ពិធីបុណ្យភ្ជុំបិណ្ឌ

តើការចំណាយរបស់ពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ អាចរួមចំណែកសំខាន់បែបណាដល់ដំណើរការសេដ្ឋកិច្ច?


ការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចបានកើតមានឡើងស្ទើរតែគ្រប់បណ្ដាប្រទេសនៅលើពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ ទោះមានការប្រឈមបែបនេះក្ដី តែសកម្មភាពចំណាយរបស់ពលរដ្ឋខ្មែរក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ត្រូវបានអ្នកជំនាញសង្កេតឃើញថា នៅតែមានសកម្មភាពដដែល ប៉ុន្តែអាចនឹងមានការកាត់បន្ថយលើកត្តាមិនចំបាច់មួយចំនួន។
ពិធីបុណ្យភ្ជុំបិណ្ឌ
ដោយ

នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកជំនាញបានប៉ាន់ស្មានថា ពលរដ្ឋម្នាក់អាចចំណាយថវិកាចន្លោះពី១៥០ដុល្លារ ទៅ១៧០ដុល្លារ ឬអាចវាយតម្លៃជារួមបានថា ការចំណាយរបស់ពលរដ្ឋអាចមានប្រមាណពី៣៥០លាន ដល់៥០០លានដុល្លារ ឬច្រើនជាងនេះ។ តើការចំណាយរបស់ពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ អាចរួមចំណែកបែបណាដល់ដំណើរការសេដ្ឋកិច្ច?

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា កត់សម្គាល់ឃើញថា ទោះបីបញ្ហាភាពមិនច្បាស់នៃសេដ្ឋកិច្ចបានបង្កការលំបាកដល់ពលរដ្ឋខ្មែរ តែពលរដ្ឋពុំដែលចោលទំនៀមទម្លាប់ប្រពៃណីខ្មែរនោះទេ។ ជាក់ស្តែងនៅក្នុងពិធីកាន់បិណ្ឌជាងមួយសប្តាហ៍កន្លងមកនេះ លោកសង្កេតឃើញថា មានពលរដ្ឋជាច្រើនតែងធ្វើតាមទម្លាប់ដោយបាននាំយកចង្ហាន់ និងទេយ្យទាននានាទៅប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តនានា ទូទាំងប្រទេស។ ទន្ទឹមនឹងការទៅវត្តនេះ ពួកគេព្រមទាំងក្រុមគ្រួសារនឹងឆ្លៀតឱកាសដើរកម្សាន្តនៅតាមតំបន់សមុទ្រ ឬទីតាំងទេសចរណ៍តាមបណ្ដាខេត្តនានា ដែលវានឹងក្លាយជាចលនាដ៏សំខាន់មួយសម្រា​ប់វិស័យទេសចរណ៍។ អ្នកជំនាញរូបនេះវាយតម្លៃថា ពលរដ្ឋម្នាក់អាចចំណាយថវិកាជាមធ្យមចន្លោះពី១៥០ដុល្លារ ទៅ១៧០ដុល្លារ នៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ។ បើតាមអ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល១៥ថ្ងៃ គឺបានជួយទ្រទ្រង់ដល់សេដ្ឋកិច្ចមូលដ្ឋានបានមួយចំនួនធំផងដែរ។

​ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ពលរដ្ឋមួយចំនួនទំនងជាអាចនឹងកាត់បន្ថយលើការចំណាយខ្លះ តាមរយៈការកាត់បន្ថយលើការធ្វើដំណើរផ្លូវឆ្ងាយ ឬស្នាក់នៅយូរថ្ងៃជាដើម។ តែយ៉ាងណា លោកលើកឡើងថា អ្នកធ្វើដំណើរនៅក្នុងរយៈចម្ងាយជិតអាចនឹងមានចំនួនច្រើន ដែលវាជាចលនាសំខាន់មួយសម្រាប់សេដ្ឋកិច្ច។ ទោះមិនទាន់មានការស្រាវជ្រាវលើការចំណាយរបស់ពលរដ្ឋនៅក្នុងរដូវបុណ្យភ្ជុំក៏ដោយ ប៉ុន្តែប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះបានប៉ាន់ស្មានថា ពលរដ្ឋខ្មែរទាំងមូលអាចនឹងចំណាយថវិកាសរុបចន្លោះពី៣៥០លានដល់៥០០លានដុល្លារ នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

​ជាមួយគ្នានេះ លោក យង់ គិមអេង បានលើកឡើងថា ប្រសិនបើមានការលើកទឹកចិត្តដល់ពលរដ្ឋឱ្យមានការធ្វើដំណើរកាន់តែច្រើន នោះចលនាសេដ្ឋកិច្ចនឹងកើតមានកាន់តែច្រើនទៅតាមនោះដែរ ខណៈការផ្ដល់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងមិនគិតប្រាក់ដល់ពលរដ្ឋនៅឱកាសបុណ្យភ្ជុំបិណ្ឌ ក៏ជាការរួមចំណែកដល់ការលើកទឹកចិត្តមួយផ្នែកដែរ ហើយប្រសិនបើរដ្ឋាភិបាល លើកទឹកចិត្តដោយគិតគូរបញ្ចុះតម្លៃប្រេងឥន្ធនៈបន្ថែមទៀតនោះនឹងក្លាយជាការជំរុញឱ្យពលរដ្ឋធ្វើដំណើរកាន់តែច្រើន ហើយចង់ឬមិនចង់ គឺចលនានៃការចាយវាយនឹងកើនឡើងថែមមួយកម្រិតទៀត ខណៈចលនានេះអាចនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានកំណើន ដោយសាររដ្ឋនឹងទទួលចំណូលមកវិញតាមរយៈការប្រមូលពន្ធ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រុមហ៊ុន អ អិម អេ ខេមបូឌា បង្ហាញជាផ្លូវការត្រាក់ទ័រចនឌារកម្លាំងសេះធំ 195សេះ និង370សេះ ដែលតំណាងឱ្យភាពស៊ីវិល័យ និងភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាកសិម្មសម័យទំនើប

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម បានធ្វើពិធីបង្ហាញជាផ្លូវការត្រាក់ទ័រ ចនឌារម៉ូដែលថ្មីពីរ គឺម៉ូដែល 6195M ក…

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កេតឃើញថា បំបែកសាច់បង្កកនៅតែត្រូវបានលួចនាំចូល និងស្នើឱ្យអាជ្ញាធរបបង្កើនការទប់ស្កាត់ឱ្យបានតឹងរ៉ឹង

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ