លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា នៅពេញ១ឆ្នាំ២០២៤ កន្លងទៅ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្រមូលចំណូលកាតព្វកិច្ចពីវិស័យល្បែងពាណិជ្ជកម្មបានជាង៦០លានដុល្លារ កើនឡើង៨៥%បើ ធៀបនឹងឆ្នាំ២០២៣។ ដើម្បីពង្រឹងយន្តការប្រមូលចំណូលពីវិស័យនេះនៅឆ្នាំ២០២៥នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងបន្តអនុវត្តវិធានការទារបំណុលចាស់ដែលនៅសេសសល់ និងពង្រឹងយន្តការត្រួតពិនិត្យ និងសវនកម្មគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងពង្រឹងអនុលោមភាពនៃប្រតិបត្តិការល្បែងពាណិជ្ជកម្ម ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងពង្រឹងការអនុវត្តវិធានការនេះ គណៈកម្មការនេះ កំពុងរៀបចំការិយាល័យសម្រាប់មន្ត្រីរបស់ខ្លួន ដើម្បីប្រចាំការនៅក្នុងកាស៊ីណូ និងចុះតាមដានត្រួតពិនិត្យជាលក្ខណៈឆ្មក់ផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ទីប្រឹក្សាបច្ចេកទេសរូបនេះ។
ពាក់ព័ន្ធការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនេះដែរ នៅក្នុងឆ្នាំ២០២៥ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ផែនការឱ្យគណៈកម្មការខាងលើ ប្រមូលចំណូលពីកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណឱ្យបាន២៨៦ប៊ីលានរៀល ឬប្រមាណជាង៧០លានដុល្លារ ថយចុះ១,៧% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតឱ្យបើកដំណើរការល្បែងពាណិជ្ជកម្មតែពីរប្រភេទប៉ុណ្ណោះ រួមមានកាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតឲ្យដំណើរការនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់ជាល្បែងខុសច្បាប់។ បច្ចុប្បន្នគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានផ្តល់អាជ្ញាបណ្ណដល់កាស៊ីណូចំនួន១៩៥ តែគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន១ និងព្យួរចំនួន១ ព្រមទាំងផុតសុពលភាពចំនួន១៥ ខណៈកាស៊ីណូដែលមានអាជ្ញាបណ្ណ កំពុងបើកដំណើរការអាជីវកម្ម៕
អត្ថបទ៖ បូ ដូឡា