តម្លៃដែកឡើងថ្លៃ

ម្ចាស់ដេប៉ូ និងអ្នកម៉ៅការសំណង់ត្អូញត្អែរថា «ដែកឡើងថ្លៃខ្លាំង កំពុងប៉ះពាល់ដល់ប្រាក់ចំណូល»


តម្លៃដែក និង ដែកថែបនៅកម្ពុជា ដែលជាតម្រូវការចាំបាច់សម្រាប់វិស័យសំណង់នៅមួយរយៈចុងក្រោយនេះ បានហក់ឡើងថ្លៃខ្ពស់ចន្លោះពី ៧០០ដុល្លារ ទៅ ៨០០ដុល្លារក្នុង១តោន ពោលគឺក្នុងមួយតោនឡើងថ្លៃខ្ពស់ជាងមុនចន្លោះ ២រយ ទៅ៣រយដុល្លារអាមេរិកឯណោះ ។ បច្ចុប្បន្នតម្លៃដែកនៅកម្ពុជាឡើងថ្លៃខ្លាំងនេះ កំពុងបង្កជាក្តីបារម្ភដល់អ្នកលក់ ក៏ដូចជាអ្នកម៉ៅការសាងសង់សំណង់ផ្សេងៗផងដែរ ដ្បិតថា វាបានទាញទម្លាក់បរិមាណការលក់ និងធ្វើឲ្យបាត់បង់ប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនម៉ៅការសំណង់ជាដើម។
ម្ចាស់ដេប៉ូ និងអ្នកម៉ៅការសំណង់ត្អូញត្អែរថា «ដែកឡើងថ្លៃខ្លាំង កំពុងប៉ះពាល់ដល់ប្រាក់ចំណូល»
ដោយ

លោក ង៉ូវ ជីតុង ម្ចាស់ដេប៉ូដែកកាយ៉េ តុង ធារី បានសង្កេតឃើញថា តម្លៃដែកនៅកម្ពុជានៅមួយរយៈចុងក្រោយនេះ ពិតជាបានបន្តឡើងថ្លៃជាបន្តបន្ទាប់ ជាក់ស្តែង ដេប៉ូរបស់លោកផ្ទាល់ តម្លៃដែកបានហក់ឡើងថ្លៃខ្ពស់ជាងមុនក្នុងចន្លោះ ពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុង១តោន ពោលតម្លៃបានហក់ឡើងចន្លោះពី ៧០០ដុល្លារ ទៅ ៨០០ដុល្លារក្នុង១តោនទៅតាមប្រភេទដែក។ ដែកឡើងថ្លៃ គួបផ្សំកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យការលក់ដែករបស់ដេប៉ូដែកកាយ៉េ តុង ធារី បានធ្លាក់ចុះយ៉ាងគំហុកប្រមាណ៧០% ឯណោះ។ នេះបើតាមការអះអាងរបស់លោក ង៉ូវ ជីតុង។

ជាមួយគ្នានេះ លោក តុង ម៉េង ប្រធានផ្នែកលក់របស់ក្រុមហ៊ុនដែក តាំង ម៉េងរ័ត្ន បានបញ្ជាក់ថា តម្លៃដែកនៅក្រុមហ៊ុនរបស់លោកនៅមួយរយៈចុងក្រោយ ក៏បានឡើងថ្លៃចន្លោះពី២០ទៅ៣០%នៅក្នុង១តោនផងដែរ។ លោកអះអាងថា ការឡើងថ្លៃនេះ គឺដោយសារវត្ថុធាតុដើមដែលក្រុមហ៊ុនលោកនាំចូលពីក្រៅប្រទេស ដើម្បីយកមកផលិតដែកមានការឡើងថ្លៃ។ តម្លៃដែកហក់ឡើងថ្លៃខ្លាំងនេះ ក៏បានបានធ្វើឲ្យបរិមាណលក់នៅក្រុមហ៊ុននេះ ក៏មានការថមថយផងដែរ។  

មិនមែនមានតែដេប៉ូ និងក្រុមហ៊ុនលក់ចែកចាយដែកប៉ុណ្ណោះទេ ដែលជួបបញ្ហាធ្លាក់ចុះការលក់ដោយសារតម្លៃដែកឡើងថ្លៃនេះ សូម្បីអ្នករកស៊ីលើវិស័យម៉ៅការសាងសង់ផ្ទះ និងសំណង់អគារផ្សេងៗ ក៏កំពុងឈឺក្បាលវិលមុខដោយសារបញ្ហានេះដែរ។ ព្រោះការឡើងថ្លៃដែកយ៉ាងគំហុកនេះ អាចធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលមួយចំនួន ហើយអតិថិជនថ្មី ក៏ហាក់មានចិត្តរារែកក្នុងការជួលសេវាពីពួកគេផងដែរ។

លោក ថូ ដុល្លារ៉ូ ម្ចាស់ក្រុមហ៊ុនម៉ៅការ រិននី ខនស្រ្កាក់សិន(RINNY Construction)សង្កេតឃើញថា បញ្ហាដែកឡើងថ្លៃខ្លាំង កំពុងធ្វើឲ្យលោកប្រឈមនឹងខាតបង់ប្រាក់ចំណូល និងការខកខានទទួលគម្រោងអភិវឌ្ឍន៍ថ្មីៗមួយចំនួនផងដែរ។ កត្តាដែលធ្វើឲ្យក្រុមហ៊ុនអាចប្រឈមនឹងខាតបង់ប្រាក់ចំណូល ដោយសាររាល់គម្រោង ដែលក្រុមហ៊ុននេះទទួលសាងសង់កន្លងមក គឺវាយតម្លៃពេលតម្លៃដែក និងសម្ភារសំណង់មួយចំនួនមិនទាន់ឡើងថ្លៃខ្លាំង។ 

ជាមួយគ្នានេះ លោក សុខ ឡៃ អ្នកចាត់ការទូទៅក្រុមហ៊ុនពិស្ណុការបានអះអាងប្រហាក់ហែលគ្នាថា បញ្ហាតម្លៃដែកឡើងថ្លៃនេះ ប្រាកកណាស់ វានឹងធ្វើឲ្យក្រុមហ៊ុនពិស្ណុការប្រឈមនឹងខាតបង់ប្រាក់ចំណូលមួយចំនួនពីគម្រោង ដែលក្រុមហ៊ុនបានទទួលសាងសង់នាពេលកន្លង។ តែយ៉ាងណា លោកអះអាងថា បញ្ហានេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ក្រុមហ៊ុនលោកនោះទេ ហើយបច្ចុប្បន្នក្រុមហ៊ុនក៏មិនសូវមានគម្រោងថ្មីៗត្រូវអភិវឌ្ឍនោះដែរ។

មិនមែនមានតែកម្ពុជានោះទេ ដែលតម្លៃដែកឡើងថ្លៃ សូម្បីប្រទេសក្បែរខាងវៀតណាម ដែលជាប្រទេសនាំចេញដែកដ៏មួយនៅតំបន់អាស៊ាន ក៏កំពុងជួបបញ្ហាដែកឡើងថ្លៃចន្លោះពី ៤០ទៅ៥០%ផងដែរ។ តម្លៃដែកឡើងថ្លៃនេះ ត្រូវបានគេកត់សម្គាល់ឃើញថា កើតឡើងក្រោយមានតម្រូវការដែកខ្ពស់ពីប្រទេសធំៗមួយចំនួននៅលើពិភពលោក បន្ទាប់ពីវិស័យសេដ្ឋកិច្ចនិងសំណង់នៅប្រទេសទាំងនោះមានស្ថានភាពល្អឡើងវិញ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោក នៅ៤ដើមឆ្នាំ២០២១ ការនាំចូលដែលថែបរបស់កម្ពុជាកើនឡើងជាង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនថ្មីមួយទៀតនឹងចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាឆាប់ៗនេះ

ព័ត៌មាន
និយតករមូលបត្រកម្ពុជា (SERC) ថ្មីៗនេះ ទើបតែបានអនុម័តការចុះបញ្ជីសាធារណៈរបស់ក្រុមហ៊ុន DBD Engineering Plc ដើម្បីឈានទៅចុះបញ្ជីនៅក្នុងក្រុ…

ក្រុមហ៊ុន WorldBridge និង ធនាគារស្ថាបនា ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានឆ្លាតវៃ សម្រាប់គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ

ព័ត៌មាន
ក្រុមហ៊ុន Worldbridge និង ធនាគារស្ថាបនា បានសហការគ្នាជាលើកដំបូង ដើម្បីផ្តល់ឥណទានគេហដ្ឋានឆ្លាតវៃ ដល់គម្រោង ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ ដែលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ