លោក ណាថានែល លីម (Nathanael Lim) ជាអ្នកគ្រប់គ្រងទិន្នន័យស្ដីពីភេសជ្ជៈនៅក្រុមហ៊ុនស្រាវជ្រាវ Euromonitor Asia បាននិយាយថា ការផឹកកាហ្វេមានទំនាក់ទំនងគ្នាជាមួយនឹងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងនគរូបនីយកម្ម ហើយថា ប្រទេសចំនួន២ គឺវៀតណាម និងឥណ្ឌា នឹងក្លាយជាអ្នកប្រើកាហ្វេច្រើនជាងគេនៅតំបន់អាស៊ី ក្នុងចន្លោះឆ្នាំ២០២២-២០២៧។
ទិន្នន័យក្រុមហ៊ុន Euromonitor បានបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដូចជាប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ីជាដើម ក៏នឹងត្រូវការកាហ្វេកាន់តែច្រើនឡើងផងដែរ ប៉ុន្តែឥណ្ឌា និងវៀតណាម គឺស្ថិតនៅកំពូលតារាងដោយគេបានព្យាករថា ឥណ្ឌានឹងប្រើកាហ្វេកើនឡើង៣៧% ហើយវៀតណាមនឹងកើនឡើង៣២%រហូតដល់ឆ្នាំ២០២៧។
កត្តាដែលជំរុញឱ្យវៀតណាមនឹងក្លាយជាអ្នកប្រើប្រាស់កាហ្វេច្រើនជាងគេនេះ គឺពាក់ព័ន្ធនឹងវប្បធម៌។ ជាក់ស្ដែងវៀតណាម គឺជាស្តេចកាហ្វេ និងជាអ្នកនាំចេញកាហ្វេដ៏ធំបំផុតរបស់ពិភពលោករួចទៅហើយ។
លោក ដាង ឌួង ហៃ (Dang Duong Hai) ជំនួយការប្រធានក្រុមហ៊ុនកាហ្វេក្នុងស្រុក Trung Nguyen បានប្រាប់សារព័ត៌មាន Nikkei Asia ថា កាហ្វេគឺជាថាមពលសម្រាប់ការច្នៃប្រឌិត។ ការព្យាកររបស់ក្រុមហ៊ុន Euomonitor នេះ ក៏ធ្វើឡើងដោយសំអាងលើកត្តាមួយចំនួនទៀតដូចជាផលិតផលក្នុងស្រុកសរុប ប្រាក់ចំណូល ការយល់ដឹងរបស់អ្នកប្រើប្រាស់ និងកំណើនយុវវ័យ និងកំណើនចំនួនប្រជាជនផងដែរ។
ជាក់ស្ដែងលទ្ធភាពរបស់ឥណ្ឌា ដែលនឹងក្លាយជាអ្នកប្រើកាហ្វេច្រើនជាងគេនេះ គឺអាស្រ័យលើចំណុចទាំងប៉ុន្មាននេះឯង ខណៈដែលប្រទេសនេះបានក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោកនៅឆ្នាំនេះ ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្យាករដែរថា ប្រទេសនេះនឹងហក់ចេញពីប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងពិភពលោកទី៥ទៅកាន់កម្រិតទី៣វិញ នៅត្រឹមឆ្នាំ២០២៧។
ក្រុមហ៊ុន Euromonitor បាននិយាយថា ការកើនឡើងនូវប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតនៅតាមទីក្រុងនៅអាស៊ីគឺនៅប្រទេសចិនមានចំនួន៦% នៅឥណ្ឌាមាន៥% និងនៅវៀតណាមមាន៤%នៅក្នុងឆ្នាំ២០១៧-២០២២។
លោក លីម បាននិយាយក្នុងបទបង្ហាញនៅឯសន្និសីទកាហ្វេអន្តរជាតិអាស៊ីកាលពីសប្ដាហ៍មុននៅទីក្រុងហូជីមិញថា មនុស្សកំពុងផឹកកាហ្វេកាន់តែច្រើន ហើយពួកគេសុខចិត្តចំណាយក៏កាន់តែច្រើន ប៉ុន្តែការប្រកួតប្រជែងគ្នាកាន់តែខ្លាំងកំពុងបង្ខំឱ្យក្រុមហ៊ុនមួយចំនួនព្យាយាមរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញអ្នកប្រើប្រាស់នៅទូទាំងអាស៊ី៕
អត្ថបទ៖ សុខ ជា