![ទីផ្សារលំនៅឋាន](https://cdn.cambonomist.com/media/images/nngdthl_kpngdksmpthltphsrlsdada.2e16d0ba.fill-960x540.jpg)
ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ កំពុងប្រឈមមុខនឹងសម្ពាធដោយសារតម្លៃសម្ភារសំណង់កើនឡើង ខណៈតម្លៃដីនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលកត្តានេះវានឹងរុញច្រានឱ្យតម្លៃលំនៅឋាននៅក្នុងប្រទេសនេះហក់ឡើងបន្ថែមទៀត។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ដែលបានព្យាករថា តម្លៃលំនៅឋានថ្មីនៅថៃនឹងកើនឡើង០,៨% ខណៈខុនដូនឹងកើនឡើង៣,៦%។
កត្តាដែលធ្វើឱ្យតម្លៃលំនៅឋាននៅប្រទេសថៃ នៅតែអាចរក្សាបានភាពរឹងមាំ គឺដោយសារតម្លៃដី សម្ភារសំណង់ និងកម្លាំងពលកម្មកើនឡើង ដែលបានជំរុញឱ្យតម្លៃលំឋាននៅក្នុងគម្រោងថ្មីកើនឡើង ជាពិសេសនៅតំបន់ដែលមានតម្រូវការខ្ពស់ដូចជាទីក្រុងបាងកក និងតាមបណ្តាខេត្តតាមបណ្តាញប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
តម្លៃសម្ភារសំណង់នៅថៃ នៅពេលនេះ បានកើនឡើង១២% ក្បឿងកើនឡើង៥,៦% ឧបករណ៍អគ្គិសនី និងបរិក្ខារពាក់ព័ន្ធឡើងជិត៤%, ផលិតផលឈើឡើង២,២% និងសម្ភារផ្សេងទៀតឡើង៥,៧% ដែលជំរុញដោយការកើនឡើងតម្លៃប្រេង និងថាមពលសកល រីឯថ្លៃពលកម្មក៏បានកើនឡើង៤% ផងដែរ។
តម្លៃលំនៅឋាន និងខុនដូនៅក្នុងប្រទេសថៃ វាប្រែប្រួលទៅតាមតំបន់ និងទីតាំង ព្រមទាំងសក្តានុពលផ្សេងៗ ដោយលំនៅឋានធម្មតានៅឆ្ងាយពីសង្កាត់ពាណិជ្ជកម្មសំខាន់ៗនៅក្នុងក្រុងបាងកកមានតម្លៃយ៉ាងហោចណាស់ក៏ជិត៦ម៉ឺនដុល្លារ ទៅដល់៩ម៉ឺនដុល្លារដែរ រីឯតម្លៃខុនដូរវិញមួយយូនីតអាចមានតម្លៃចាប់ពី ៩ម៉ឺនដុល្លារ រហូតដល់ជាង១៤ម៉ឺនដុល្លារ៕
ដោយៈ សរ សុជាតិ