សញ្ជាតូបនីយកម្ម

អ្នកជំនាញរំពឹងច្បាប់ផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដែលទើបដាក់ចេញថ្មីៗ នឹងក្លាយជាមេដែកក្នុងការស្រូបទាញមូលធន និងការវិនិយោគ


ជនបរទេសដែលបានចុះបញ្ជីវិនិយោគត្រឹមត្រូវតាមច្បាប់ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនឹងមានសិទ្ធិស្នើសុំចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្ម ប្រសិនបើពួកគេបានបោះទុនវិនិយោគជាក់ស្តែងចាប់ពី៤ប៊ីលានរៀល ឬប្រមាណ១លានដុល្លារឡើងទៅ។ ជាមួយគ្នានេះ ក៏បានផ្តល់ឱ្យជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅកម្ពុជាចាប់ពី១,២០០លានរៀល ឬប្រមាណ៣លានដុល្លារឡើងទៅ អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូនីយកម្មបានផងដែរ។
សញ្ជាតូបនីយកម្ម
ដោយ

អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកយន្តការនេះថា ជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការស្រូបទាញមូលធន និងធនធានមនុស្សពីក្រៅប្រទេស។ តើគោលនយោបាយនេះនឹងផ្តល់ផលចំណេញកម្រិតណា ហើយតើកម្ពុជា ត្រូវត្រៀមលក្ខណៈបែបណាដើម្បីគ្រប់គ្រងហានិភ័យ?

លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការរៀបចំអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់សញ្ជាតិនេះ គឺជាជំហានដ៏ត្រឹមត្រូវស្របតាមនិន្នាការសកល ដែលប្រទេសអភិវឌ្ឍន៍ជាច្រើនបានអនុវត្តរួចមកហើយ។ លោកបណ្ឌិតជឿជាក់ថា តាមរយៈគោលនយោបាយនេះវានឹងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេស ដែលកំពុងរកស៊ីនៅកម្ពុជាឱ្យមានអារម្មណ៍កក់ក្តៅ និងមានសិទ្ធិពេញលេញក្នុងការកាន់កាប់អចលនទ្រព្យ ឬពង្រីកអាជីវកម្មដោយគ្មានការរំខាន។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះក៏បានផ្តល់ជាយោបល់ឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យប្រភពថវិកាឱ្យបានហ្មត់ចត់ ដើម្បីបង្ការការហូរចូលនូវលុយកខ្វក់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ។

ស្រដៀងគ្នានេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា យន្តការផ្តល់សញ្ជាតិដល់វិនិយោគិនបរទេសរបស់រាជរដ្ឋាភិបាលនេះ គឺជាយុទ្ធសាស្រ្តដើម្បីកៀរគរថវិកា និងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ សម្រាប់អ្នកជំនាញរូបនេះ ការផ្តល់សញ្ជាតិដល់ជនបរទេស ដែលមានធនធានមិនត្រឹមតែនាំមកនូវលំហូរមូលធនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងស្រុកទៀតផង។ ប៉ុន្តែ លោកស្នើឱ្យរាជរដ្ឋាភិបាល ត្រួតពិនិត្យប្រវត្តិរូប និងសាវតារវិនិយោគឱ្យបានច្បាស់លាស់ ដើម្បីធានាថា អ្នកដែលទទួលបានសញ្ជាតិ គឺជាអ្នកវិនិយោគស្អាតស្អំ និងមានបំណងល្អពិតប្រាកដចំពោះការអភិវឌ្ឍជាតិ។ ការចូលសញ្ជាតិតាមលក្ខខណ្ឌច្បាស់លាស់ត្រូវបានអ្នកជំនាញរូបនេះ យល់ថានឹងបង្កភាពងាយស្រួលដល់ជនបរទេសដែលមានធនធាន ហើយនឹងរួមចំណែកក្នុងការបង្កើតការងារបន្ថែមដល់ពលរដ្ឋផងដែរ។ តែយ៉ាងណា លោក យង់ គឹមអេង បារម្ភថា ប្រសិនបើមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវលើប្រវត្តិរូប ការវិនិយោគ និងប្រភពថវិការបស់ជនបរទេសដែលចង់ចូលសញ្ជាតិឱ្យបានច្បាស់លាស់ទេ នោះនឹងបង្កផលប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

បើយោងតាមអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ជនបរទេសណាដែលបានទទួលការអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ច ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម បាន តែត្រូវចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅកម្ពុជាចាប់ពី៤ប៊ីលានរៀលឡើងទៅ និងមានការវិនិយោគស្ថិតនៅក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅកម្ពុជាចាប់ពី១,២០០លានរៀល ឬប្រមាណ៣លានដុល្លារឡើងទៅ ក៏អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូនីយកម្មបានផងដែរ។ យន្តការនេះត្រូវបានរំពឹងថា នឹងក្លាយជាឧបករណ៍សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពមួយក្នុងការប្រកួតប្រជែងទាក់ទាញវិនិយោគិនក្នុងតំបន់ ស្របពេលដែលកម្ពុជាកំពុងខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នាពេលអនាគត៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ប្រសិនបើអាម៉េរិក មានវិវាទពាណិជ្ជកម្មជាមួយអឺរ៉ុប តើវាអាចជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារទាំងពីរយ៉ាងណាដែរ?

​​ភាពតានតឹងនៃជម្លោះពាណិជ្ជកម្មកម្មរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅមួយរយៈពេលចុងក្រោយនេះ បានក្លាយជាប្រធានបទ និងបង្កជាក្តីបារម្ភសម្រាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ