ថាមពលឥន្ធនៈ

កិច្ចប្រជុំអាកាសធាតុ COP28 ប៉ះទង្គិចគ្នាជុំវិញការលុបពាក្យ«ឥន្ធនៈហ្វូស៊ីល»ក្រោយមានការជំទាស់ពី OPEC


បណ្តាប្រទេសមួយចំនួនបានប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ ជុំវិញកិច្ចព្រមព្រៀងបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅឯកិច្ចប្រជុំអាកាសធាតុ COP28 នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។ ការជំទាស់នោះ គឺត្រូវបានធ្វើឡើងពីសំណាក់បណ្តាប្រទេសក្នុងអង្គការផលិតប្រេង OPEC ដែលវាបានបង្កគ្រោះថ្នាក់ដល់ការប៉ុនប៉ងប្តេជ្ញាចិត្តជាលើកដំបូង ដែលមិនធ្លាប់មានក្នុងការបញ្ចប់ការប្រើប្រាស់ប្រេង និងឧស្ម័នក្នុងរយៈពេល៣០ឆ្នាំនៃកិច្ចពិភាក្សាស្តីពីការឡើងកំដៅផែនដី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ថាមពលឥន្ធនៈ
ដោយ

បើតាមអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំក្នុងទីក្រុងឌូបៃ បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលទទូចថា សន្និសីទនៅទីក្រុងឌូបៃ គួរផ្តោតតែលើការកាត់បន្ថយការបំពុលអាកាសធាតុប៉ុណ្ណោះ ពុំគួរផ្តោតលើឥន្ធនៈហ្វូស៊ីល ដែលបង្កឱ្យមានការបំពុលអាកាសធាតុកើតឡើងនោះទេ។

ខណៈដែលនៅម្ខាងទៀត យ៉ាងហោចណាស់មានប្រទេសចំនួន៨០ រួមទាំងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ប្រទេសក្រីក្រ និងងាយរងគ្រោះដោយសារអាកាសធាតុជាច្រើនកំពុងទាមទារឱ្យកិច្ចព្រមព្រៀង COP28 អំពាវនាវឱ្យបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

ប្រធាន COP28 លោក Sultan al-Jaber បានប្រាប់កិច្ចប្រជុំកាលពីល្ងាចថ្ងៃសៅរ៍ថា គួរតែពន្លឿនការងាររបស់ពួកគេ ដើម្បីស្វែងរកកិច្ចព្រមព្រៀងចុងក្រោយ ព្រោះបើតាមលោក កិច្ចព្រមព្រៀងបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅតែមានផ្នែកជាច្រើនទៀត នៃភាពខុសគ្នាជាងការត្រូវរ៉ូវគ្នា។

ស្របពេលដែលអគ្គលេខាធិការអង្គការផលិតប្រេង OPEC លោក Haitham Al Ghais មុននោះបន្តិចបាននិយាយនៅក្នុងសេចក្តីអធិប្បាយ ដែលបានអានទៅកាន់គណៈប្រតិភូនៅឯកិច្ចប្រជុំថា យើងត្រូវការវិធីសាស្រ្តជាក់ស្តែង ដើម្បីដោះស្រាយការបំភាយឧស្ម័ន ដែលអនុញ្ញាតឱ្យមានកំណើនសេដ្ឋកិច្ច ជួយលុបបំបាត់ភាពក្រីក្រ និងបង្កើនភាពធន់ក្នុងពេលតែមួយ។

នេះជាលើកទីមួយហើយដែលប្រធានអង្គការ OPEC បានធ្វើអន្តរាគមន៍ក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ជាមួយនឹងលិខិតបែបជំទាស់បែបនេះ។ នេះបើយោងតាមលោក Alden Meyer នៅវិទ្យាស្ថានស្រាវជ្រាវការប្រែប្រួលអាកាសធាតុ E3G climate change។ លោកបាននិយាយថា សារនេះបង្ហាញពីការភ័យស្លន់ស្លោរបស់ក្រុមប្រទេសផលិតប្រេង OPEC+។

អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតកំពូលនៅក្នុងអង្គការ OPEC និងជាមេដឹកនាំជាក់ស្តែងនៃអង្គការនេះ ហើយប្រទេស រុស្ស៊ី គឺជាសមាជិកនៃអង្គការមួយនេះដែរ។

ទោះជាយ៉ាងណា ប្រទេសផ្សេងទៀតរួមទាំងឥណ្ឌា និងចិន មិនបានបង្ហាញការគាំទ្រច្បាស់លាស់ដល់អង្គការ OPEC លើការលុបពាក្យ«ឥន្ធនៈហ្វូស៊ីល»នៅ COP28 នោះទេ ប៉ុន្តែបានគាំទ្រការអំពាវនាវជំរុញឱ្យបង្កើនថាមពលកកើតឡើងវិញ។ ប្រេសិតអាកាសធាតុកំពូលរបស់ប្រទេសចិន លោក Xie Zhenhue បានពណ៌នាកិច្ចប្រជុំកំពូលអាកាសធាតុឆ្នាំនេះថា ជាការលំបាកបំផុតក្នុងអាជីពរបស់លោក​។

នៅក្នុងរយៈ១៦ឆ្នាំនៃការចូលរួមកិច្ចប្រជុំអាកាសធាតុ លោកថា ឆ្នាំនេះគឺជាពេលមួយ ដ៏លំបាក ព្រោះតែការខ្វែងគំនិត និងបញ្ហាច្រើន។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ឥណ្ឌា លោក Bhupender Yadav បានទាមទារឱ្យមានសមធម៌ និងយុត្តិធម៌នៅក្នុងកិច្ចព្រមព្រៀងណាមួយ ដោយថាប្រទេសអ្នកមានគួរតែជាអ្នកដឹកនាំសកម្មភាពលុបបំបាត់ការបំពុលអាកាសធាតុពិភពលោក។

គួរជម្រាបថា កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុដែលគ្រោងនឹងបញ្ចប់កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីរដ្ឋាភិបាល មកពីប្រទេសជិត២០០នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឌូបៃ បានចូលរួមក្នុងការព្យាយាមដោះស្រាយភាពជាប់គាំងនៃឥន្ធនៈហ្វូស៊ីល។

ប៉ុន្តែកំណែចុងក្រោយបំផុតនៃអត្ថបទចរចា ដែលទើបបានចេញផ្សាយកាលពីថ្ងៃសុក្រនេះបានបង្ហាញថា ប្រទេសជាច្រើននៅតែស្ថិតនៅក្នុងការពិចារណាជម្រើសជាច្រើន ចាប់តាំងពីការយល់ព្រមលើការលុបចេញពាក្យឥន្ធនៈហ្វូស៊ីល រហូតដល់ការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈ​​ហ្វូស៊ីល ដែលមិនទាន់បានប្រើ រហូតដល់ជម្រើសមិនគួរលើកឡើងពីពាក្យឥន្ធនៈហ្វូស៊ីលនេះ នៅក្នុងកិច្ចព្រមព្រៀងលុបបំបាត់ការបំពុលអាកាសធាតុតែម្តង ដូចបណ្តាប្រទេស OPEC លើកឡើងខាងលើ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌា និងវៀតណាមនឹងក្លាយជាប្រទេសប្រើប្រាស់កាហ្វេឈានមុខគេនៅតំបន់អាស៊ី នៅប៉ុន្មានឆ្នាំខាងមុខ

ព័ត៌មាន
ក្រុមអ្នកជំនាញខាងឧស្សាហកម្មបាននិយាយថា ប្រទេសឥណ្ឌា និងវៀតណាមនឹងឈានមុខគេនៅក្នុងការប្រើប្រាស់កាហ្វេនៅទូទាំងតំបន់អាស៊ី នៅក្នុងពេលប៉ុន្មានឆ្នា…

ធនាគារ ប្រ៊ីដ ចូលរួមលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពមាត់ធ្មេញសម្រាប់កុមារ

ព័ត៌មាន
ធនាគារប្រ៊ីដ និងសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាអាស៊ីប៉ាស៊ីហ្វិក (APDSA) បានសហការគ្នា ចូលរួមលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការថែទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ