វិស័យកាស៊ីណូ

កម្ពុជារំពឹងរកបានចំណូល៣៥លានដុល្លារពីវិស័យបនល្បែងនៅឆ្នាំនេះ


មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា នៅឆ្នាំ២០២២នេះ កម្ពុជាដាក់គោលដៅប្រមូលចំណូលពីវិស័យកាស៊ីណូឲ្យបាន ៣៥លានដុល្លារ ខណៈកាលពីឆ្នាំមុន ចំណូលពីវិស័យនេះប្រមូលបានតែប្រមាណ ១០%នៃផែនការប៉ុណ្ណោះ គឺមានប្រមាណ ជាង ៩លានដុល្លារអាមេរិក។
កាស៊ីណូនៅវៀតណាមស្នើរដ្ឋបើកឲ្យពលរដ្ឋក្នុងស្រុកចូលលេងល្បែងក្រោយស្ងាត់ភ្ញៀវបរទេសចូលលេង

ឆ្នាំ​២០២២ ជា​ឆ្នាំ​ដែល​ត្រូវ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវ​ស្រង់​ស្ថិតិ​ចំនួន​កាស៊ីណូ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស​ឡើង​វិញ និង​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​នេះ​មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណសា​ជា​ថ្មី​។ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​មាន​ម្ចាស់​កាស៊ីណូ​ប្រហែល​៨០ ហើយ​បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដោយ​ស្របច្បាប់​។

ឯកឧត្តម រស់ ភិ​រុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ទៀត​ថា ការ​ប្រមូល​ចំណូល​ពី​វិស័យ​កាស៊ីណូ​នៅ ២ ទៅ​៣​ឆ្នាំ​កន្លង​មកនេះ ក៏​មានការ​ថមថយ​ចុះ​យ៉ាង​គំហុក​ផង​ដែរ ដោយសារ​តែ​កន្លង​មក​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​អាជីវកម្ម​កាស៊ីណូ​អន​ឡាញ និង​ដោយសារ​បញ្ហា​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​មានការ​ផ្អា​សកម្មភាព​កាស៊ីណូ​ជាដើម​។

ឯកឧត្តម រស់ ភិ​រុណ បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ​២០២២​នេះ រដ្ឋ​បាន​ដាក់​គោលដៅ​ប្រមូល​ចំណូល​ពី​វិស័យ​នេះ​ឲ្យ​បាន​គ្រប់​តាម​ផែនការ ៣៥​លាន​ដុល្លារ បន្ទាប់​ពី​បាន​ទម្លាក់​២៥% នៃ​ផែនការ​ប្រមូល​ចំណូល​ក្នុង​វិស័យ​នេះ​។

ក្រោយ​ពិភពលោក​រួម​ទាំង​កម្ពុជា ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ អាជីវកម្ម​ក្នុង​វិស័យ​កាស៊ីណូ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដែល​បណ្តាល​ឲ្យ​កាស៊ីណូ​ជា​ច្រើន​ត្រូវ​បង្ខំចិត្ត​បិទទ្វារ ឬ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់​។ កត្តា​នេះ បាន​ធ្វើ​ឲ្យ​ការ​ប្រមូល​ចំណូល​ពី​វិស័យ​នេះ មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ពោល​គឺ​នៅ​ឆ្នាំ​២០២១ កន្លង​ទៅ រដ្ឋ​ទទួល​បាន​ចំណូល​ពី​វិស័យ​នេះ តែ​ជាង​៩​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម រស់ ភិ​រុណ ដែល​បាន​បន្ថែម​ថា បច្ចុប្បន្ន​មាន​កាស៊ីណូ​តិចតួច​ប៉ុណ្ណោះ​បាន​បើក​ប្រតិបត្តិការ​ឡើង​វិញ ខណៈ​កាស៊ីណូ​ជា​ច្រើន​បន្ត​បិទទ្វារ​។ 

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​រូប​នេះ​បាន​គូសបញ្ជាក់​បន្ថែម​ថា ឆ្នាំ​២០២២ ជា​ឆ្នាំ​ដែល​រដ្ឋ​ត្រូវ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ផ្សាយពាណិជ្ជកម្ម បន្ទាប់​ពី​ខកខាន​ក្នុង​ការ​អនុវត្ត​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ ក្រោយ​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០២០​។ តាម​រយៈ​ការ​អនុវត្ត​ច្បាប់​នេះ រដ្ឋ តម្រូវ​ម្ចាស់​កា​ណូ​ស៊ី ដែល​កំពុង​ដំណើរការ​ទាំងអស់​ទូ​ទាំង​ប្រទេស មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណសា​ជា​ថ្មី ដើម្បី​ធានា​ភាព​ស្របច្បាប់​ក្នុង​វិស័យ​នេះ ខណៈ​បច្ចុប្បន្ន​មាន​ម្ចាស់​កាស៊ីណូ​ចំនួន​៨០​ហើយ​បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​។ ការ​តម្រូវ​ឲ្យ​ស្នើ​សុំ​អាជ្ញា​បណ្ណសា​ជា​ថ្មី​នេះ គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ក៏​ដូច​ជា​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ចំណូល​ក្នុង​វិស័យ​មួយ​នេះ​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​សម្រេច​បញ្ឈប់​ផ្ដល់​អាជ្ញា​បណ្ណ​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ហើយ​បម្រាម​នេះ បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ឧស្សាហកម្ម​ល្បែង និង​កាស៊ីណូ​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ម្ចាស់​កាស៊ីណូ និង​អ្នកលេង​ភាគច្រើន​ជា​ជនជាតិ​ចិន​។ លុះ​ក្រោយមក​ទៀត នៅ​ក្នុង​ឆ្នាំ​២០២០ អំឡុង​ខែមេសា រាជរដ្ឋាភិបាល​ក៏​បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​កាស៊ីណូ ក្រោយ​មាន​មានការ​រាតត្បាត​កូ​វី​ដ​១៩ ហើយ​ក្រោយមក​មាន​អាជីវកម្ម​កាស៊ីណូ​តិចតួច​ប៉ុណ្ណោះ ដែល​បាន​បើក​ដំណើរការ​ឡើង​វិញ​។ កត្តា​ទាំងនេះ ហើយ​ត្រូវ​បាន​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ឯកឧត្តម រស់ ភិ​រុណ អះអាង​ថា បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ នៅ​ឆ្នាំ​២០២០ និង​២០២១ មានការ​ថមថយ​ចុះ ពោល​គឺ​ក្នុង​មួយ​ឆ្នាំ​មាន​ប្រហែល​ជាង​៩​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹកភ្លាម បញ្ចុះតម្លៃ $3 ភ្លាម និងឱកាសឈ្នះ Iphone 13 Pro Max គ្រាន់តែដឹកជញ្ជូនទំនិញពីចិនតាម TL Express

ព័ត៌មាន
បច្ចុប្បន្ន ការបញ្ជាទិញ និងដឹកជញ្ជូនទំនិញសព្វសារពើពីប្រទេសចិនមកកម្ពុជា កាន់តែមានភាពងាយស្រួលជាងមុន ដោយសារមានក្រុមហ៊ុនបម្រើសេវាកម្មនេះជាច្រ…

សង្គ្រាមនៅអ៊ុយក្រែនជំរុញឲ្យអាជីវកម្មធ្យូងថ្មឥណ្ឌូនេស៊ីកំពុងកាក់កបកាន់តែខ្លាំង

ព័ត៌មាន
ភាគហ៊ុនរបស់ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មក្ដៅដ៏ធំបំផុតរបស់ពិភពលោក សម្រាប់ផលិតជាថាមពលអគ្គិសនី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ