ដ្បិតតែឱកាសសម្រាប់ចាប់ផ្ដើមមានដូចគ្នា ប៉ុន្ដែ កម្រិតនៃការលូតលាស់និងសក្ដានុពលរបស់ក្រុមហ៊ុននីមួយៗ គឺមានមិនដូចគ្នានោះទេ។ ខេមបូណូមីស សូមលើកយកក្រុមហ៊ុនក្នុងស្រុកធំៗចំនួន១០ ដែលកំពុងមានឥទ្ធិពលខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយនេះក៏មិនមែនជាការវាយតម្លៃ ឬឲ្យចំណាត់ថ្នាក់ផ្លូវការនោះទេ ប៉ុន្ដែ វាគ្រាន់តែជាការកត់សម្គាល់របស់ ខេមបូណូមីស ប៉ុណ្ណោះ។
ក្រុមហ៊ុនទាំងនោះ រួមមានដូចខាងក្រោម៖
១. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group)
ចំពោះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អាចនិយាយបានថា គឺជាម្ចាស់អាណាចក្រនៃវិស័យជំនួញនៅកម្ពុជា ខណៈដែលក្រុមហ៊ុនក្នុងស្រុកមួយនេះ គឺជាបណ្ដុំនូវការវិនិយោគធំៗរវាងក្រុមហ៊ុនជាដៃគូជាច្រើនមកពីបរទេស។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះមានវិសាលភាពគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើនក្នុងសេដ្ឋកិច្ចរបស់កម្ពុជា និងត្រូវបានគេកត់សម្គាល់ឃើញថា គឺជាក្រុមហ៊ុនមួយដែលមានការវិនិយោគច្រើនមុខជំនួញជាងគេនៅកម្ពុជា តួយ៉ាង ក្រុមហ៊ុននេះបានវិនិយោគលើវិស័យទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ អភិវឌ្ឍន៍អចលនទ្រព្យ ការជួញដូរទំនិញ និងកសិកម្មជាដើម។
គួររំលេចថា ក្រុមហ៊ុនមួយនេះត្រូវបានគេដឹងថា មានការគ្រប់គ្រងដោយមហាសេដ្ឋីល្បីឈ្មោះ និងមានឥទ្ធិពលមួយរូបនៅក្នុងសមរភូមិមុខជំនួញ គឺអ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផង និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ផង។
ខាងក្រោមនេះជាឈ្មោះក្រុមហ៊ុន ដែលស្ថិតក្រោមក្រុមហ៊ុនមេ រ៉ូយ៉ាល់ គ្រុប៖
២. ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)
ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន OCIC គឺជាសម្ព័ន្ធក្រុមហ៊ុនដែលមានទំនាក់ទំនងគ្នាយ៉ាងសកម្មលើការវិនិយោគគម្រោងជាច្រើន ដោយមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកគ្រប់គ្រង។
OCIC អាចនិយាយបានថា គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលបាននិងកំពុងវិនិយោគលើគម្រោងអចលនទ្រព្យធំៗជាច្រើននៅកម្ពុជា ហើយក្រោមការគ្រប់គ្រងរបស់តារាជំនួញអាត់កឺ ពុង ឃាវសែ ក្រុមហ៊ុននេះ បានវិនិយោគលើការសាងសង់បង្កើតទីក្រុងរណបធំៗចំនួន២ គឺទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបជ្រោយចង្វារ ដែលគម្រោងនីមួយៗមានការវិនិយោគរាប់ពាន់លានដុល្លារ។
ក្រៅពីទីក្រុងរណប ក្រុមហ៊ុននេះក៏មានវិនិយោគលើគម្រោងលំនៅឋាននិងអគារពាណិជ្ជកម្មជាច្រើនកន្លែងផងដែរ ដូចជា បុរីទន្លេបាសាក់ បុរីចម្ការមន បុរីវីរជន សាន់វ៉េ ស៊ីធី គម្រោងអូឡាំព្យា ស៊ីធី ផ្សារទំនើប រតនាផ្លាហ្សា សូរិយា សុវណ្ណា អគារខុនដូរ សណ្ឋាគារ ហើយថ្មីៗនេះក៏កំពុងសាងសង់លើគម្រោងបុរីសង្ឃឹមថ្មី (New Hope) ដែលជាលំនៅដ្ឋានសម្រាប់អ្នកចំណូលទាប-មធ្យម និងបានសាងសង់បុរីលំនៅឋាននៅតាមបណ្ដាខេត្តជាច្រើនទៀតផងដែរ ។ល។
ងាកមកជំនួញធនាគារនិងហិរញ្ញវត្ថុវិញ លោកអ្នកប្រហែលស្គាល់ច្បាស់ហើយពីកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ធនាគារកាណាឌីយ៉ា ដែលមានសាខារាប់សិបកន្លែងនៅទូទាំងប្រទេស និង១សាខានៅប្រទេសឡាវ។ លើសពីនេះ ក្រោមសហវិនិយោគជាមួយនឹងដៃគូពីក្រៅប្រទេស ធនាគារកាណាឌីយ៉ា ក៏មានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ និងក្រុមហ៊ុនធានារ៉ាប់រង កម្ពុជា-វៀតណាម ផងដែរ។
មិនតែប៉ុណ្ណោះ ក្រោមសម្ព័ន្ធនៃក្រុមហ៊ុនរបស់កាណាឌីយ៉ា ក៏មានការវិនិយោគលើសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ផ្សារ និងឃ្លាំងស្ដុកទំនិញជាច្រើនផ្សេងទៀត។ល។
៣. ក្រុមហ៊ុន ជីបម៉ុង គ្រុប (Chip Mong Group)
ក្រុមហ៊ុនជីបម៉ុង គ្រុប នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំឡើងៗ ខណៈថ្មីៗនេះ ក្រុមហ៊ុនក្នុងស្រុកមួយនេះបានពង្រីកការវិនិយោគរបស់ខ្លួនលើការសាងសង់គម្រោងលំនៅឋានលំដាប់ខ្ពស់ជាច្រើនកន្លែង។
ថ្មីៗនេះផងដែរ ក្រុមហ៊ុន ជីបម៉ុង ក៏បានបង្កើតរោងចក្រដ៏ធំចំនួនពីរទៀត សម្រាប់ការផលិតចំណីសត្វ និងស៊ីម៉ងត៍។ ក្រៅពីការវិនិយោគលើគម្រោងថ្មីនេះ ជីបម៉ុង ក៏មានមុខជំនួញជាច្រើនទៀត ដូចជា រោងចក្រផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈជាច្រើនមុខ នាំចូលផលិតផលគ្រឿងសំណង់ គ្រឿងសម្រាប់តុបតែងលំនៅដ្ឋាន និងនាំចូលផលិតផលចំណីអាហារច្រើនទៀតផងដែរ។
ក្រុមហ៊ុនក្នុងស្រុកដែលកំពុងមានឈ្មោះបោះសំឡេងលើវិថីជំនួញមួយនេះ ត្រូវបានគេដឹងថា មានការគ្រប់គ្រងផ្ទាល់ពីសំណាក់លោកជំទាវ ឧកញ៉ា ភាព ហៀក ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងដោយមានជំនួយការងារពីកូនប្រុសដ៏ល្បីឈ្មោះទាំងពីររបស់លោកជំទាវ គឺលោកឧកញ៉ា លាង ម៉េង និងលោកឧកញ៉ា លាង ឃុន។
៤. ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (Attwood Import Export)
ក្រោមការដឹកនាំរបស់លោកជំទាវ ឧកញ៉ា លឹម ឈីវហូ តាំងពីទសវត្សរ៍ទី៩០មក ក្រុមហ៊ុន អ៊ែតវូត បានបន្តនូវកិត្យានុភាព និងបានកសាងអាណាចក្រអាជីវកម្មរបស់ខ្លួនមិនចាញ់ក្រុមហ៊ុនក្នុងស្រុកគ្រាក់ៗដទៃទៀតនោះឡើយ។
ក្រុមហ៊ុនមួយនេះត្រូវបានគេស្គាល់ច្បាស់ តាមរយៈការរកស៊ីនាំចូលនូវផលិតផលស្រាម៉ាកល្បីៗ ដែលមានតម្លៃខ្ពស់មកលក់នៅកម្ពុជា ដូចជា Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona ជាដើម។
ក្រៅពីនេះ ក្រុមហ៊ុន អ៊ែតវូត ក៏មានវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង តួយ៉ាងតំបន់សេដ្ឋកិច្ចភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ដែលបាននិងកំពុងផ្ដល់នូវឱកាសវិនិយោគ ក៏ដូចជាការបង្កើតការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរផងដែរ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក្រុមហ៊ុនមួយនេះក៏បានវិនិយោគសាងសង់សាលារៀនអន្តរជាតិដ៏ធំមួយទៀត និងគ្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលសម្រាប់ទទួលមនុស្សចាស់ជរានៅពេលឆាប់ៗខាងមុខផងដែរ។ សូមបញ្ជាក់ថា ក្រៅពីឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន អ៊ែតវូត ក៏មានប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវផងដែរ។
៥. ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប (L.Y.P Group)
L.Y.P Group ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមេដ៏ធំមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមិនតិចជាង១០នោះទេ។ ក្រុមហ៊ុនមួយនេះ ត្រូវបានបង្កើតឡើងនៅអំឡុងទសវត្សរ៍ទី៩០ ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាស្ថាបនិក និងត្រូវបានមហាជនឲ្យរហ័សនាមថា ជា«ស្តេចកោះកុង» ព្រោះគាត់មានដើមកំណើត និងបានកសាងអាជីវកម្មឡើងចេញពីខេត្តជាប់ទល់ដែនថៃមួយនេះ និងបានចាក់ឫសយ៉ាងរឹងមាំ និងពង្រីកខ្លួនជាបន្តបន្ទាប់។
មុខជំនួញ ក្រោមកិត្តនាមក្រុមហ៊ុន អិល.វ៉ាយ.គ្រុប មានគ្រប់ដណ្ដប់លើវិស័យជាច្រើននៅកម្ពុជា ដូចជា សណ្ឋាគារ និងកម្សាន្ដ ក្រុមហ៊ុននេះមានកាន់កាប់រហូតដល់៦កន្លែងក្នុងនោះ៖
- រមណីយដ្ឋានកោះកុង ដែលជាសណ្ឋាគារផ្កាយ ៥ និងកាស៊ីណូ ស្ថិតនៅលើបន្ទាត់ព្រំដែនខ្មែរថៃ ក្បែរច្រកព្រំដែនអន្តរជាតិ ចាំយាម។
- សណ្ឋាគារភ្នំពេញ លំដាប់ផ្កាយ៤ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។
- សណ្ឋាគារ និងកាស៊ីណូ អូរស្មាច់ ខេត្តឧត្តរមានជ័យ ភាគពាយ័ព្យប្រទេសកម្ពុជា ជាប់នឹងព្រំដែនថៃ។
- សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅភ្នំពញ ចន្លោះផ្លូវជាតិលេខ៥ និងលេខ៦។
- ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ដែលស្ថិតនៅក្បែរគ្នានឹងសណ្ឋាគារ ហ្គាឌិន ស៊ីធី។
- សួនសត្វ សាហ្វារី វើល ភ្នំពេញ ដែលរើយកមកពីខេត្តកោះកុង ដែលគ្រោងនឹងបើកសម្ពោធឲ្យសាធារណជនចូលទស្សនានាចុងឆ្នាំ២០១៧នេះ។
ក្រៅពីវិស័យសណ្ឋាគារនិងរមណីយដ្ឋាន ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប ក៏មានវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើងសម្រាប់ផ្គត់ផ្គង់នៅទូទាំងខេត្តកោះកុង និងខេត្តឧត្តរមានជ័យផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះក៏មានវិនិយោគលើវិស័យកសិកម្មដែរ តួយ៉ាង រោងចក្រផលិតស្ករស ភ្នំពេញ ស៊ូហ្គើរ ត្រូវបានវិនិយោគក្រោមទឹកប្រាក់ប្រមាណ ២០០លានដុល្លារនៅខេត្តកំពង់ស្ពឺ និងមានការវិនិយោគលើចម្ការកៅស៊ូ នៅខេត្តត្បូងឃ្មុំផងដែរ។
ងាកទៅមើលវិស័យជួញដូរទំនិញវិញ ក្រុមហ៊ុននេះក៏ជាតំណាងចែកចាយផ្ដាច់មុខដ៏ធំនូវផលិតផលជាច្រើនសម្រាប់ទីផ្សារកម្ពុជា រួមមាន បារី ភេសជ្ជៈ ជាច្រើនមុខ និងការនាំចូលរថយន្ដជាដើម ហើយកាលពីពេលថ្មីនេះៗ ក្រុមហ៊ុនមួយនេះក៏បានសហការជាមួយក្រុមហ៊ុនថៃ វិនិយោគលើផ្សារលក់ទំនិញបោះដុំនិងលក់រាយដ៏ធំពីប្រទេសថៃ Makro ដែលនឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
នៅមិនទាន់អស់នោះទេ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏មានវិនិយោគទីក្រុងរណបនិងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែងផងដែរ ព្រមជាមួយនឹងការវិនិយោគលើស្ថានីយទូរទស្សន៍ដ៏ធំជាងគេនៅកម្ពុជា គឺស្ថានីយទូរទស្សន៍ PNN ដែលកំពុងឈរលំដាប់នាំមុខគេមួយលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយ។
ដោយសារតែការរៀបរាប់នៅមានវែងអន្លាយតទៀត ខេមបូណូមីស សូមស្លេះខ្លឹមសារត្រឹម ៥ក្រុមហ៊ុននេះសិន ហើយយើងនឹងបកស្រាយក្រុមហ៊ុនមួយចំនួនទៀតនៅវគ្គបន្ត។ ដូច្នេះ សូមរង់ចាំតាមដានអាន និងចែករំលែកទាំងអស់គ្នា...!!!