ី បានសង្កត់ធ្ងន់ថា ដើម្បីការពារសន្តិសុខ និងសន្តិភាព ព្រមទាំងសោកនាដកម្មមិនឱ្យកើតមានឡើងវិញនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ពិភពលោកចាំបាច់គួរចេះផ្តល់តម្លៃឱ្យគ្នា និងរស់នៅដោយសុខដុមរមនា និងជួយគាំទ្រគ្នាទៅវិញទៅមក។ លោកបានបន្តថា បច្ចុប្បន្នមនុស្សជាតិ ត្រូវប្រឈមមុខនឹងជម្រើសសន្តិភាព ឬសង្រ្គាម ការសន្ទនា ឬការប្រឈមមុខដាក់គ្នា និងទទួលលទ្ធផលឈ្នះឈ្នះ។
ទន្ទឹមនឹងនេះ បុរសខ្លាំងរដ្ឋចិន បានអះអាងថា ប្រជាជនចិននឹងឈរយ៉ាងរឹងមាំលើមាគ៌ា ដើម្បីវឌ្ឍនភាពរបស់មនុស្សជាតិ ប្រកាន់ខ្ជាប់នូវមាគ៌ា នៃការអភិវឌ្ឍន៍ដោយសន្តិភាព និងរួមដៃគ្នាជាមួយពិភពលោក ដើម្បីកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
ការប្រារព្ធខួប៨០ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនចិន តស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក និងការដើរព្យុហយាត្រយោធាដ៏ធំនៅទីក្រុងប៉េកាំង មានការចូលរួមពីលោក វ៉ា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ព្រះមហាក្សត្រកម្ពុជា មេដឹកនាំឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី និងតំណាងរដ្ឋាភិបាលសិង្ហបុរី ជាដើម៕
ដោយៈ សរ សុជាតិ