ប្រទេសឥណ្ឌូនេស៊ី កំពុងក្លាយជាទីផ្សារកាន់តែសំខាន់ខ្លាំងឡើងសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV)ជាច្រើន ខណៈដែលប្រទេសនេះអួតសរសើរពីឋានៈរបស់ខ្លួនជាប្រទេសផលិតរ៉ែនីកែល (Nickel) ដ៏ធំបំផុតរបស់ពិភពលោក ដែលរ៉ែនីគែលនេះ ជាសមាសធាតុដ៏សំខាន់នៅក្នុងអាគុយសម្រាប់រថយន្តអគ្គិសនី(EV)។ ឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ របស់ពិភពលោកជាមួយនឹងចំនួនប្រជាជនសរុបជាង២៧០លាននាក់ កំពុងអំពាវនាវឱ្យឧស្សាហកម្មរថយន្តរបស់ពិភពលោកហក់ចូលទីផ្សាររថយន្តដ៏ធំរបស់ខ្លួន។
នៅឯពិព័រណ៍រថយន្តអន្តរជាតិ ឥណ្ឌូនេស៊ី (Indonesia International Motor Show) ដែលកំពុងប្រព្រឹត្តទៅ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្ត EV ឈានមុខគេរបស់វៀតណាម បានបញ្ចេញរថយន្តចង្កូតស្តាំពីរម៉ូឌែល គឺម៉ូឌែល VFe34 និងម៉ូឌែឡ VF5 ដែលសុទ្ធតែមានកៅអី៥។ ម៉ូឌែល VFe34 មានតម្លៃប្រមាណ១ម៉ឺន៩ពាន់ដុល្លារអាម៉េរិក ខណៈម៉ូឌែល VF5 មានតម្លៃប្រមាណ១ម៉ឺន៦ពាន់ដុល្លារអាម៉េរិក។
តម្លៃទាំងនេះមិនដល់ពាក់កណ្តាលផងទេ បើធៀបនឹងតម្លៃជាមធ្យមសម្រាប់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក។ ប៉ុន្តែវានៅតែមានតម្លៃថ្លៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់ពលរដ្ឋមានត្រឹមប្រមាណ២០៣ដុល្លារអាម៉េរិក។
អ្នកតំណាងផ្នែកលក់ម្នាក់របស់ក្រុមហ៊ុនចិន BYD បានប្រាប់សារព័ត៌មាន Nikkei Asia ថាក្រុមហ៊ុននាំចូលរថយន្តរបស់ខ្លួនពីប្រទេសចិន ប៉ុន្តែគ្រោងនឹងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយផ្ទាល់ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់គម្រោងផលិតនេះនៅឡើយទេ។
ក្រុមហ៊ុន BYD ទើបតែបានចាប់ផ្តើមលក់រថយន្តអគ្គិសនី (EV) របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងខែមករា ដើមឆ្នាំ២០២៤ ប៉ុណ្ណោះ ប៉ុន្តែរថយន្តក្រុងរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយបណ្តាញដឹកជញ្ជូនសាធារណៈ TransJakarta របស់ប្រទេសនេះអស់រយៈពេលពីរឆ្នាំកន្លងមកហើយ។
ម៉ូឌែលរថយន្តអ្នកដំណើរ (Passenger Car) ចុងក្រោយបង្អស់របស់ BYD គឺ Atto 3 ដែលមានតម្លៃប្រមាណជិត៣ម៉ឺន៣ពាន់ដុល្លារអាម៉េរិក កំពុងតែបង្អួតរាងនៅក្នុងពិព័រណ៍រថយន្តនេះ ដែលបន្តរហូតដល់ថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។ វាជាលើកទី១ ហើយដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ឈានមុខគេរបស់ប្រទេសចិន មួយនេះដាក់តាំងបង្ហាញរថយន្តនៅក្នុងកម្មវិធីតាំងពិព័រណ៌នេះចាប់តាំងពីចូលទីផ្សាររថយន្តដឹកអ្នកដំណើរមក។ សូមបញ្ជាក់ថា ក្រៅពី VinFast និង BYD ក៏មានការចូលរួមពីក្រុមហ៊ុនផលិតរថយន្តមួយចំនួនទៀតផងដែរ៕
ដោយ: តែម សុខុម