ឈូងសមុទ្រថៃ

តើការគំរាមបិទឈូងសមុទ្រថៃអាចជះឥទ្ធិពលដល់ការដឹកជញ្ជូនរបស់កម្ពុជាដែរឬទេ?


យោធាថៃថ្មីៗនេះបានចេញបញ្ជាឱ្យបិទច្រកឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារៈយោធា ដែលថៃបានចោទប្រកាន់ថា បានដឹកចូលក្នុងប្រទេសកម្ពុជា។ ការពង្រីកបញ្ហាជាបន្តបន្ទាប់នេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គមវាយតម្លៃថា ដោយសារការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាមិនទទួលបានជោគជ័យ។ ប្រសិនបើថៃបិទឈូងសមុទ្រមែន តើវាអាចជះឥទ្ធិពលដល់ការដឹកជញ្ជូនរបស់កម្ពុជាដែរទេ?
ឈូងសមុទ្រថៃ
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកការព្រមានបិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជាគ្រាន់តែជាលេសក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជាតែប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាមិនមែនជាក្មេងបៀមដៃនោះទេ ហើយកម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ដើម្បីឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ។ ជាមួយគ្នានេះឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ។

ដោយឡែកលោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា ការគំរាមបិទច្រកសមុទ្ររបស់ភាគីថៃ វាជាការបំពានច្បាប់សមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២ ដែលមានកម្ពុជាជាម្ចាស់ហត្ថលេខីផងដែរ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើថៃអាចបិទច្រកសមុទ្រអន្តរជាតិបានមែន នោះនឹងបង្កផលប៉ះពាល់ដល់ការដឹកជញ្ជូនរបស់កម្ពុជានៅក្នុងរយៈពេលណាមួយ តែមិនមែនជាការគំរាមខ្លាំងរហូតដល់ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កម្ពុជានោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាមិនមានជម្រើសអ្វីក្រៅពីការទប់ស្កាត់ទាំងដែនគោក និងដែនទឹកនោះទេ។ បន្ថែមលើនេះ កម្ពុជាត្រូវប្ដឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាធ្វើសច្ចាប័នសមុទ្រផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា ការគំរាមបិទខ្ទប់តាមផ្លូវសមុទ្រនេះបានកើតឡើងក្រោយសកម្មភាពឈ្លានពានលើកម្ពុជាតាមផ្លូវគោកមិនទទួលជោគជ័យ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើថៃបិទច្រកឈូងសមុទ្រមែននោះវានឹងប៉ះពាល់ដល់ផ្នែកខ្លះ នៃការដឹកជញ្ជូនរបស់កម្ពុជា និងដល់ការដឹកជញ្ជូនក្នុងតំបន់ និងពិភពលោកផងដែរ ហើយប្រទេសថៃអាចនឹងរងការថ្កោលទោសពីបណ្ដាប្រទេសក្នុងតំបន់។ បើតាមអ្នកជំនាញរូបនេះនៅក្នុងស្ថានភាពនេះ កម្ពុជាមិនអាចនៅស្ងៀមដោយទុកឱ្យមានការឈ្លានពានតាមចិត្តនោះទេ ត្រូវតែឆ្លើយតបតាមលទ្ធភាព និងពង្រឹងទំនាក់ទំនងការទូតឱ្យសកម្មខ្លាំង ក៏ដូចជាពង្រឹងសមត្ថភាព និងសាមគ្គីផ្ទៃក្នុង នោះទើបអាចទប់សម្ពាធពីខាងក្រៅបាន។

ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនៅដំណើរការជាធម្មតា និងពុំទាន់ទទួលបានការជូនដំណឹងណាមួយពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដៃគូដឹកជញ្ជូនក្រៅប្រទេសនៅឡើយទេ ខណៈអ្នកជំនួញរូបនេះកំពុងតាមដានលើបញ្ហានេះ។

សូមបញ្ជាក់ថា យោធាថៃបានចេញបញ្ជាបន្ទាន់មួយនៅថ្ងៃទី១៤ ខែធ្នូ ឱ្យបិទច្រកឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ប្រេង និងសម្ភារៈយោធា ដែលថៃបានចោទប្រកាន់ថា បានដឹកចូលក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ Khaosod៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើមានអ្វីនៅពីក្រោយខ្នងឬយ៉ាងណាបានជាថៃហាក់ដូចជាមិនខ្លាចមហាអំណាចអាម៉េរិក?

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោក អានុទីន ឆានវីរៈគុល កំពុងក្រពុលមុខ ដោយបានប្រកាសទាត់ចោលការជួយអន្តរាគមន៍របស់មេដឹកនាំមហាអំណាចផុតលេខលើពិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ