![ឯកឧត្តម វង្សី វិស្សុត](https://cdn.cambonomist.com/media/images/smtchthbtnykrdthmntr_nhchnhchthbtb.2e16d0ba.fill-960x540.jpg)
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ក្នុងការដ្ឋានលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងអភិបាលកិច្ច ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្មនូវអនុសាសន៍គន្លឹះមុតស្រួចទាំង៨ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលេចអំពីសារៈសំខាន់នៃការរួមគ្នាពិនិត្យឡើងវិញអំពីផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដើម្បីរួមចំណែកលើកកម្ពស់ឱ្យកាន់តែមានភាពប្រសើរឡើងនូវស្ថានភាព ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ។
![IMG_0128](https://cdn.cambonomist.com/media/images/IMG_0128.original.jpg)
![IMG_3337](https://cdn.cambonomist.com/media/images/IMG_3337.original.jpg)
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចបានវឌ្ឍនភាពការងារ និងសមិទ្ធផលគន្លឹះទាំង៨ របស់ក្រសួងកិច្ចការនារី ពិសេសចំពោះការទទួលបាននូវពានរង្វាន់សរុបចំនួន៣ ដោយក្នុងនោះ ទទួលបានពានរង្វាន់ចំនួន២ លើគោលនយោបាយសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព (Care Policy Ecosystem)។ ពាន់រង្វាន់មួយទៀត គឺពានរង្វាន់សកលថ្នាក់ក្រសួង លើគម្រោងដែលមានកម្មវិបាក (Impact) និងសេដ្ឋកិច្ចវិជ្ជមានចំពោះស្ត្រីនិងក្មេងស្រីរស់នៅតាមជនបទ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ទាំងនៅក្នុងកម្រិតតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
![DSC03878](https://cdn.cambonomist.com/media/images/DSC03878.original.jpg)
![DSC03947](https://cdn.cambonomist.com/media/images/DSC03947.original.jpg)
![DSC03891](https://cdn.cambonomist.com/media/images/DSC03891.original.jpg)
ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តនិងផ្តល់នូវអនុសាសន៍៦ចំណុច ជូនដល់ក្រសួងកិច្ចការនារី ក្នុងនោះរួមមាន៖ ទី១.លើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តអនុវត្តប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ នូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយជាតិ និងតាមវិស័យ។ ទី២.បន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់សហគ្រិននិងអាជិវករជាស្ត្រី តាមរយៈការអភិវឌ្ឍជំនាញ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្វែងរកទីផ្សារ និងគាំទ្រដល់ស្រ្តី ដែលកំពុងប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរស់នៅតាមទីជនបទ។ ទី៣.បន្តចូលរួមជំរុញការអនុវត្តក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព តាមរយៈការពង្រឹងនិងពង្រីកកម្មវិធីនិងវិធានការគោលនយោបាយតាមវិស័យរបស់ខ្លួន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ។ ទី៤.បន្តចូលរួមដោះស្រាយបញ្ហាគម្លាតយេនឌ័រក្នុងវិស័យឌីជីថល រួមទាំងការបង្កើនតួនាទីស្រ្តីនៅក្នុងវិស័យឌីជីថល និងយកចិត្តទុកដាក់លើកិច្ចការពារសុវត្ថិភាពស្រ្តី និងក្មេងស្រីក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងអនឡាញ។
![DSC04067](https://cdn.cambonomist.com/media/images/DSC04067.original.jpg)
![DSC00500](https://cdn.cambonomist.com/media/images/DSC00500.original.jpg)
![DSC00547](https://cdn.cambonomist.com/media/images/DSC00547.original.jpg)
ទី៥.បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី សុខដុមរមនានៅក្នុងគ្រួសារ និងទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារគ្រប់រូបភាព តាមរយៈការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងទី៦.បន្តអនុវត្តកម្មវិធី និងវិធានការទាំងឡាយ ដែលបានអភិវឌ្ឍនាពេលកន្លងមក ហើយធ្វើបច្ចុប្បន្នភាពកម្មវិធី និងវិធានការទាំងនោះ ឱ្យស្របតាមស្ថានភាពវិវត្តន៍របស់សង្គមសំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ បន្តពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដូចមានចែងក្នុង យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ ដើម្បីបន្តជំរុញនិងលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តី ដែលជាធនធានមនុស្សស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនសរុប (៥០,៩%)។ ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី គឺជាអភិក្រមដ៏សំខាន់ និងចាំបាច់ នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្សរបស់កម្ពុជា ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ប្រកបដោយភាពធន់ សមធម៌ បរិយាបន្ន និងចីរភាព។
![DSC00592](https://cdn.cambonomist.com/media/images/DSC00592.original.jpg)
![345](https://cdn.cambonomist.com/media/images/345.original.jpg)
![IMG_0130](https://cdn.cambonomist.com/media/images/IMG_0130.original.jpg)
ក្នុងឱកាសបិទសន្និបាតប្រចាំឆ្នាំនេះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី ដែលមានស្នាដៃនិងបានខិតខំប្រឹងប្រែងបំពេញការងារដោយយកចិត្តទុកដាក់និងស្មារតីទទួលខុសត្រូវខ្ពស់បម្រើរាជរដ្ឋាភិបាល និងបម្រើដល់ផលប្រយោជន៍ជាតិ និងមាតុភូមិ។
![IMG_3367](https://cdn.cambonomist.com/media/images/IMG_3367.original.jpg)
![IMG_3339](https://cdn.cambonomist.com/media/images/IMG_3339.original.jpg)
![IMG_3325](https://cdn.cambonomist.com/media/images/IMG_3325.original.jpg)
![IMG_3375](https://cdn.cambonomist.com/media/images/IMG_3375.original.jpg)
![IMG_0133](https://cdn.cambonomist.com/media/images/IMG_0133.original.jpg)
![IMG_0134](https://cdn.cambonomist.com/media/images/IMG_0134.original.jpg)
![IMG_0135](https://cdn.cambonomist.com/media/images/IMG_0135.original.jpg)
![IMG_0138](https://cdn.cambonomist.com/media/images/IMG_0138.original.jpg)
![IMG_0139](https://cdn.cambonomist.com/media/images/IMG_0139.original.jpg)
![IMG_0141](https://cdn.cambonomist.com/media/images/IMG_0141.original.jpg)