

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយនេះ រួមជាមួយសមាជិកសហគមន៍មូលដ្ឋាន និងក្រុមការងារមកពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា។
ថ្លែង នៅ ក្នុងពិធី ប្រគល់-ទទួល ប្រព័ន្ធ ស្រោច ស្រព នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួង បរិស្ថាន បានមាន ប្រសាសន៍ ថា៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជាដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចការពារធម្មជាតិ និងបរិស្ថានតាមរយៈការផ្តល់ប្រព័ន្ធស្រោចស្រពថ្នាលបណ្តុះកូនឈើ។ កូនឈើដែលបណ្តុះបាននឹងត្រូវចែកជូនដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋសហគមន៍ដើម្បីយកទៅដាំនៅតាមសហគមន៍ និងជាពិសេសដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកកាន់តំបន់ខ្នងផ្សារ ចូលរួមដាំបង្កើតភាពបៃតងក្រោមទិសស្លោក«ទេសចរម្នាក់ ដើមឈើមួយដើម»។ កម្ពុជាបាន ស្ថិតក្នុងរបត់ថ្មីមួយដែលទទួលបានប្រាក់ចំណូលពីការអភិរក្សតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ទេសចរណ៍ធម្មជាតិដែលកំពុងផ្តល់ចំណូលដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិនានា។»

ប្រព័ន្ធស្រោចស្រពដែលបានប្រគល់ជូនឧទ្យានជាតិជួរភ្នំក្រវាញនេះគឺជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមួយដែលមានម៉ាស៊ីនបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) និងទុយោទឹកដែលរំពឹងថានឹងបង្កើនអត្រាប្រជែងរស់សម្រាប់កូនឈើដែលចាប់ពន្លកថ្មីចំនួន ៤០ ០០០ដើមនៅក្នុងឧទ្យានជាតិ ក្នុងរយៈកាល៤ឆ្នាំខាងមុខ។ កូនឈើទាំងនេះនឹងត្រូវយកទៅដាំនៅទីតាំងចាំបាច់នានាដែលអាជ្ញាធរឧទ្យានជាតិជាអ្នកកំណត់ ដែលជាវិធានការដ៏សំខាន់មួយក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនិងចីរភាពប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន កូកា-កូឡា យើងប្តេជ្ញាចូលរួមចំណែកក្នុងសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ការប្រគល់ប្រព័ន្ធស្រោចស្រពនេះគឺជាឧទាហរណ៍ជាក់ស្តែងមួយអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះការកាត់បន្ថយឧស្ម័នកាបូនិករបស់ក្រុមហ៊ុនយើង ការការពារជីវចម្រុះ និងការកសាងភាពធន់នឹងអាកាសធាតុ»។
ក្នុងគម្រោងប្រហាក់ប្រហែលគ្នានេះដែរដែលបានប្រព្រឹត្តទៅនៅដើមឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រោមការសហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រគល់អណ្តូងទឹកប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់ស្រោចស្រពកូនឈើនិងសួនបៃតងនៅតំបន់អង្គរដែលស្ថិតនៅក្នុងភូមិលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្រៅពីសកម្មភាពទាក់ទងនឹងអាកាសធាតុ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏បានធ្វើកិច្ចការដើម្បីផ្តល់ជូនទឹកស្អាតដល់សហគមន៍មូលដ្ឋានផងដែរតាមរយៈគម្រោងដំឡើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan របស់ខ្លួនក្រោមកិច្ចសហការជាមួយមូលនិធិ Planet Water ។ ក្រុមហ៊ុននឹងដំឡើងប៉មចម្រោះទឹកស្អាត និងផ្តល់ជូនម៉ាស៊ីនលាងសម្អាតបន្ទាប់ទឹក AquaSan AquaTowers ទី៤៣ និងទី៤៤ ក្នុងពេលឆាប់ៗនេះនៅក្នុងពិធីមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ចំនួន៤២ ឈុត ដែលបានផ្តល់ជូនសហគមន៍នាពេលកន្លងមក កំពុងផ្តល់ជូនទឹកស្អាតដល់ប្រជាជនជាង ៧៣ ០០០នាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាចិត្តសម្រេចឱ្យបានគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ២៥% នៅត្រឹមឆ្នាំ២០៣០ និងមានគោលដៅសម្រេចឱ្យបានការបំភាយឧស្ម័នកាបូនិចសូន្យនៅត្រឹមឆ្នាំ២០៥០។ ក្រុមហ៊ុនសម្រេចបានគោលដៅឆ្នាំ២០២០ របស់ខ្លួនជាមួយនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរបស់ខ្លួនចំនួន ២៥% នៅដំណាច់ឆ្នាំ២០២០ ធៀបនឹងទិន្នន័យគោលនៅឆ្នាំ២០១០៕