សង្រ្គាមមជ្ឈិបូព៌ា

ប្រធាន IEA ជឿថា សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ នឹងជួយពន្លឿនការផ្លាស់ប្តូរទៅរកថាមពលស្អាត


ខណៈដែលប្រទេសជាច្រើននៅក្នុងពិភពលោក ជាពិសេសប្រទេសបស្ចិមលោកកំពុងតែព្យាយាមងាកចេញពីថាមពលឥន្ធនៈទៅរកថាមពលកកើតឡើងវិញនោះ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IEA បាននិយាយកាលពីថ្ងៃទី២៣ ខែតុលា ថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ទំនងជាបង្កើនល្បឿននៃការផ្លាស់ប្តូរពិភពលោកទៅកាន់ប្រភពថាមពលស្អាតកាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សង្រ្គាមមជ្ឈិបូព៌ា
ដោយ

នាយកប្រតិបត្តិ IEA លោក ហ្វាទី ប៊ីរ៉ូល (Fatih Birol) បានប្រាប់សារព័ត៌មាន Nikkei Asia ក្នុងសម្ភាសតាមទូរសព្ទមួយថា ក្នុងរយៈពេលដ៏ខ្លីសោះពិភពលោកបានឆ្លងកាត់ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយចំនួនដែលជះឥទ្ធិពលដល់លទ្ធភាព តម្លៃប្រេង និងឧស្ម័នធម្មជាតិ ហើយបើគេក្រឡេកមើលពិភពថាមពលនៅថ្ងៃនេះ និងថ្ងៃស្អែកវិញ គឺគេពិបាកនឹងជឿថា ប្រេង និងឧស្ម័នគឺជាជម្រើសថាមពលដ៏មានសុវត្ថិភាព ឬសន្តិសុខសម្រាប់ប្រទេស ឬអ្នកប្រើប្រាស់នៅទូទាំងពិភពលោកខ្លាំងណាស់។

ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងតែអង្រួនទីផ្សារប្រេងដែល​ស្រដៀងគ្នានឹងអ្វីដែលប្រទេសរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ទីផ្សារឧស្ម័នអ៊ីចឹងដែរ។

លោក ប៊ីរ៉ូល បាននិយាយថា តំបន់មជ្ឈិមបូព៌ា បាននាំចេញប្រេងប្រហែលមួយភាគបីនៃការនាំចេញប្រេងនៅក្នុងពិភពលោក ហើយការកើនឡើងនៃសង្រ្គាមនេះ នឹងជះឥទ្ធិពលដល់ផ្លូវពាណិជ្ជកម្មដូចជាច្រកសមុទ្រហ័រមូស (Hormuz) ជាដើម ហើយវានឹងរំខានការផ្គត់ផ្គង់ប្រេង និងធ្វើឱ្យតម្លៃថាមពលកើនកាន់តែខ្ពស់ ដែលជាឧបសគ្គដល់ការរំពឹងទុកពីកំណើនសេដ្ឋកិច្ច ដែលកំពុងតែផុយស្រួយរួចទៅហើយ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង។

លោក ប៊ីរ៉ូល បានកត់សម្គាល់ថា នៅពេលវិបត្តិប្រេងបានកើតឡើងនៅក្នុងទសត្សរ៍ឆ្នាំ១៩៧០ គេឃើញរដ្ឋាភិបាលខ្លះបានឆ្លើយតបទៅនឹងវិបត្តិនេះដោយបានបង្កើតរោងចក្រថាមពលនុយក្លេអ៊ែ និងជំរុញឱ្យមានរថយន្តស៊ីប្រេងតិចកាន់តែច្រើនថែមទៀត។

ដូច្នេះហើយពេលនេះបើសិនពិភពលោកនៅតែជួបប្រទះដោយផ្ទាល់នូវវិបត្តិផ្គត់ផ្គង់ និងភាពស្រពេចស្រពិល នៃភូមិសាស្ត្រនយោបាយតទៅទៀត លោក ប៊ីរ៉ូល ជឿថា វិបត្តិទាំងនេះ នឹងជួយពន្លឿនការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងអ្នកប្រើឱ្យងាកទៅរកជម្រើសថាមពលស្អាតកាន់តែលឿន។

ទីភ្នាក់ងារ IEA បាននិយាយក្នុងរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយកាលពីថ្ងៃអង្គារថា ក្រោមការកំណត់គោលនយោបាយថ្ងៃនេះ តម្រូវការសកលសម្រាប់ធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ នឹងកើនឡើងដល់កំពូលក្នុងទសវត្សរ៍នេះ ដោយចំណែកនៃឥន្ធនៈហ្វូស៊ីលក្នុងល្បាយថាមពលសកលនឹងធ្លាក់ចុះដល់៧៣% នៅឆ្នាំ២០៣០ ហើយការបំភាយកាបូនឌីអុកស៊ីតទាក់ទិននឹងថាមពល ក៏នឹងឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២៥ ផងដែរ។

លោក ប៊ីរ៉ូល បានព្រមានថា បើទោះជាមានការបង្កើតគោលនយោបាយបច្ចុប្បន្នដល់កម្រិតកំពូលក៏ដោយ ក៏ប៉ុន្តែគោលនយោបាយនេះនឹងមិនឈានដល់គោលដៅអាកាសធាតុរបស់ពួកគេនោះឡើយ ខណៈដែលសីតុណ្ហភាពនឹងកើនឡើងជាង២អង្សាសេបន្ថែមទៀតនៅឆ្នាំនេះ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ស្ថានភាពថាមពលពិភពលោកនឹងខុសប្លែកខ្លាំងក្នុងរយៈពេល៧ឆ្នាំទៀត រាប់ចាប់ពីពេលនេះទៅពាក់ព័ន្ធនឹងតួនាទីដ៏ប្រសើរសម្រាប់បច្ចេកវិទ្យាស្អាត។

លោកបានបន្ថែមថា នៅឆ្នាំ២០៣០ នឹងមានរថយន្ត២ក្នុងចំណោម៥ ដែលលក់ក្នុងពិភពលោកនឹងប្រើប្រាស់អគ្គិសនី ខណៈដែលថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែនឹងកាត់បន្ថយចំណែកនៃឥន្ធនៈហ្វូស៊ីលក្នុងការផលិតអគ្គិសនីពី៦០% មកនៅត្រឹម៤០% នៅឆ្នាំនេះ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ឆេវរ៉ុន ទិញយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន ហេសខប់

ក្រុមហ៊ុន ឆេវរ៉ុន (Chevron) របស់សហរដ្ឋអាម៉េរិក បានយល់ព្រមទិញយកភាគហ៊ុនទាំងអស់ពីក្រុមហ៊ុនសាជីវកម្ម ហេស ខប់ (Hess Corp) ក្នុងតម្លៃជាង៥…

លោក វ៉ាង យី ថា ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន តែត្រូវគិតពីអាយុជីវិតជនស៊ីវិល

សហរដ្ឋអាម៉េរិកបានប្រកាសកាលពីពេលថ្មីៗថា ប្រមុខអ្នកកាទូតចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដែលជាដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ