បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកពេលនេះកំពុងវ័ណ្ឌកដោយត្រូវទូទាត់សងកម្ចីយ៉ាងច្រើនដល់ប្រទេសចិន ខណៈខ្លួនស្នើកម្ចីឥណទានថ្មីៗពីចិន លែងសូវបានដូចមុន។ ការផ្តល់កម្ចីថ្មីៗរបស់ចិន ដល់បណ្ដាប្រទេសក្រីក្រ រួមទាំងនៅទ្វីបអាហ្វ្រិកផងដែរ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈដែលការទូទាត់សងកម្ចីចាស់ៗនៅតែបន្តកើនឡើងខ្លាំង។
ទិន្ន័យបង្ហាញថា នៅចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ពោលគឺរយៈពេល៥ឆ្នាំ ទ្វីបអាហ្វ្រិកទទួលបានកម្ចីប្រមាណ៣០ពាន់លានដុល្លារពីចិន ហើយនៅចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ពោលគឺរយៈពេល៥ឆ្នាំដូចគ្នា ទ្វីបអាហ្វ្រិកត្រូវទូទាត់សងបំណុលចាស់ៗដល់ចិន រហូតដល់ទៅ២២ពាន់លានដុល្លារ ដែលជាការប្រែប្រួលដ៏គួរឱ្យភ្ញាក់ផ្អើល។ ពេលនេះបណ្ដាស្ថាប័នផ្ដល់កម្ចីឥណទានអន្តរជាតិផ្សេងៗដូចជា ធនាគារពិភពលោក និងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម បានចូលមកបំពេញចន្លោះប្រហោងនេះ ដោយក្លាយជាអ្នកផ្ដល់កម្ចីច្រើនជាងចិននៅទ្វីបអាហ្វ្រិក។
ការផ្លាស់ប្តូរយ៉ាងខ្លាំងនេះធ្វើឱ្យបណ្ដារដ្ឋាភិបាលនៅទ្វីបអាហ្វ្រិក មានថវិកាកាន់តែតិចជាងមុនសម្រាប់ការសាងសង់សាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ ទោះបីជាប្រទេសចិន នៅតែវិនិយោគលើគម្រោងធំៗក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួនយ៉ាងណាក៏ដោយ។
ក្រុមអ្នកវិភាគលើកឡើងថា និន្នាការនេះ គឺជាសញ្ញាអវិជ្ជមានសម្រាប់ទ្វីបអាហ្វ្រិក ខណៈដែលរដ្ឋាភិបាលនានា កំពុងត្រដាបត្រដួសក្នុងការផ្ដល់ហិរញ្ញប្បទានដល់សេវាសាធារណៈ និងការវិនិយោគ ជាពិសេសនៅពេលជំនួយបរទេស ដែលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតចាប់ពីឆ្នាំ២០២៥ តទៅ។
ក្នុងពេលជាមួយគ្នានេះ សកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធរបស់មហាយក្សចិននៅក្រៅប្រទេសបានចាប់ផ្ដើមកម្រើកឡើងវិញហើយ ហើយការចំណាយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួនបានឈានដល់កម្រិតកំណត់ត្រាជាង២១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដោយទ្វីបអាហ្វ្រិក ជាអ្នកទទួលបានផលវិនិយោគនេះធំជាងគេ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា ចិន នៅតែមានឥទ្ធិពលសេដ្ឋកិច្ចខ្លាំងនៅទ្វីបអាហ្វ្រិក ទោះបីជាការផ្ដល់កម្ចីថ្មីៗបានធ្លាក់ចុះយ៉ាងណាក៏ដោយ៕
ដោយ: តែម សុខុម