លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការប្រកាសដំឡើងពន្ធនាំចូលថ្មីរហូតដល់១៥% លើទំនិញពីគ្រប់ប្រទេសជុំវិញពិភពលោករបស់លោក ដូណាល់ ត្រាំ ហាក់ដូចជានៅមានភាពស្រពេចស្រពិល ដែលបង្ហាញថា វិធានការនេះនឹងមានអ្វីប្រែប្រួលនាពេលខាងមុខ។ ការវាយតម្លៃបែបនេះ ដោយសារ លោកស្រី កត់សម្គាល់ឃើញថា លោក ត្រាំ តែងតែផ្លាស់ប្ដូរនៅអ្វី ដែលលោកបានលើកឡើងជារឿយៗ។ លោកស្រីយល់ថា យុទ្ធសាស្ត្ររបស់លោក ត្រាំ តែងតែមានភាពបត់បែនខ្លាំង ដូចនេះផលប៉ះពាល់ផ្ទាល់មកលើកម្ពុជា នៅមិនទាន់អាចវាយតម្លៃបានច្បាស់លាស់នៅឡើយទេ ក្នុងដំណាក់កាលនេះ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ក្នុងបរិបទដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំណត់អាត្រាពន្ធស្មើគ្នា១៥% លើប្រទេសក្នុងពិភពលោក ទោះបីស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែលោកយល់ថា នៅពេលនេះកត្តាប្រកួតប្រជែងសំខាន់លែងស្ថិតនៅលើអាត្រាពន្ធប្រចាំប្រទេសទៀតហើយ គឺវាស្ថិតនៅលើលទ្ធភាពផលិត គុណភាពផលិតផល និងថ្លៃដើមផលិតទៅវិញទេ។ ជាការកត់សម្គាល់របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជា ចាំបាច់គួរតែបន្តរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងសេរីភាពនយោបាយ រួមទាំងបន្តកែលម្អបរិយាកាសវិនិយោគ និងពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក និងភ្លើងជាដើម។
គួររំលឹកផងដែរថា ទោះបីជាអំណាចនៃការកំណត់ពន្ធជាទូទៅស្ថិតក្រោមសមត្ថកិច្ចរបស់សភាអាម៉េរិកក៏ដោយ ប៉ុន្តែលោក ដូណាល់ ត្រាំ នៅតែមានសិទ្ធិប្រើប្រាស់ច្បាប់ពាណិជ្ជកម្មពិសេសៗ ដើម្បីដាក់ចេញនូវវិធានការពន្ធបណ្តោះអាសន្ន ដែលលោកយល់ថាចាំបាច់សម្រាប់ការពារផលប្រយោជន៍សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។ ដូចនេះ ការត្រៀមខ្លួនឱ្យរួចរាល់របស់ប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រតែមួយគត់ដើម្បីរក្សាស្ថិរភាពនាំចេញក្នុងរយៈពេលវែង៕
អត្ថបទ៖ ជា ម៉ារ៉ា