លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាលើកឡើងថា ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ក្រុងថ្មីរបស់រាជរដ្ឋាភិបានេះ នឹងផ្តល់ប្រយោជន៍ដ៏សំខាន់ក្នុងការធ្វើឲ្យមានប្រសិទ្ធភាពដល់ការធ្វើចរាចរណ៍ និងអាចបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងទីក្រុង និង កាន់តែធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួលជាងមុន។
លោក ស៊ិន ចន្ធី បានបញ្ជាក់អះអាងថា៖ «កាលណាមានផ្លូវគឺមានក្តីសង្ឃឹម នេះជាចំណុចគោល ដូច្នេះ កាលណាយើងស្ថាបនាផ្លូវក្រវាត់ក្រុងផ្លូវលេខ ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៥ នេះហើយ តំបន់នេះនឹងមានចរន្តសេដ្ឋកិច្ចកើនឡើង ពិសេសគឺតំបន់ចំណុចប្រសព្វត្រង់បាត់ដឹង ខណៈបច្ចុប្បន្នការវិនិយោគគម្រោងផ្លូវរថភ្លើង និងការវិនិយោគផែស្ងួតសម្រាប់ទុកដាក់ទំនិញក៏កំពុងតែធ្វើការអភិវឌ្ឍ យ៉ាងខ្លាំងក្លាដែរ ដូច្នេះខ្ញុំគិតថា ត្រង់ចំណុចនេះ គឺប្រសើរសម្រាប់សេដ្ឋកិច្ចនិងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា»។
តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវដីនិងផ្លូវរថភ្លើងនេះ នឹងធ្វើឲ្យមានសកម្មភាពសេដ្ឋកិច្ចកាន់តែល្អ ប៉ុន្តែ សម្រាប់បច្ចុប្បន្ន និងរយៈពេលខ្លីខាងមុខ ការដឹកជញ្ជូនតាមផ្លូវទឹកនៅតែមានសក្តានុពលដដែល ខណៈការដឹកជញ្ជូនតាមផ្លូវគោកមានបញ្ហាច្រើន និងថ្លៃដឹកជញ្ជូនខ្ពស់ដដែល។
ពាក់ព័ន្ធទៅនឹងប្រព័ន្ធដឹកជញ្ជូននេះដែរ កាលពីពេលថ្មីៗនេះ ឯកឧត្តម វង្សី វុស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងថា ប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជានឹងកាន់តែល្អប្រសើរ នៅពេលខាងមុខដ៏ខ្លីនេះ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតសម្រាប់ការដឹកជញ្ជូនទំនិញដំណើរការសាងសង់ជិតរួចរាល់ជាស្ថាពរហើយដែលនឹងធ្វើឲ្យថ្លៃសេវាដឹកជញ្ជូននឹងចុះថោកជាងមុន៕