
អ្នកជំនាញរំពឹងថា គណៈកម្មការចំពោះកិច្ចនេះ នឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការជួយទប់ស្កាត់ និងបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញ តែយន្តការនេះអាចសម្រេចជោគជ័យបានទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមហាជន។
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារកម្ពុជា ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារការជួញដូរ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការបង្កើតគណៈកម្មការចំពោះកិច្ចដែលមានសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រធាននេះ ដើម្បីឱ្យកម្ពុជា មានយន្តការច្បាស់លាស់ក្នុងការទប់ស្កាត់ និងបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ជឿជាក់ថា តាមរយៈយន្តការនេះកម្ពុជានឹងទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា កន្លងមកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតែងកើតមានជាបន្តបន្ទាប់ទាំងនៅកម្ពុជា និងនៅបណ្ដាប្រទេសមួយចំនួនទៀត ហើយបញ្ហានេះបានក្លាយជារូបភាពអវិជ្ជមានមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញវិនិយោគ និងភ្ញៀវទេសចរ។ អ្នកជំនាញរូបនេះ បានចាត់ទុកការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល កាលពីពេលថ្មីៗជាជម្រើសថ្មីក្នុងការទប់ស្កាត់ និងបង្រ្កាបលើបញ្ហានេះ។ លោក យង់ គិមអេង យល់ឃើញថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា រដ្ឋាភិបាលត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្ដែង ក៏ដូចជាកំណត់មុខសញ្ញា និងតំបន់ប្រព្រឹត្តបទល្មើសឱ្យបានច្បាស់លាស់ ជាពិសេសត្រូវបើកឱ្យមានការចូលរួមពីសាធារណជនឱ្យបានទូលំទូលាយ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងកាលពីពេលថ្មីៗថា សមត្ថកិច្ចតែងបង្រ្កាប និងចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់។ តែយ៉ាងណាឯកឧត្តមទទួលស្គាល់ថា ការបង្រ្កាបបទល្មើសឆបោកបោកតាមប្រព័ន្ធអនឡាញ មិនងាយស្រួលនោះទេ ហើយក៏មានភាពស្មុគស្មាញច្រើនដែរ ដែលទាមទារឱ្យមានចំណេះដឹងខ្ពស់ និងតម្រូវឱ្យមានការសហការជាមួយបណ្តាប្រទេសផ្សេងៗ ព្រោះករណីខ្លះក្រុមឧក្រិដ្ឋជនឆបោកមកពីក្រៅប្រទេស។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើជាប្រធាន។ គណៈកម្មការនេះ មានភារកិច្ចដាក់ចេញនូវវិធានការក្នុងការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ការទប់ស្កាត់ ក៏ដូចជាពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តរបស់អ្នកពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ បូ ដូឡា