
លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្រមូលចំណូលកាតព្វកិច្ចពីវិស័យល្បែងពាណិជ្ជកម្ម បានជិត១១៤ពាន់លានរៀល ឬស្មើនឹងជាង២៨លានដុល្លារអាម៉េរិក និងស្មើនឹងប្រមាណជាង៥២% នៃច្បាប់ហិរញ្ញវត្ថុដែលបានកំណត់សម្រាប់ឆ្នាំ២០២៥។ ចំនួននេះ មានការកើនឡើងប្រមាណ២៣២% បើធៀបនឹងការប្រមូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
បើតាមការអះអាងរបស់មន្ត្រីជំនាញរូបនេះ ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីកៀរគរចំណូលចូលថវិកាជាតិ នៅឆ្នាំនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអនុវត្តនូវយន្តការទារបំណុលចាស់ដែលនៅសេសសល់, រៀបចំតាក់តែងផែនការប្រមូលចំណូកាតព្វកិច្ចពីល្បែងប្រចាំឆ្នាំ, ពង្រឹងយន្តការត្រួតពិនិត្យ និងសវនកម្មលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម និងចាត់វិធានការពិន័យលើគ្រឹះស្ថានល្បែងពាណិជ្ជកម្មណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាដើម។
យោងតាមសារាចរស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានកំណត់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណឱ្យបាន២១៧ពាន់លានរៀល ឬប្រមាណជាង៥២លានដុល្លារកើនឡើងជាង២១% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតឱ្យបើកដំណើរការល្បែងពាណិជ្ជកម្មតែពីរប្រភេទប៉ុណ្ណោះ រួមមាន កាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតឲ្យដំណើរការនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់ជាល្បែងខុសច្បាប់។
គិតមកត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណដល់កាស៊ីណូចំនួន១៩៥ ប៉ុន្តែក្នុងនោះមានអាជ្ញាបណ្ណត្រូវបានដកហូតចំនួន១ និងព្យួរចំនួន៥ ព្រមទាំងផុតសុពលភាពចំនួន១១៕