កម្ពុជាទទួលជ័យលាភីចំនួន១៧

កម្ពុជាទទួលជ័យលាភីចំនួន១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣


កម្ពុជាទទួលជ័យលាភី និងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះ មានរង្វាន់ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំនួន៥, រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដារអាស៊ាន ចំនួន៣, រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ាន ចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដារអាស៊ាន ចំនួន៤។ នេះបើយោងតាមក្រសួងទេសចរណ៍។
កម្ពុជាទទួលជ័យលាភីចំនួន១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣

ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍នៅកម្ពុជានូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨។ ឯកឧត្ដម បានបន្តថា តំណាងជ័យលាភីកម្ពុជាដែលបានឡើងទទួលពានរង្វាន់នោះ រួមមាន តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។

ជាមួយគ្នានេះ ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់ដែរថា ជ័យលាភីនិងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន ទី១. រង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ ដែលមានទីតាំងក្នុងខេត្តកោះកុង ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត និងផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ ទី២. រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ គឺ សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍អន្លង់ធំ ក្នុងខេត្តសៀមរាប។ ទី៣. រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងទី៤. រង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤ ផងដែរ។

ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តទៀតថា តាមរយៈការទទួលជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣នេះ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធជាច្រើន និងការរៀបចំព្រឹត្តិការណ៍ធំៗប្រកបដោយជោគជ័យខ្ពស់កន្លងមកនៅកម្ពុជា បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា កម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញច្រើនសម្រាប់ទៅលេងកម្សាន្តប្រកបដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង។ ស្របពេលជាមួយដែលកម្ពុជាកំពុងផ្សព្វផ្សាយពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ និងកំពុងត្រៀមខ្លួនឆ្ពោះទៅការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំនៅកម្ពុជា ខណៈចលនាទេសចរណ៍ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាណមួយផ្តល់នូវទំនុកចិត្ត និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា អាស៊ានបានផ្តល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដា ផ្ទះស្នាក់ស្តង់ដាអាស៊ានចំនួន៤៣, សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ានចំនួន២៩, បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ានចំនួន៤៨ និងសេវាស្ប៉ាស្តង់ដាអាស៊ានចំនួន៣៨ ផងដែរ៕




អត្ថបទបន្ទាប់


អាស៊ានជឿជាក់ថា សមិទ្ធភាពការងាររបស់ប្រធានអាស៊ានឆ្នាំនេះនឹងជួយឲ្យតំបន់មានសន្តិភាព និងស្ថិរភាព

ព័ត៌មាន
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងមុតមាំថា សមិទ្ធភាពការងាររបស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣នេះ នឹងជួយ…

ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ចូលរួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់លទ្ធភាពទទួលបានទឹកប្រើប្រាស់

ព័ត៌មាន
ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ប្រព័ន្ធស្រោចស្រពជូនឧទ្យានជាតិជួរភ្នំក្រវាញក្រោមវត្តមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ