ក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្ដម៉ាកប្រណីត២ ប្រកាសឈប់នាំចូលមកកម្ពុជា

ក្រុមហ៊ុននាំចូលរថយន្ដម៉ាកប្រណីតចំនួន ២ ប្រកាសឈប់នាំចូលមកកម្ពុជា


នៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុននាំចូលរថយន្ដម៉ាកប្រណីតមកកម្ពុជាមួយចំនួន បានប្រកាសឈប់នាំចូលរថយន្ដមកកម្ពុជា ក្រោយពីបានឈរជើងអស់ជាច្រើនឆ្នាំនៅក្នុងទីផ្សារដ៏តូចចង្អៀតមួយនេះ។
ក្រុមហ៊ុននាំចូលរថយន្ដម៉ាកប្រណីត២ ប្រកាសឈប់នាំចូលមកកម្ពុជា

ជាក់ស្ដែង កាលពីចុងឆ្នាំ២០២២ ក្រុមហ៊ុន Automotive Asia (Cambodia) Ltd បានបញ្ឈប់ប្រតិបត្តិការនាំចូលរថយន្ដម៉ាក Audi កម្ពុជា ខណៈដែលនៅចុងក្រោយនេះ ក្រុមហ៊ុន Star Auto Cambodia ក៏បានប្រកាសឈប់នាំចូល ចែកចាយ និងដាក់លក់រថយន្តម៉ាក Mercedes Benz គ្រប់ប្រភេទនៅកម្ពុជាផងដែរចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តទៅ ដោយផ្ទេរសិទ្ធិឲ្យក្រុមហ៊ុន RMA បន្តដំណើរការជាអ្នកផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តបន្ត។ ទោះបីជា ក្រុមហ៊ុនទាំងនេះ មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៃការឈប់នាំចូលរថយន្តម៉ាកប្រណីតៗទាំងនេះមកកម្ពុជាក៏ពិតមែន ប៉ុន្តែបើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការឈប់ទទួលសិទ្ធិនាំចូលផ្តាច់មុខនេះ អាចបណ្តាលមកពីសិទ្ធិនាំចូលមានការប្រកួតប្រជែងខ្ពស់ គួបផ្សំទីផ្សាររថយន្តថ្មីនៅកម្ពុជាបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង។

គេនៅចាំបានថា កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុន នាំចូលរថយន្ដម៉ាក Audi បានប្រកាសថា បិទជាអចិន្ត្រៃនូវការនាំចូលរថយន្ដម៉ាក Audi របស់អាល្លឺម៉ង់។ ថ្មីៗនេះដែរ ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Mercedes Benz មកកាន់ទីផ្សារកម្ពុជា បានសម្រេចបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយនិងដាក់លក់រថយន្ត Mercedes គ្រប់ប្រភេទនៅកម្ពុជាចាប់ពីត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ តទៅផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុននេះ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ក្រោយបញ្ចប់សិទ្ធិក្នុងការនាំចូល ចែកចាយ និងលក់ ក្រុមហ៊ុននេះបានផ្តល់សិទ្ធិឲ្យ ក្រុមហ៊ុន RMA Cambodia បន្តដំណើរការជាអ្នកជួសជុល និងថែទាំរថយន្ត Mercedes ដែលខ្លួនបានលក់កន្លងមក។ តែយ៉ាងណាក្រុមហ៊ុននេះមិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់សិទ្ធិក្នុងនាំចូល ចែកចាយ និងលក់រថយន្តនេះនោះទេ។

ជុំវិញបញ្ហានេះដែរឯកឧត្តម តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានគូសបញ្ជាក់ថា បើទោះបីក្រុមហ៊ុននេះឈប់នាំចូល ចែកចាយ និងដាក់លក់រថយន្តប្រភេទនេះក៏ដោយ តែមិនមែនមានន័យថា រថយន្តប្រភេទនេះលែងមានការនាំចូលមកកាន់ទីផ្សារកម្ពុជានោះទេ។ ពោលគឺរថយន្តប្រភេទនេះថ្មីៗនឹងនៅតែនាំចូលមកកាន់កម្ពុជាដូចធម្មតាតាមរយៈក្រុមហ៊ុនផ្សេងៗ ដែលអាចធ្វើឲ្យទីផ្សាររថយន្តម៉ាកប្រណីតៗទាំងនេះ មានតម្លៃតែល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀតក៏អាចថាបាន។

បើទោះបីមិនដឹងពីមូលហេតុជាក់លាក់នៃការបញ្ចប់សិទ្ធិនាំចូលនេះ តែឯកឧត្តម តាន់ មុនីវណ្ណ វាយតម្លៃថា ការបញ្ចប់ដំណើរការទទួលសិទ្ធិនាំចូល ចែកចាយ និងដាក់លក់រថយន្តម៉ាក Mercedes ពីសំណាក់ក្រុមហ៊ុន Star Auto នេះអាចបណ្តាលមកពី ការទទួលបានសិទ្ធិនាំចូលមានការប្រកួតប្រជែង គួបផ្សំទីផ្សាររថយន្តថ្មីនៅកម្ពុជាបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង ដោយសារនៅមួយរយៈចុងក្រោយមានរយៈថ្មីៗជាច្រើនម៉ាកត្រូវបាននាំចូល ចែកចាយ និងដាក់លក់នៅលើទីផ្សារកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម តាន់ មុនីវណ្ណ នៅឆ្នាំ២០២២ កន្លងទៅការនាំចូលរថយន្តរបស់កម្ពុជាមានការកើនឡើងជាង២០% បើធៀបនឹងការនាំចូលកាលពីឆ្នាំ២០២១។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមកំណើននាំចូលរថយន្តរបស់កម្ពុជា ក្នុងនោះការនាំចូលរថយន្តថ្មីមានកំណើនរហូតជាង៥០% ខណៈរថយន្តជជុះកើនឡើងតែជាង២០%ប៉ុណ្ណោះ។ កត្តានេះធ្វើឲ្យអ្នកជំនាញវាយជឿជាក់ថា ទីផ្សាររថយន្តថ្មីនៅកម្ពុជានឹងវាយលុកទីផ្សាររថយន្តជជុះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខផងដែរ៕




អត្ថបទបន្ទាប់


ទីក្រុងហុងកុងកំពុងផ្ដោតអារម្មណ៍កាន់តែខ្លាំងលើរូបិយវត្ថុឌីជីថល ខណៈរដ្ឋាភិបាលប្រទេសនានាព្យាយាមបង្ក្រាប

ព័ត៌មាន
វិស័យអាជីវកម្មរូបិយវត្ថុឌីជីល ឬហៅថា Cryptocurrency នៅមួយរយៈចុងក្រោយនេះ ហាក់មិនសូវមានភាពល្អប្រសើរឡើយ បន្ទាប់ពីមានមហន្ដរាយកើតឡើងជាបន្ត…

តើសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន បង្កផលរង្គោះរង្គើអ្វីខ្លះដល់ពិភពលោកនៅ៥ឆ្នាំមកនេះ?

ព័ត៌មាន
នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយ ដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ ហើយការវិវត្តនេះ បាននាំមក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ