មេដឹកនាំកូឡុំប៊ី

មេដឹកនាំកូឡុំប៊ី យល់ព្រមទទួលយកពលរដ្ឋចំណាកស្រុករបស់ខ្លួន ដើម្បីគេចពីទណ្ឌកម្ម និងការយកពន្ធរបស់លោក ត្រាំ


ប្រទេសកូឡុំប៊ី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនបានយល់ព្រមទទួលយកពលរដ្ឋចំណាកស្រុករបស់ខ្លួន ដែលត្រូវបានដឹកបញ្ជូនតាមយន្តហោះយោធាអាម៉េរិក ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញនៅពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពីការយកពន្ធដ៏ធ្ងន់ធ្ងរ ដើម្បីពិន័យចំពោះការជំទាស់នឹងផែនការនិរទេសដ៏ធំរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RTL។
មេដឹកនាំកូឡុំប៊ី
ដោយ

ប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) ដំបូងឡើយទទួលយកតែជនចំណាកកូឡុំប៊ី ដែលជិះយន្តហោះស៊ីវិលត្រឡប់មកពីអាម៉េរិកវិញតែប៉ុណ្ណោះ ដោយបដិសេធមិនស្វាគមន៍ជនចំណាកស្រុកកូឡុំប៊ី ដែលត្រូវបាននិរទេសតាមយន្តហោះយោធាអាម៉េរិកចំនួន២គ្រឿងឡើយ។

ប៉ុន្តែលោក ត្រាំ ដែលទើបនឹងឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិក បានមួយសប្តាហ៍បានខឹងសម្បារ និងបានគំរាមដាក់ទណ្ឌកម្មពន្ធលើទំនិញ២៥% ដែលអាចនឹងកើនឡើងយ៉ាងឆាប់រហ័សដល់៥០% ទៅលើប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ នៅតំបន់អាម៉េរិកឡាទីនមួយនេះ។ ភ្លាមៗនោះលោក ផេត្រូ ក៏គ្រោងនឹងវាយបក និងយកពន្ធលើផលិតផលអាម៉េរិកវិញដែរ ប៉ុន្តែនៅទីបំផុត លោក ក៏សុខចិត្តចុះចាញ់ដោយទទួលយកជនចំណាកស្រុកទាំងអស់តែម្ដង។

រដ្ឋមន្ត្រីការបរទេសកូឡុំប៊ី លោក ល្វីស ហ្គីលប៊ឺតូ មូរីឡូ (Luis Gilberto Murillo) បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានជម្នះភាពជាប់គាំង ហើយនឹងទទួលយកពលរដ្ឋកូឡុំប៊ីត្រឡប់មកវិញ។

សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសកូឡុំប៊ី បានយល់ព្រមទទួលយក ជនចំណាកស្រុកកូឡុំប៊ីខុសច្បាប់ទាំងអស់ដែលនិរទេសមកពីសហរដ្ឋអាម៉េរិក ដោយគ្មានដែនកំណត់ ឬពន្យារពេលអ្វីឡើយ ហើយថា សកម្មភាពនេះបានបង្ហាញឱ្យពិភពលោកឃើញថា អាម៉េរិកត្រូវបានគេគោរពឡើងវិញហើយ។

សេតវិមានបាននិយាយថា លោក ត្រាំ នឹងបន្តការពារយ៉ាងខ្លាំងក្លានូវអធិបតេយ្យភាពរបស់អាម៉េរិក ហើយលោករំពឹងថា ប្រទេសផ្សេងទៀតនៅលើពិភពលោក ក៏នឹងសហការយ៉ាងពេញលេញក្នុងការទទួលយកការនិរទេសពលរដ្ឋខុសច្បាប់របស់ពួកគេ ដែលមានវត្តមាននៅសហរដ្ឋអាម៉េរិក ហើយលោក ត្រាំ ក៏បាននិយាយដែរថា លោកនឹងផ្អាកការអនុវត្តពន្ធគយលើប្រទេសកូឡុំប៊ី៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ បង្ហាញបំណងចង់ចូលរួមជាមួយអង្គការសុខភាពពិភពលោកឡើងវិញ ក្រោយប្រកាសដកខ្លួនបានប៉ុន្មានថ្ងៃ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាអាចពិចារណាចូលរួមជាមួយអង្គការសុខភាពពិភពលោកឡើងវិញក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពី លោក ប…

ពលរដ្ឋថៃ ភាគច្រើនជំទាស់នឹងផែនការរបស់រដ្ឋាភិបាល ដែលដាក់ល្បែងអនឡាញឱ្យស្របច្បាប់

ការស្ទង់មតិមតិមួយបានបង្ហាញថា ប្រជាជនថៃ ភាគច្រើនបានប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលខ្លួន ក្នុងការដាក់ឱ្យកាស៊ីណូ និងល្បែងអនឡាញមានភាពស្របច្បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ