ខេត្តព្រះសីហនុ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុចង់អភិវឌ្ឍកំពង់ផែទេសចរណ៍ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ ឱ្យក្លាយជាកំពង់ផែអន្តរជាតិ


កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែទេសចរណ៍ដំបូងគេដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំចំនួន២០គ្រឿងក្នុងពេលតែមួយ និងជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចង់ឱ្យកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះ ក្លាយទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការផ្លាស់ប្តូរភ្ញៀវទេសចរទៅវិញទៅមកជាមួយប្រទេសដទៃ។ នេះបើយោងតាមក្រសួងទេសចរណ៍។
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ!
ដោយ

នាពិធីសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំការគាំទ្រពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរភ្ញៀវទេសចរជាមួយប្រទេសជិតខាងដូចជាថៃ និងវៀមណាម និងរំហូរពីបណ្តាប្រទេសដ៏ទៃទៀត។ ការស្នើសុំបែបនេះរបស់អភិបាលខេត្តព្រះសីហនុ គឺដោយសារខេត្តជាប់មាត់សមុទ្រមួយនេះពុំទាន់មានកំពង់ទេសចរណ៍អន្តរជាតិ ដែលអាចផ្លាស់ប្តូរភ្ញៀវទេសចរជាមួយប្រទេសក្នុងតំបន់នៅឡើយទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការតភ្ជាប់វិស័យទេចរណ៍ពីដីគោកទៅដីកោះកម្ពុជាឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ លោកជឿជាក់ថា ប្រសិនជាកំពង់ផែទេសចរណ៍នេះក្លាយទៅជាកំពង់ផែទេសចរណ៍អន្តរជាតិទៀតនោះ វានឹងកាន់តែផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ វិស័យទេសចរណ៍ជាមួយប្រទេសផ្សេងៗ តួយ៉ាងដូចជាប្រទេស ថៃ និងវៀមណាមជាដើម ដោយសារកោះរបស់ប្រទេសទាំង២នេះ មានភ្ញៀវទេសចរអន្តរជាតិជាច្រើនទៅលេងកម្សាន្ត ដូច្នេះនៅពេលកម្ពុជាមានកំពង់ផែអន្តរជាតិសម្រាប់តភ្ជាប់នោះ វានឹងអាចទាក់ទាញទេសចរអន្តជាតិទាំងនោះឱ្យចូលមកកម្ពូជាតាមរយៈទេសចរណ៍តាមផ្លូវទឹកនេះបានកាន់តែច្រើនថែមទៀត ពីព្រោះថាការធ្វើដំណើរតាមផ្លូវទឹកមានភាពងាយស្រួល និងរហ័សជាងផ្លូវគោក។

បើតាម ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អះអាងថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។

បើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី. អីមផត អិចផត ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលបានសិទ្ធវិនិយោគលើកំពង់ផែនេះ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះ គឺអាចឱ្យអូប័រទេសចរណ៍តូចធំចំនួន ២០គ្រឿង អាចចេញចូលបានក្នុងពេលតែមួយ ហើយកំពង់ផែមួយនេះ គឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុផងដែរ៕




អត្ថបទបន្ទាប់


តើគេគួរបារម្ភអំពីការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលសមុទ្រដែរឬទេ?

ព័ត៌មាន
រដ្ឋាភិបាលជប៉ុនចង់ចាប់ផ្តើមបញ្ចេញទឹកមានវិទ្យុសកម្មដែលបន្សាបរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅដើមខែសីហា។ អ្នកជំនាញខ្លះនិយាយថា ក…

ក្រសួងឧស្សាហកម្មប្រើគោលនយោបាយយកអំបិលចិញ្ចឹមអំបិល ដើម្បីអភិរក្សការផលិតនៅកម្ពុជា

ព័ត៌មាន
ក្រោយមើលឃើញដីស្រែអំបិល និងចំនួនអ្នកផលិតអំបិលនៅកម្ពុជាចេះមានតែមានការថយចុះពី១ឆ្នាំទៅ១ឆ្នាំ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ