ដំណាំម្រេច

តើម្រេចកម្ពុជា អាចឡើងថ្លៃដែរឬទេ ក្រោយទិន្នផលម្រេចពិភពលោកត្រូវបានព្យាករថា នឹងធ្លាក់ចុះ៤% នៅឆ្នាំ២០២៥ នេះ?


សហគមន៍ម្រេចអន្តរជាតិ បានព្យាករថា ផលិតកម្មម្រេចសកលនៅឆ្នាំ២០២៥ នឹងធ្លាក់ចុះ៤% ឬប្រមាណ២ម៉ឺន២ពាន់តោន ដោយសារការប្រែប្រួលអាកាសធាតុ។ សហគមន៍ម្រេចអន្តរជាតិ បានវាយតម្លៃថា តាមរយៈការធ្លាក់ចុះទិន្នផលនេះ វាអាចនឹងជួយជំរុញឱ្យតម្លៃម្រេចនៅលើទីផ្សារពិភពលោកមានការកើនឡើងនៅឆ្នាំនេះ។ តើម្រេចកម្ពុជា អាចឡើងថ្លៃដែរឬទេ ក្រោយទិន្នផលម្រេចពិភពលោកត្រូវបានព្យាករនឹងធ្លាក់ចុះនៅឆ្នាំនេះ?
ដំណាំម្រេច
ដោយ

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា កត់សម្គាល់ឃើញថា ការធ្លាក់ចុះផលិតកម្មម្រេចបានកើតមានចាប់តាំងពីតម្លៃម្រេចបានធ្លាក់ថ្លៃកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ ជាទូទៅនៅពេលបរិមាណនៃការផ្គត់ផ្គង់មានការធ្លាក់ចុះ នោះតម្លៃនឹងមានការកើនឡើងជាស្វយ័យប្រវត្តិ ប៉ុន្តែអ្វីដែលសំខាន់កសិករដែលមានដំណាំម្រេចស្រាប់គួរខិតខំថែទាំ និងមិនគួរពង្រីកបន្ថែមក្នុងចំនួនច្រើននោះទេ ប៉ុន្តែប្រសិនបើចង់ពង្រីកនោះត្រូវសិក្សាអំពីទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីបញ្ចៀសបញ្ហាទីផ្សារដែលអាចកើតមានឡើងជាយថាហេតុ។ នេះបើតាមការគូសបញ្ជាក់របស់លោក ម៉ាក់ នី។ ពាក់ព័ន្ធនឹងតម្លៃម្រេចនៅកម្ពុជាប្រធានសហព័ន្ធរូបនេះ បានគូសបញ្ជាក់ថា ទីផ្សារម្រេចធម្មតានាពេលបច្ចុប្បន្នត្រូវបានលក់ចេញក្នុងតម្លៃជាង២៤,០០០រៀល ក្នុង១កីឡូក្រាម ប៉ុន្តែលោកជឿជាក់ថា តម្លៃម្រេចនឹងឡើងថ្លៃលើសនេះនាពេលខាងមុខ ដោយសារការធ្លាក់ចុះនៃទិន្នផល និងការកើនឡើងតម្រូវការប្រើប្រាស់នៅលើពិភពលោក។

​ដោយឡែកលោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា នៅឆ្នាំ២០២៥ នេះ សមាជិករបស់សមាគមបានឯកភាពគ្នាដំឡើងថ្លៃម្រេចប្រភេទ GI និង GI សរីរាង្គ ចន្លោះពី២ ទៅ៣ដុល្លារក្នុង១គីឡូក្រាម ពោលគឺម្រេចខ្មៅនឹងត្រូវលក់ចេញក្នុងតម្លៃ១៨ដុល្លារ ម្រេចក្រហម២៧ដុល្លារ និងម្រេចសតម្លៃ៣០ដុល្លារ ក្នុង១គីឡូក្រាម។ ការដំឡើងថ្លៃនេះ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលរូបនេះ អះអាងថា មិនមែនជាការឆ្លៀតឱកាសណាមួយនោះទេ តែជាការលើកទឹកចិត្តដល់កសិករ ដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលបានធ្វើឱ្យដើមម្រេចជាច្រើនងាប់ និងទទួលផលបានតិច។ គម្រោងដំឡើងថ្លៃនេះ ត្រូវបានថ្នាក់ដឹកនាំសមាគមរូបនេះគូសបញ្ជាក់ថា មានក្រុមហ៊ុនបញ្ជាទិញជាច្រើនបានឯកភាពទទួលយករួចហើយ។

​ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ ការនាំចេញម្រេចរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៣៤លានដុល្លារ មានការកើនឡើងជិត១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែជាង១៣លានដុល្លារ។

គួរបញ្ជាក់ថា សហគមន៍ម្រេចអន្តរជាតិ បានព្យាករណ៍ថា ផលិតកម្មម្រេចសកលនៅឆ្នាំ២០២៥ នឹងបន្តធ្លាក់ចុះ ជាពិសេសផលិតកម្មម្រេចនៅវៀតណាម និងប្រេស៊ីល ដែលជាប្រទេសនាំចេញម្រេចច្រើនបំផុតនៅលើពិភពលោក។ សហគមន៍ម្រេចអន្តរជាតិ បានអះអាងថា ផលិតកម្មម្រេចពិភពលោកនឹងថយចុះប្រហែល៤% ឬប្រមាណ២ម៉ឺន២ពាន់តោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើទីផ្សាររូបិយប័ណ្ណឌីជីថលនឹងមានការវិវត្តបែបណាក្រោយលោក ដូណាល់ ត្រាំ ប្រកាសឱ្យចរាចររូបិយប័ណ្ណឌីជីថលថ្មីមួយក្នុងទីផ្សារគ្រីបតូរបស់អាម៉េរិក?

ក្រោយឡើងកាន់តំណែងបានប្រមាណ៣ថ្ងៃ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសឱ្យចរាចររូបិយប័ណ្ណឌីជីថលថ្មីមួយ ដែលមានឈ្មោះថា $ TR…

តើប្រទេសណាអាចផ្តួលប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់?

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក បានបាត់បង់តំណែងជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសអាល្លឺម៉ង់ ដែលជាបងធំនៅតំបន់អឺរ៉ុប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ