
លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា អាជ្ញាធរបានត្រៀមខ្លួនរួចរាល់ និងបានចុះផ្សព្វផ្សាយពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឱ្យអ្នកទេសចរមកលេងកម្សាន្តនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះទទួលបានភាពសប្បាយរីករាយ។ ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប រំពឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តកែបនឹងទទួលបានអ្នកទេសចរមកលេងកម្សាន្តច្រើន ខណៈមកដល់ពេលនេះ ខេត្តដែលមានសក្ដានុពលទេសចរណ៍មួយនេះមានទំបន់អភិវឌ្ឍន៍ជាច្រើន។
ជាមួយគ្នានេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចូលមកកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អាជ្ញាធរខេត្ត បានចុះណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរនានា ឱ្យរក្សាសេវាកម្មប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រូបនេះ រំពឹងថា ខេត្តកំពតនឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តច្រើនដូចបណ្ដាឆ្នាំមុនៗផងដែរ។ ការរំពឹងបែបនេះ ក៏ដោយសារតែលោកយល់ឃើញថា បច្ចុប្បន្ននៅក្នុងខេត្តកំពត មានសេវាទេសចរណ៍ច្រើនកន្លែងប្លែកៗពីគ្នា ស្របពេលហេដ្ឋារចនាសម្ព័ន្ធនានា ក៏មានភាពប្រសើរជាងមុន។
ស្រដៀងគ្នានេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សុវត្ថិភាព និងបានផ្សព្វផ្សាយឱ្យប្រតិបត្តិករទេសចរណ៍ពង្រឹងគុណភាពក្នុងការផ្តល់សេវាកម្ម និងការបដិសណ្ឋារកិច្ច ព្រមទាំងមានរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយចំនួនទៀត ដើម្បីស្វាគមន៍អ្នកទេសចរដែលទៅលេងកម្សាន្តនៅក្នុងខេត្តជាប់មាត់ឆ្នេរសមុទ្រមួយនេះ។ លោកសង្ឃឹមថា នៅឆ្នាំនេះ ខេត្តព្រះសីហនុនឹងទទួលបានកំណើនភ្ញៀវទេសចរចូលទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះប្រារព្ធឡើងចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីរាជការ បុគ្គលិក និងកម្មករ និយោជិតត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ថ្ងៃ៕
អត្ថបទ៖ បូ ដូឡា