ល្បែងប្រជាប្រិយ

អ្នកជំនាញបារម្ភពីការបាត់បង់ការលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយមានការហូរចូលល្បែងកម្សាន្តនានា ពីប្រទេសជិតខាង


អ្នកជំនាញកត់សម្គាល់ឃើញថា ការលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅ២០ឆ្នាំចុងក្រោយនេះ ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីយុវជនមួយចំនួននោះទេ ក្រោយមានការហូរចូលល្បែងកម្សាន្តនានា ពីប្រទេសជិតខាង។ ការជះទឹក និងប៉ាតម្សៅបានក្លាយជាល្បែងដ៏ពេញនិយមសម្រាប់យុវជនលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបញ្ហានេះកំពុងបង្កជាក្តីបារម្ភក្នុងការធ្វើឱ្យបាត់បង់ល្បែងប្រជាប្រិយខ្មែរ។
ល្បែងប្រជាប្រិយ
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលេងជះទឹក និងប៉ាតម្សៅពីសំណាក់យុវជនមួយចំនួនហាក់ក្លាយទៅជាទម្លាប់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីទៅហើយ ដោយពួកគេមិនសូវចាប់អារម្មណ៍ជាមួយល្បែងប្រជាប្រិយខ្មែរ ដែលដូនតាបានបន្សល់ទុកឱ្យនោះឡើយ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ តាមទំនៀមទម្លាប់ខ្មែរ ក៏មានការលេងសាចទឹកនេះដែរ តែហាក់ខុសពីការលេងរបស់យុវជនមួយចំនួនបច្ចុប្បន្ន ពោលគឺពលរដ្ឋខ្មែរតែងលេងជះទឹកដាក់គ្នាក្នុងពិធីសូត្រមន្តប្រោះព្រំ និងពិធីស្រង់ព្រះជាដើម។ លោកបណ្ឌិតបន្ថែមថា ការទទួលឥទ្ធិពលពីប្រទេសជិតខាង ស្របពេលអាកាសធាតុក្ដៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងនោះ នាំឱ្យការលេងជះទឹកតាមបែបទំនើបបច្ចុប្បន្ននេះហាក់ពេញនិយមជាងការលេងល្បែងប្រជាប្រិយខ្មែរ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឱ្យយុវជនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរឱ្យបានកាន់តែច្រើន ភាគីពាក់ព័ន្ធត្រូវគិតគូរឱ្យមានគណៈរៀបចំគ្រប់ជាន់ថ្នាក់ ទីតាំងមានម្លប់ ពេលវេលាសមស្របល្អ នឹងមានសម្ភារល្បែងប្រជាប្រិយគ្រប់គ្រាន់។

​​ជាមួយគ្នានេះ លោក ហេង កម្សាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ សង្កេតឃើញថា នៅ២០ឆ្នាំចុងក្រោយនេះ ការល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរហាក់បាត់បង់ទៅបណ្ដើរៗ ដោយសារការឆ្លងពីវប្បធម៌ពីប្រទេសជិតខាង និងជំនួសមកវិញដោយការលេងជះទឹក និងប៉ាតម្សៅ។ បើតាមលោក ហេង កម្សាន្ត នៅសាលារបស់លោកផ្ទាល់បានរៀបចំកម្មវិធីសង្រាន្តកាលពីពេលថ្មីៗនេះ ដោយរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរដើម្បីរួមចំណែកជួយថែរក្សា និងអភិរក្សទំនៀមទម្លាប់ខ្មែរ ក៏ដូចជាល្បែងប្រជាប្រិយខ្មែរ។ ទន្ទឹមនឹងនេះ នាយកសាលារូបនេះ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរដូចជាល្បែងចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អម ទាញព្រ័ត្រជាដើម ដើម្បីថែរក្សាកេរដំណែលដែលដូនតាបានបន្សល់ទុកឱ្យ។

​ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្ដម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធនឹងរៀបចំដាក់ឱ្យមានល្បែងប្រជាប្រិយខ្មែរនៅតាមកម្មវិធីសង្ក្រាន្តនានា តាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរួមចំណែកជួយការពារ និងថែរក្សាល្បែងប្រជាប្រិយខ្មែរ ខណៈការលេងជះទឹក និងលាបម្សៅគ្រាន់តែជាសកម្មភាពបំពេញបន្ថែមតែប៉ុណ្ណោះ។ ទន្ទឹមនឹងស្នើឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្តម ក្រើនរម្លឹកឱ្យយុវជនគ្រប់រូបលេងជះទឹក និងលាបម្សៅ ត្រូវគិតគូរពីសុវត្ថិភាព និងផលប៉ះពាល់នានា។

​គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំឯកសារ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសង្រ្កាន្តជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ជាមួយគ្នានេះ ល្បែងប្រជាប្រិយខ្មែរ គឺជាប្រភេទមរតកវប្បធម៌អរូបី ដែលចាំបាច់តម្រូវឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់បន្តវេន នឹងចូលរួមលេងឱ្យបានច្រើនកុះករ ដើម្បីការពារការបាត់បង់ទៅថ្ងៃអនាគត៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើវិស័យធនាគារនៅកម្ពុជា អាចរងផលប៉ះពាល់ពីការដាក់សម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិក ដែរឬទេ?

ការប្រកាសដំឡើងពន្ធចន្លោះពី១០% រហូតដល់៤៩% លើប្រទេស និងដែនដីជាង១៨០រួមទាំងកម្ពុជា ផង បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅទូទាំងពិភពលោក ខណៈវ…

តម្លៃប្រេងលើទីផ្សារអន្តរជាតិ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្រោយចិនដំឡើងពន្ធលើទំនិញអាម៉េរិក

តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ៧% កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ខណៈដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ