វិស័យអចលនទ្រព្យ

គម្រោងលំនៅឋានធំៗ៤ ត្រូវបានបើកការដ្ឋានសាងសង់ និងលក់នៅដើមឆ្នាំ២០២៥ តើវាបានបង្ហាញសញ្ញាយ៉ាងណាពីវិស័យអចលនទ្រព្យ?


វិស័យអចលនទ្រព្យកម្ពុជា ស្ថិតក្នុងចំណោមវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ពិភពលោក។ ទោះបីស្ថានភាពវិស័យអចលនទ្រព្យជារួមមិនទាន់មានកំណើនគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែនៅដើមឆ្នាំ២២០២៥ នេះយើងសង្កេតឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗចំនួន៤ បានបើកការដ្ឋានសាងសង់ និងបើកលក់គម្រោងអគារលំនៅឋានរបស់ខ្លួន។ តើតាមរយៈគម្រោងអចលនទ្រព្យទាំងនេះវាបានបង្ហាញពីភាពល្អប្រសើររបស់វិស័យអចលនទ្រព្យនៅឆ្នាំនេះយ៉ាងណាដែរ?
វិស័យអចលនទ្រព្យ
ដោយ

យ៉ាងហោចណាស់មានគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗ៤ ត្រូវបានបើកការដ្ឋានសាងសង់ និងបើកលក់នៅដើមឆ្នាំ២០២៥ នេះ ដែលជាសញ្ញាល្អមួយសម្រាប់វិស័យអចលនទ្រព្យរបស់កម្ពុជា ដែលបានរងភាពរង្គោះរង្គើដោយសារវិបត្តិសកលផ្សេងៗជាច្រើនឆ្នាំកន្លងមកនេះ។ គម្រោងធំៗទាំងនោះ រួមមានទី១, គម្រោងលំនៅឋានប្រណីតរបស់បុរីវិមានភ្នំពេញ របស់លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ទី២, គម្រោងភូមិ មរកត របស់ក្រុមហ៊ុន ប៉េង ហួត ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៣ ខែមករា។

ទី៣, គម្រោងពិភពថ្មី ខុនដូ សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី ដោយគម្រោងខុនដូតម្លៃសមរម្យនេះគ្រោងបើកលក់ជាផ្លូវការនៅថ្ងៃទី២២ ខែកុម្ភៈ។ និងទី៤, គម្រោងលំនៅឋានរបស់ក្រុមហ៊ុន មេគង្គលែន ស៊ីធី ដែលបានបើកការដ្ឋានសាងសង់ប្លុកថ្មីប្រភេទលំនៅឋាន វីឡាឃ្វីន A និងវីឡាឃ្វីន B នៅតំបន់ជ្រោយចង្វារតាមបណ្តោយផ្លូវជាតិ ៦A។

លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី បានចាត់ទុកការបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុនគ្រាក់ៗ ខាងលើនៅដើមឆ្នាំនេះ ជាការសម្លឹងឃើញឱកាសរបស់អ្នកវិនិយោគនាពេលខាងមុខ ហើយវាជាសញ្ញាបង្ហាញឱ្យឃើញពីស្ថានភាពសេដ្ឋកិច្ច ដែលអាចវិលមករកប្រក្រតីភាពឡើងវិញនៅអំឡុង២ឆ្នាំខាងមុខ។

​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះដែរ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរៀបចំដែនដី និងធនាគារជាតិ បានជួបប្រជុំគ្នាជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលឲ្យអ្នកទិញផ្ទះ ដែលបង់រំលស់ជាមួយម្ចាស់បុរី អាចបង្វែរការបង់រំលស់ជាមួយធនាគារ ដែលមានអត្រាការប្រាក់ទាប។ កត្តានេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា វាគឺជាការជួយសម្រាលបន្ទុករបស់អ្នកទិញ ហើយក៏នឹងជំរុញដល់កំណើនទីផ្សារអចលនទ្រព្យឲ្យកាន់តែមានភាពរស់រវើកជាងមុនផងដែរ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ»

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអ…

រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ថវិកា៦០០ដុល្លារក្នុង១គ្រួសារ ដើម្បីជួយសម្រាលបន្ទុកចំណាយ

ពលរដ្ឋសិង្ហបុរីទាំងអស់នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋចំនួន៦០០ដុល្លារអាម៉េរិក ក្នុងមួយគ្រួសារសម្រាប់សម្រួលបន្ទុកចំណាយក្នុងជីវភាពប្រចាំថ្ងៃ ហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ