ការពន្យារពេលក្នុងការទូទាត់ពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗរបស់ប្រទេសរុស្ស៊ី ដូចជាប្រទេសចិន និងតួកគីជាដើម ដែលបណ្ដាធនាគារនៃប្រទេសទាំងនោះទទួលរងសម្ពាធពីនិយ័តករលោកខាងលិច ឱ្យពិនិត្យពិច័យលើប្រតិបត្តិការទូទាត់ជាមួយប្រទេសរុស្ស៊ី បានក្លាយជាបញ្ហាឈឺក្បាលយ៉ាងខ្លាំងសម្រាប់បណ្ដាក្រុមហ៊ុន និងធនាគាររុស្ស៊ី។
នៅមុនកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS ក្នុងទីក្រុងកាហ្សា (Kazan) រុស្ស៊ី បានស្នើឱ្យបង្កើតប្រព័ន្ធទូទាត់ជំនួសថ្មីមួយដោយប្រើរូបិយប័ណ្ណជាតិសម្រាប់ប្លុកប្រទេស BRICS។ ប្រព័ន្ធទូទាត់ថ្មីនេះនឹងរួមបញ្ចូលទាំងប្រព័ន្ធផ្ញើសារ និងបណ្តាញធនាគារពាណិជ្ជជាតិ ដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលនៃប្លុកប្រទេស BRICS។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS ដែលបានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា លោក ពូទីន បានថ្លែងថា បញ្ហាដ៏សំខាន់មួយក្នុងចំណោមបញ្ហានានា គឺបញ្ហាការទូទាត់ពាណិជ្ជកម្មឆ្លងដែនក្នុងប្លុកប្រទេស BRCIS។
ទន្ទឹមនេះ លោកបានអះអាងថា ប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុមានស្រាប់ដែលត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលរុស្ស៊ី ព្រមទាំងប្រព័ន្ធស្រដៀងគ្នាដែលដំណើរការដោយធនាគារកណ្តាលផ្សេងទៀតនៃប្លុកប្រទេស BRICS គឺគ្រប់គ្រាន់សម្រាប់ជួយសម្រួលដល់ការទូទាត់ទៅវិញទៅមកដោយប្រើរូបិយប័ណ្ណជាតិរបស់ប្លុកប្រទេស BRICS៕
ដោយ: តែម សុខុម