កម្តៅការទូតកើនឡើងជាថ្មី ក្រោយមន្ត្រីអាល្លឺម៉ង់ហៅ ស៊ី ជិនពីង «ជនផ្តាច់ការ»

ចិនកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ជួប បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហៅលោក ស៊ី ជិនពីង ថា«ជនផ្តាច់ការ»


ទីក្រុងប៉េកាំងបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិនទៅសាកសួរ និងបំភ្លឺ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ហៅប្រធានាធិបតីចិនលោក ស៊ី ជិនពីង «ជនផ្តាច់ការ»។ ការកោះហៅនេះកើតឡើងបន្ទាប់ពីក្រសួងការបរទេសចិនបានហៅការថ្លែងរបស់មន្ត្រីអាល្លឺម៉ង់«មិនសមហេតុផល និងជាការញុះញង់នយោបាយបើកចំហ»។
កម្តៅការទូតកើនឡើងជាថ្មី ក្រោយមន្ត្រីអាល្លឺម៉ង់ហៅ ស៊ី ជិនពីង «ជនផ្តាច់ការ»
ដោយ

ទោះយ៉ាងណា វាមិនមែនជាលើកទីមួយទេ ដែលមានការហៅបែបនេះលើមេដឹកនាំចិន ខណៈដែលទំនាក់ទំនងអាល្លឺម៉ង់ និងចិននៅមួយរយៈចុងក្រោយនេះមានភាពតឹងតែងខ្លាំងជុំវិញបញ្ហាសិទ្ធិមនុស្ស និងកោះតៃវ៉ាន់ បើទោះបីប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្មធំនឹងគ្នាក៏ដោយ។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃព្រហស្បតិ៍ ពេលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកស្រី អាន់ណាឡេណា ប៊ែរប៊ុក (Annalena Baerbock) រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានថ្លែងទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែនថា«ប្រសិនបើលោក ពូទីន ឈ្នះសង្គ្រាមនេះ តើវានឹងមានន័យបែបណាសម្រាប់ជនផ្តាច់ការផ្សេងទៀតលើពិភពលោកដូចជាលោក ស៊ី ប្រធានាធិបតីចិន? ដូចនេះអ៊ុយក្រែនត្រូវតែឈ្នះដាច់ខាត»។
ក្រោយការថ្លែងបែបនេះ ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះថ្លែងរបស់លោកស្រី ប៊ែរប៊ុក។ លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសសចិនថា «វាមិនសមហេតុផល និងបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ប្រទេសចិន ហើយវាក៏ជាការញុះញង់នយោបាយ»ផងដែរ។ បន្ទាប់ពីមានការប្រតិកម្មបែបនេះ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់ប្រាប់ AFP ថា ឯកអគ្គរដ្ឋទូតអាល្លឺម៉ងនៅចិនលោកស្រី Patricia Flor ត្រូវបានកោះហៅឱស្រាយបំភ្លឺ។

មែនទែនទៅ លោកស្រី ប៊ែរប៊ុក ត្រូវបានគេកត់សម្គាល់ឃើញថា ជាអ្នកដែលតែងរិះគន់ខ្លាំងៗលើប្រទេសចិន។ កាលពីខែសីហា លោកស្រីបានហៅប្រទេសចិនជាការប្រឈមលើ«មូលដ្ឋានគ្រឹះរស់នៅជាមួយគ្នាក្នុងពិភពលោក»។ ថ្មីៗកន្លងទៅ លោកស្រី ក៏បានរិះគន់ចិនជាគូប្រជែងជាប្រព័ន្ធ ជាជាងដៃគូពាណិជ្ជកម្ម។ តែយ៉ាងណា ជំហរក្តៅរបស់ លោកស្រី ត្រូវបានគេមើលឃើញថា ជាការធ្វើឱ្យមានតុល្យភាពក្នុងជួររដ្ឋាភិបាលចម្រុះអាល្លឺម៉ង់។ លោកស្រី ប៊ែរប៊ុក ដែលមកពីគណបក្សបៃតងតែងមានជំហរតឹងរ៉ឹង និងផ្តោតលើបញ្ហាសិទ្ធិមនុស្ស ខណៈដែលលោក អូឡាហ្វ ស្កូល អធិការបតីអាល្លឺម៉ង់មកពីបក្សសង្គមប្រជាធិបតេយ្យ ប្រកាន់ជំហរទន់លើពាណិជ្ជកម្ម។
យ៉ាងណាក៏ដោយ ការកោះហៅកាលពីថ្ងៃអាទិត្យ គឺជាលើកទី៣ហើយ ដែលចិនបានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។ កាលពីខែឧសភា ចិនបានធ្វើម្តងនៅពេលដែលរដ្ឋមន្ត្រីអប់រំអាល្លឺម៉ង់ទៅទស្សនកិច្ចកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាទឹកដីខ្លួន។ ហើយលើកទីពីរគឺនៅពេលដែលអាល្លឺម៉ង់ធ្វើជាប្រធាន G7 កាលពីខែសីហាឆ្នាំ២០២២ ដែលពេលនោះរដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 ចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាតៃវ៉ាន់។ ផ្ទុយទៅវិញ ឆ្លើយតបនឹងការថ្លែងរបស់លោកស្រី អាន់ណាឡេណា ប៊ែរប៊ុក អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់បានឱ្យដឹងថា «ទន្ទឹមនឹងប្រតិកម្ម វាក៏ជាការពិតដែលថាចិនត្រូវបានដឹកនាំដោយរបបកុម្មុយនិស្តឯកបក្ស ហើយវាក៏ផ្ទុយពីការមើលឃើញតាមបែបរបស់យើងតាមបែបផែនប្រជាធិបតេយ្យ»៕




អត្ថបទបន្ទាប់


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី រៀបចំពីធីទូងស្គរអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ មន្ត្រ…

ប្រធានសភាអាមេរិក កំពុងប្រយុទ្ធប្រឆាំងកុំឲ្យមានការបិទរដ្ឋាភិបាល ព្រោះខ្លាចបាត់តំណែង

ព័ត៌មាន
ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក ខេវិន ម៉េកខាធី កាលពីថ្ងៃចន្ទបានធ្លាក់ចូលទៅក្នុងបញ្ហាប្រឈមដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៨ខែចាប់តាំងពី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ