វិស័យកសិកម្ម

តើកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីរក្សាស្ថិរភាពតម្លៃកសិផលកុំឱ្យឈ្មួញកណ្តាលក្រឡុក?


រៀងរាល់រដូវប្រមូលផលកសិកម្មម្ដងៗ យើងតែងតែសង្កេតឃើញប្រជាពលរដ្ឋជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងការធ្លាក់ចុះតម្លៃកសិផលជារឿយៗ ហើយបញ្ហានេះនៅមិនទាន់អាចរកដំណោះស្រាយបានទាំងស្រុងនៅឡើយទេ។ បញ្ហាប្រឈមនេះ បានធ្វើឱ្យកសិករមួយចំនួនហាក់រារែកក្នុងការពង្រីកការដាំដុះបន្ថែម ហើយមួយចំនួនបានបោះបង់ចោលរបរកសិកម្មក៏មានដែរ។
វិស័យកសិកម្ម
ដោយ

តើបញ្ហានេះអាចបង្កឡើងដោយកត្តាអ្វីខ្លះ? ហើយកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីរក្សាស្ថិរភាពតម្លៃកសិផលកុំឱ្យមានការឡើងចុះ?

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងជាអ្នកជំនួញមួយរូបយល់ឃើញថា ដើម្បីឱ្យអ្វីមួយមានតម្លៃនៅលើទីផ្សារ គឺទាមទារឱ្យមានការធ្វើពាណិជ្ជកម្ម និងធ្វើទីផ្សារ ព្រមទាំងការផលិតត្រូវមានគុណភាព និងឆ្លើយតបនឹងតម្រូវការនៃការបញ្ជាទិញ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើកម្ពុជា មានយន្តការគ្រប់គ្រាន់ ហើយការផលិតរបស់កសិករអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុក ឬនាំចេញនោះតម្លៃកសិផលនៅលើទីផ្សារនឹងមិនងាយប្រែប្រួលនោះឡើយ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះសង្កេតឃើញថា ការផលិតរបស់កសិករខ្មែរហាក់ប្រើប្រាស់ថ្លៃដើមខ្ពស់ តែទទួលបានទិន្នផលទាប ដែលកត្តានេះអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ខ្ពស់។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយកត់សម្គាល់ឃើញថា តម្លៃកសិផលពុំមានការធ្លាក់ថ្លៃគ្រប់មុខនោះទេ ពោលគឺការធ្លាក់ថ្លៃកើតឡើងតែលើផលិតផលកសិកម្មមួយចំនួនប៉ុណ្ណោះ។ ជាក់ស្ដែងតម្លៃស្រូវ ត្រូវបានអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា បានហក់ឡើងថ្លៃខ្ពស់ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ ដែលបានជំរុញឱ្យកសិករមួយចំនួនពង្រីកការផលិតស្រូវប្រាំងបន្ថែមទៀត។ ក្រៅពីនេះ ផលិតផលដំឡូងមី ក៏មិនមានការធ្លាក់ថ្លៃដែរ ខណៈដំណាំកៅស៊ូ និងម្រេចបានរើបថ្លៃឡើងវិញ ហើយគ្រាប់កាហ្វេកំពុងឡើងថ្លៃ។ យ៉ាងណាក៏ដោយ ដំណាំមួយចំនួនដែលជួបបញ្ហាធ្លាក់ថ្លៃក្នុងរដូវប្រមូលផល ដូចជាស្វាយកែវរមៀតជាដើម ត្រូវបានលោក ចាន់ សុផល លើកឡើងថា អាចដោយសារតែដំណាំនេះមានបរិមាណលើសពីតម្រូវការ។

ជុំវិញរឿងនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ជាគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ ថ្លៃត្រូវបានកំណត់ដោយសមតុល្យរវាងតម្រូវការ និងការផ្គត់ផ្គង់ ដែលតែងប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ ដូចករណីស្រូវ ត្រូវបានមន្រ្តីនាំពាក្យរូបនេះ លើកឡើងថា មូលហេតុចម្បងនៃការធ្លាក់ថ្លៃបន្តិចនៅមួយរយៈមកនេះ គឺដោយសារតែប្រទេសនានាក្នុងតំបន់កំពុងប្រមូលផលស្រូវតំណាលគ្នានឹងប្រទេសកម្ពុជាដែរ ជាហេតុធ្វើឱ្យការផ្គត់ផ្គង់លើទីផ្សារអន្តរជាតិ មានការកើនឡើង និងទាញឱ្យថ្លៃស្រូវធ្លាក់ចុះ។ ហើយចំពោះបន្លែ ក៏ស្រដៀងគ្នានេះដែរ។

ដោយឡែក ឯកឧត្តម យល់់ឃើញថា ការកើនឡើងជាគំហុកនៃការផលិតស្រូវប្រាំងក្នុងស្រុក ក៏មានចំណែកចូលរួមធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះផងដែរ ដោយផ្ទៃដីស្រែប្រាំងក្នុងឆ្នាំនេះ បានហក់ឡើងរហូតដល់ ១៥៩%នៃផែនការ ខណៈការផលិតមានច្រើនជាងឆ្នាំមុនជិត១ភាគ៤ដង ដែលរុញឱ្យការផ្គត់ផ្គង់កើនឡើងភ្លាមៗលើសពីបរិមាណដែលទីផ្សារអាចស្រូបយកបាន។ ទោះជាយ៉ាងណា ក្រសួងរំពឹងទុកថា ថ្លៃស្រូវនឹងមានការកើនឡើងមកវិញ នៅពេលដែលរដូវប្រមូលផលត្រូវបានបញ្ចប់ ការបង្កបង្កើនផលថ្មីត្រូវរង់ចាំរហូតទាល់តែរដូវវស្សាមកដល់ បូករួមនឹងការព្យាករ​ទុកជាមុនថា នឹងអាចមានឥទ្ធិពលអ៊ែលនីណូនៅក្នុងឆ្នាំនេះ។ បើតាមអ្នកនាំពាក្យរូបនេះ កត្តាទាំងនេះ គឺតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធក្នុងវិស័យទាំងមូលត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ស្តាប់តាមការណែនាំ និងសម្របសម្រួលរួមមួយ ដើរស្របគ្នាក្នុងទិសដៅអាទិភាពតែមួយ រៀបចំផែនការប្រកបដោយបុរេសកម្ម និងមានយុទ្ធសាស្ត្ររួមយូរអង្វែង។

ក្រៅពីយុទ្ធសាស្ត្រខាងលើ កម្ពុជាក៏មានយន្តការមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយបញ្ហាការធ្លាក់ថ្លៃកសិផលនេះ។ ក្នុងនោះប្រសិនបើក្នុងករណីបន្ទាន់ និងចាំបាច់ ដូចជាមានការប្រែប្រួលថ្លៃជាគំហុកដោយកត្តាណាមួយ ដែលអាចជះឥទ្ធិផលដល់បញ្ហាសន្តិសុខស្បៀង អតិផរណាថ្លៃ ឬប៉ះពាល់ដល់និរន្តរភាពសេដ្ឋកិច្ចនៃការធ្វើផលិតកម្មរបស់កសិករ កម្ពុជាបានត្រៀមកញ្ចប់ហិរញ្ញប្បទាន ដើម្បីធ្វើការអន្តរាគមន៍ តែយន្តការនេះមានចរិតជាបណ្តោះអាសន្ន និងប្រើប្រាស់តែក្នុងពេលចាំបាច់ខ្លាំងតែប៉ុណ្ណោះ។

ទន្ទឹមនេះ គោលនយោបាយសហគមន៍កសិកម្មទំនើប ក៏ជាយន្តការមួយ ដើម្បីបង្កើនភាពរឹងមាំ និងការពារកសិករពីហានិភ័យទីផ្សារ ក៏ដូចជាលើកម្ពស់កម្រិតប្រកួតប្រជែងនៃវិស័យកសិកម្មកម្ពុជា ទាំងផ្នែកថ្លៃដើមផលិត ស្តង់ដានៃគុណភាព និងស្ថិរភាពនៃបរិមាណផ្គង់ផ្គង់ផងដែរ។ ថ្លៃដើមផលិតកម្មរបស់កសិករកម្ពុជានៅអាចមានលទ្ធភាពថយចុះបានមួយកម្រិតបន្ថែមទៀត ជាពិសេសប្រសិនបើមានប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធ និងផលិតកម្មធ្វើឡើងក្នុងវិសាលភាពដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន ដែលនឹងក្លាយជាខែលការពារដ៏ប្រសើរនៃការប្រែប្រួលថ្លៃ និងហានិភ័យផ្សេងៗ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥៤ម៉ឺននាក់ នៅ១ខែដំបូងឆ្នាំនេះ ខណៈភ្ញៀវទេសចរថៃឈរកំពូលតារាង

ព័ត៌មាន
នៅមួយខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តប្រមាណជាង៥៤ម៉ឺននាក់ កើនឡើង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០…

តុលាការកំពូលអាម៉េរិក សម្រេចឱ្យលោក ត្រាំ អាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ

ព័ត៌មាន
តុលាការកំពូលរបស់អាម៉េរិក បានច្រានចោលការខំប្រឹងប្រែងរបស់រដ្ឋខូឡូរ៉ាដូ ដើម្បីដកឈ្មោះរបស់លោក ដូណាល់ ត្រាំ ចេញពីការបោះឆ្នោតដ៏សំខាន់តំណាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ