
ការគំរាមកំហែងទិន្នផលផ្លែដូង ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ និងសត្វល្អិតបានធ្វើឲ្យតម្លៃដូង ដែលគេនាំចេញពីប្រទេសវៀតណាម ហ្វីលីពីន និងថៃ បានឡើងថ្លៃដល់កម្រិតកំណត់ត្រាមួយ។ ក្រុមហ៊ុននាំចេញផ្លែឈើមួយរបស់វៀតណាម Vina T&T បានអះអាងថា តម្លៃដូងនាំចេញដែលគេប្រមូលទិញពីចម្ការដូងនានា នៅពេលនេះបានឡើងថ្លៃដល់ជាង៨ដុល្លារក្នុង១ឡូ ដែលជាតម្លៃខ្ពស់មិនធ្លាប់មាន។
បើតាមការអះអាងរបស់អ្នកដាំ និងនាំចេញ នៅមួយចុងក្រោយនេះតម្លៃដូងបានកើនឡើងជាងពីរដងបើធៀបនឹងតម្លៃដែលបានលក់ចេញកាលពីឆ្នាំមុន ហើយនៅពេលនេះឈ្មួញកំពុងប្រញាប់ប្រមូលទិញ ដើម្បីបំពេញ និងឆ្លើយតបតាមតម្រូវការនៃការផ្គត់ផ្គង់នៅលើទីផ្សារ។
លោក ឃ្វៀន ឌិញ ទុង (Nguyen Dinh Tung ) នាយកប្រតិបត្តិក្រុមហ៊ុន Vina T&T បានអះអាងថា តម្លៃផ្លែដូងបច្ចុប្បន្នបានហក់ឡើងថ្លៃលឿនដូចតម្លៃមាសដែរ។ បើតាមការអះអាងរបស់នាយកប្រតិបត្តិរូបនេះ ក្រុមហ៊ុនរបស់លោកបាននាំចេញដូងប្រមាណ៧ទូកុងតឺន័រក្នុងមួយសប្តាហ៍ ដោយបរិមាណនេះអាចបំពេញតម្រូវការបានតែពីរភាគបី នៃតម្រូវការរបស់អ្នកទិញនៅបរទេសប៉ុណ្ណោះ។
ក្រៅពីវៀតណាម និន្នាការស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញក៏កើតឡើងនៅប្រទេសស្រីលង្កា ហ្វីលីពីន និងប្រទេសថៃ ដែលជាអ្នកនាំចេញដូងផងដែរ។ កង្វះការផ្គត់ផ្គង់ដូងនៅលើទីផ្សារនេះ ត្រូវបានគេអះអាងថា គឺដោយសារបញ្ហាបាតុភូតអាកាសធាតុ អែលនីណូ បានធ្វើឲ្យផ្ទៃដីចម្ការដូងជួបប្រទះគ្រោះរាំងស្ងួត និងបាតុភូត ឡានីណា ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងព្យុះ ដែលធ្វើឱ្យទិន្នផលដូងមានការធ្លាក់ចុះ។
ក្រៅពីនោះផ្ទៃដីចម្ការដូងនៅក្នុងតំបន់ ក៏មានការរាយការណ៍ពីការគំរាមកំហែងដោយសត្វល្អិត ដែលនាំឲ្យការផ្គត់ផ្គង់មានបញ្ហាខ្វះខាតផងដែរ។ មកដល់ពេលនេះវៀតណាម ជាប់ជាប្រទេសនាំចេញដូងធំជាងគេទី៥ នៅលើពិភពលោក ដោយមានចម្ការដូងចំនួន២០ម៉ឺនហិកតា ដែលអាចផ្តល់ទិន្នផលប៉ាន់ស្មានប្រមាណជាពីរលានតោនក្នុងមួយឆ្នាំ។ កាលពីឆ្នាំមុនការនាំចេញដូង និងផលិតផលដូងរបស់ប្រទេសនេះ មានតម្លៃជិត១,១ពាន់លានដុល្លារ ដោយទីផ្សារធំ គឺចិន និងសហរដ្ឋអាម៉េរិក៕
ដោយៈ សរ សុជាតិ