ក្រុមហ៊ុន ឆេវរ៉ុន បានប្រកាសកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ថា ខ្លួនបានព្រមព្រៀងទិញយកក្រុមហ៊ុន ហេសខប់ ក្នុងតម្លៃ៥៣ពាន់លានដុល្លារ ក្រោយពីគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺក្រុមហ៊ុន អ៊ិកសុន បានចំណាយថវិកាចំនួន៦០ពាន់លានដុល្លារ នៅដើមខែនេះ ដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុន Pioneer Natural Resources ។ ការទិញយកភាគហ៊ុនទាំងនេះ នឹងបន្ថែមផលិតកម្មប្រេង និងឧស្ម័នជាច្រើនឆ្នាំទៅក្នុងភាគហ៊ុនរបស់អ្នកផលិតដ៏កំពូលនៅសហរដ្ឋអាម៉េរិកទាំង២នេះ។
នាយកប្រតិបត្តិក្រុមហ៊ុន ឆេវរ៉ុន លោក ម៉ៃឃែល វើដ (Michael Wirth) ដែលបានកាន់កាប់ភាគហ៊ុនប្រេង និងឧស្ម័នយ៉ាងច្រើនរបស់ក្រុមហ៊ុននេះតាមរយៈការទិញភាគហ៊ុនរបស់គូប្រជែងនៅអាម៉េរិក គឺក្រុមហ៊ុន PDC Energy និង Noble Energy នោះបាននិយាយថា វាពិតជាអស្ចារ្យ សម្រាប់សន្តិសុខថាមពល ដែលបានទិញភាគហ៊ុនក្រុមហ៊ុនអាម៉េរិកដ៏អស្ចារ្យទាំង២នេះ។
ការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Hess ក្រុមហ៊ុន PDC និងក្រុមហ៊ុន Noble នេះ នឹងនាំមកនូវទិន្នផលប្រេង និងឧស្ម័នសរុបរបស់ក្រុមហ៊ុន Chevron រហូតដល់ប្រហែលជិត៤លានបារ៉ែលក្នុងមួយថ្ងៃ ហើយវានឹងពង្រីកទិន្នផលប្រេងសែលរបស់ក្រុមហ៊ុន Chevron បាន៤០% គឺឡើងដល់ជាង១លានបារ៉ែលក្នុងមួយថ្ងៃ ដែលជិតស្នើនឹងទិន្នផលប្រេងសែលរបស់ក្រុមហ៊ុន Exxon បន្ទាប់ពីក្រុមហ៊ុននេះបានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Pioneer Natural Resources។
កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យក្រុមហ៊ុន Chevron នូវភាគហ៊ុន៣០%នៅក្នុងប្លុកប្រេងរបស់ក្រុមហ៊ុន Exxon និងក្រុមហ៊ុន CNOOC នៅប្រទេសហ្គូយ៉ាណា (Guyana) ដែលត្រូវបានគេរំពឹងថា នឹងកើនឡើង៣ដង ដល់ជាង១លានបារ៉ែល ក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ២០២៧។
ក្រុមអ្នកវិភាគរបស់ផ្សារហ៊ុន Capital One Securities បានសរសេរនៅក្នុងកំណត់ត្រាមួយថា កិច្ចព្រមព្រៀងនេះ គឺនិយាយពីទ្រព្យសកម្មនៅហ្គូយ៉ាណាលំដាប់ពិភពលោក ដែលជាគ្រឿងមកុដអលង្ការនៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន ហេស ខប់។ ប្រទេសហ្គូយ៉ាណា បានក្លាយទៅជាខេត្តប្រេង ដែលរីកលូតលាស់លឿនបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពីគេបានរកឃើញប្រេង និងឧស្ម័នជាង១១ពាន់លានបារ៉ែល ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ៕
អត្ថបទ៖ សុខ ជា