វិស័យការងារ

តើពលករខ្មែរធ្វើការនៅថៃ បានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?


ក្រុមអ្នកជំនាញបានចាត់ទុកការធ្វើការងារនៅប្រទេសថៃ របស់ពលករកម្ពុជា បានក្លាយជាប្រភពទុនមួយដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាព និងសេដ្ឋកិច្ច តាមរយៈការផ្ញើថវិកាត្រឡប់មកសាច់ញាតិនៅប្រទេសកម្ពុជា។ តួយ៉ាងបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ចំនួនជាង១លាន២សែននាក់ បានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជា ជាមធ្យមប្រមាណ២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ។
វិស័យការងារ
ដោយ

ក្រៅពីទទួលបានថវិកាសម្រាប់ទ្រទ្រង់ជីវភាព និងរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ការធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា ក៏បានជួយស្រូបទាញបច្ចេកវិទ្យា និងចំណេះជំនាញមកកាន់ប្រទេសកម្ពុជា ផងដែរ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា បច្ចុប្បន្នមានពលករកម្ពុជា ប្រមាណ១លាន៣សែន៨ម៉ឺននាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារ​ក្នុង១ឆ្នាំ។ ក្នុងនោះ ថៃ បានក្លាយជាប្រទេសដែលស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលបច្ចុប្បន្នមានរហូតដល់ជាង១លាន២សែននាក់ និងបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញ ជាមធ្យមប្រមាណា២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ។

បើតាមអ្នកនាំពាក្យរូបនេះ ក្រៅពីទទួលបានថវិកាដើម្បីកែប្រែជីវភាពគ្រួសារ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសទាំងនោះ ក៏បានពាំនាំនូវចំណេះដឹង និងជំនាញថ្មីៗត្រឡប់មកប្រទេសកម្ពុជា វិញផងដែរ។

​លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលស្គាល់ថា ការធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា ពិតជាបាននាំចំណូលយ៉ាងច្រើនចាក់ចូលមកក្នុងសេដ្ឋកិច្ចកម្ពុជា ពិតប្រាកដមែន ជាក់ស្តែងពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ តែងតែផ្ញើថវិកាមកកាន់សាច់ញាតិនៅកម្ពុជាវិញ ដើម្បីទ្រទង់ជីវភាពគ្រួសាររបស់ពួកគេ។

តែយ៉ាងណា អ្នកជំនាញរូបនេះបានវាយតម្លៃថា ប្រសិនបើភាពតានតឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ កាន់តែមានភាពធ្ងន់ធ្ងរ វានឹងអាចជះឥទ្ធិពលដល់សុខទុក្ខរបស់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ផងដែរ។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា ពលករកម្ពុជា ដែលទៅធ្វើការនៅក្នុងប្រទេសថៃ ប្រមាណ៩០% គឺសុទ្ធតែបានផ្តល់ប្រាក់ចំណូលមកកាន់គ្រួសារនៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ ហើយនៅពេលជីវភាពពលរដ្ឋមានភាពល្អប្រសើរ ក៏រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីជាពលករកម្ពុជា ធ្វើការនៅក្រៅប្រទេសបាននាំចំណូលមកកាន់សេដ្ឋកិច្ចកម្ពុជាវិញយ៉ាងណាក្តី ប៉ុន្តែវាក៏អាចធ្វើឱ្យប៉ះពាល់ទៅដល់ការខ្វះកម្លាំងពលកម្មរបស់កម្ពុជា នៅពេលដែលកម្ពុជា មានការអភិវឌ្ឍបន្ថែមទៀតនាពេលអនាគត។ តែក្នុងករណីពួកគេត្រឡប់មកធ្វើការនៅកម្ពុជាវិញ វាក៏អាចជាឱកាសមួយក្នុងការពាំនាំនូវជំនាញ និងបទពិសោធន៍ថ្មីចូលមកអភិវឌ្ឍប្រទេសជាតិវិញផងដែរ​។

​សូមជម្រាបថា ថៃ ជាប្រទេសដែលបានស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលមានរហូតដល់ជាង១លាន២សែននាក់ បន្ទាប់មកកូរ៉េខាងត្បូង មានជាង៤,៦ម៉ឺននាក់, ជប៉ុនជាង២ម៉ឺននាក់, ម៉ាឡេស៊ី ជាង២ម៉ឺននាក់, សិង្ហបុរី ជាង៣រយនាក់, តំបន់រដ្ឋបាលពិសេសហុងកុង ចំនួនជាង១រយនាក់ និងអារ៉ាប់ប៊ីសាអូឌីត មានចំនួន១៤នាក់៕




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៤%នៅឆ្នាំនេះ

ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងអត្រា៤% នៅឆ្នាំ២០២៥ និង៤,៥% នៅឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈ…

តើកំណើននាំចូលដែក និងដែកថែមជិត៦០% នៅ៥ខែឆ្នាំនេះ វាបានបង្ហាញពីភាពរីកចម្រើននៃវិស័យសំណង់ ឬយ៉ាងណា?

វិស័យសំណង់អាចចាត់ទុកជាអនុវិស័យមួយ ដែលបានរងផលប៉ះពាល់ខ្លាំងពីធ្លាក់ចុះសេដ្ឋកិច្ចជាសកល ជាពិសេសក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ