លោកស្រី អាទីតាយ៉ា កាសេមឡាវ៉ាន (Artitaya Kasemlawan) ប្រធានគម្រោងលក់លំនៅឋាននៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Thailand បាននិយាយថា ទីផ្សារអចលនទ្រព្យនៅខេត្តភូកេត មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅពីរឆ្នាំចុងក្រោយនេះ ហើយមានកត្តាជាច្រើន ដែលជំរុញឱ្យមានកំណើននេះ ប៉ុន្តែកត្តាជំរុញសំខាន់ជាងគេ គឺការកើនឡើងនូវចំនួនភ្ញៀវទេសចរបរទេស។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានរាយការណ៍ថា ខុនដូដែលបានលក់នៅក្នុងខេត្តភូកេត នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បានកើនឡើង១៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡើងដល់៣ពាន់យូនីត ហើយកាលពីឆ្នាំមុនកោះភូកេតនេះ បានបង្កើតកំណត់ត្រាមួយដោយបានលក់ខុនដូបានចំនួន៣ពាន់៣រយយូនីត។
លោកស្រី អាទីតាយ៉ា បាននិយាយថា អ្នកទិញបរទេសជាច្រើននៅក្នុងទីផ្សារអចលនទ្រព្យមានប្រភពចេញពីវិស័យទេសចរណ៍ ដោយអ្នកទេសចរបរទេសបានប្រើដំណើរកម្សាន្តក្នុងរដូវវិស្សមកាលរបស់ពួកគេឱ្យទៅជាការវិនិយោគអចលនទ្រព្យ។
នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរដែលបានទៅដល់អាកាសយានដ្ឋានកោះភូកេតបានកើនដល់៦,២លាននាក់ ពោលគឺកើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរទាំងនេះមានភ្ញៀវទេសចរបរទេសជិត៤លាននាក់។
បើយោងតាមការគូសបញ្ជាក់របស់លោកស្រី អាទីតាយ៉ា ភ្ញៀវទេសចរបរទេសដែលបានទិញខុនដូនៅកោះភូកេតច្រើនជាងគេ គឺមកពីប្រទេសចំនួន៥ រួមមានរុស្ស៊ី ចិន ឥណ្ឌា កាហ្សាក់ស្ថាន និងអាល្លឺម៉ង់៕
អត្ថបទ៖ សុខ មង្គល