
ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន លោក អ៊ីប្រាហ៊ី បានអំពាវនាវឱ្យមេដឹកនាំទាំងពីរ បង្កើតឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដើម្បីការពារការកើនឡើងនៃអរិយភាព និងទុកពេលសម្រាប់ការសន្ទនាដោយសន្ដិវិធី និងដំណោះស្រាយការទូត។
ប៉ុន្ដែ នៅក្រោយការជជែកនេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ បានចេញមកបង្ហោះសារនៅលើបណ្ដាញសង្គម X របស់លោកថា លោកអរគុណចំពោះប្រទេសជាច្រើនដែលព្រួយបារម្ភ និងស្នើឱ្យមានការសម្រុះសម្រួលគ្នា ចំពោះស្ថានការប្រយុទ្ធគ្នារវាងថៃ និងកម្ពុជានេះ ប៉ុន្ដែ លោកថា លោកសុំពេលខ្លះ ដើម្បីទុកពេលឱ្យយោធាថៃ ផ្ដល់មេរៀនទៅឱ្យសម្តេចតេជោ ហ៊ុន សែន បន្ដិចសិន។
លោក ថាក់ស៊ីន បានសរសេររៀបរាប់ជាភាសាថៃ នៅលើបណ្ដាញសង្គម X ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ប្រទេសជាច្រើនព្រួយបារម្ភអំពីស្ថានការណ៍ប្រយុទ្ធគ្នារវាងថៃ និងកម្ពុជា ហើយបានស្នើឲ្យជួយសម្រុះសម្រួល។ ដូច្នេះ ខ្ញុំបានអរគុណអ្នករាល់គ្នា ប៉ុន្តែសុំពេលខ្លះ។ ព្រោះយើងត្រូវទុកឲ្យយោធាថៃបង្រៀនលោក ហ៊ុន សែន ជាមេរៀនសម្រាប់ល្បិចកលរបស់គាត់ជាមុនសិន។»
ពាក់ព័ន្ធការលើកឡើងរបស់លោក ថាក់ស៊ីន នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបវិញថា សាររបស់លោកថាក់ស៊ីន គឺមានចរិតប្រើប្រាស់សង្គ្រាម ដើម្បីប្រដៅសម្តេចតេជោ ប៉ុន្ដែ សម្ដីរបស់លោកថាក់ស៊ីនទាំងអម្បាលម៉ាននេះ កាន់តែបង្ហាញយ៉ាងច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃ។
សម្តេចតេជោលើកឡើងយ៉ាងដូច្នេះថា «មុននេះ ថាក់ ស៊ីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។»។
សម្តេចតេជោ គូសរលេចអំពីចរិតដ៏ស្មោគគ្រោក និងព្រៃផ្សៃ និងអំពើក្បត់ព្រះមហាក្សត្រថៃរបស់លោក ថាក់ស៊ីនយ៉ាងដូច្នេះថា «ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ ស៊ីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។»។
សូមបញ្ជាក់ថា យោងតាមប្រភពពីកងទ័ពកម្ពុជា គិតមកទល់ព្រឹកថ្ងៃទី ២៥ ខែកក្កដានេះ ការផ្ទុះអាវុធរវាងកម្ពុជា និងថៃ នៅតែបន្ដ ខណៈភាគីថៃ បានបន្ដបាញ់ផ្លោងកាំភ្លើងធំ ចូលកាន់តែជ្រៅមកកាន់ទឹកដីកម្ពុជា។ នៅក្នុងការវាយប្រហារលើទឹកដីកម្ពុជា ភាគីថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន រួមទាំងការវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់យន្ដហោះចម្បាំង F-16 ផងដែរ។
គិតមកទល់ពេលនេះ នៅមិនទាន់មានការរាយការណ៍លម្អិតផ្លូវការពីការខូចខាត ឬការស្លាប់ និងរបួសជនស៊ីវិល និងទាហានទាំងសងខាងនៅឡើយទេ ប៉ុន្ដែ តាមប្រភពព័ត៌មានពីខាងភាគីថៃ ចំនួនអ្នកស្លាប់នៅថៃ កើនដល់ ១៤នាក់ហើយ និងរបួស ៤៦នាក់៕