

ការទទួលបាននូវការដាក់បញ្ចូលរម្មណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូនេះ ត្រូវបានចាត់ទុកថា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀត សម្រាប់កម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ និងប្រវត្តិវិទ្យាដ៏អស្ចារ្យទៅកាន់ពិភពលោក។
ភាពជោគជ័យ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ដែលជាមរតកវប្បធម៌អតីតរាជធានីខ្មែរ បុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា «កោះកេរ» នេះ បាន ឆ្លុះបញ្ចាំងឲ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់នៃសន្ដិភាព ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានបំពេញភារកិច្ចក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍជាតិមាតុភូមិ និងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ ក្រោមព្រះរាជកិច្ចគាំទ្រដ៏វិសេសវិសាលបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

នៅល្ងាចថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក៏មានការរៀបចំពិធីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕
សូមជម្រាបដែរថា បើរាប់បញ្ចូលទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧៕








