
ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត Starlink របស់កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ កំពុងក្តោបក្តាប់ការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបធំបំផុតលើពិភពលោក ជាមួយនឹងផ្កាយរណបជាង៨ពាន់គ្រៀង ដែលកំពុងស្ថិតនៅក្នុងលំហអវកាស ដែលធ្វើឱ្យរុស្ស៊ីខាតបង់ប្រាក់ជាច្រើន។
លោក ឌីមីទ្រី បាកាណូវ (Dmitry Bakanov) មន្ត្រីទីភ្នាក់ងារអវកាសរ៉ូស្កូម៉ូស (Roscosmos) របស់រុស្ស៊ីបានបញ្ជាក់ក្នុងបទសម្ភាសជាមួយទូរទស្សន៍រុស្ស៊ីមួយថា ទីភ្នាក់ងារអវកាសរុស្ស៊ីត្រូវតែបង្កើនសកម្មភាពអវកាស និងទាក់ទាញអ្នកមានជំនាញវ័យក្មេងបន្ថែមទៀត។
យ៉ាងណាមិញ រុស្ស៊ីកំពុងបង្កើនការអភិវឌ្ឍសេវាអ៊ីនធឺណិត ដើម្បីប្រកួតប្រជែងជាមួយសេវាអ៊ីនធឺណិតរបស់ Starlink របស់លោក អេឡុន ម៉ាស់ និងសម្រាប់ប្រើនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ជម្លោះ ខណៈបច្ចុប្បន្នកងកម្លាំងអ៊ុយក្រែនកំពុងប្រើសេវា Starlink នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។
បច្ចុប្បន្ន ក្រុមហ៊ុនអវកាសរបស់រុស្ស៊ី ដែលមានឈ្មោះថា ប៊ូរីអូ ១៤៤០ (Bureau 1440) នោះកំពុងបង្កើតប្រព័ន្ធផ្កាយរណបធ្វើដំណើរតាមគន្លងផែនដីក្នុងកម្រិតទាបសម្រាប់ការចែកចាយទិន្នន័យអ៊ីនធឺណិតជាសកល៕
ដោយ៖ សុខ មង្គល