លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រតិបត្តិការរបស់មន្ត្រីគយលើទីតាំងធ្វើអាជីវកម្មលក់ទូរសព្ទបានបង្ហាញពីទិដ្ឋភាពនៃការអនុវត្តច្បាប់ និងការយល់ដឹងរបស់អាជីវករ ព្រមទាំងពលរដ្ឋជាអ្នកទិញ។
តែយ៉ាងណាអ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ ហាក់មានចម្ងល់ថា តើទូរសព្ទ និងសម្ភារមួយចំនួនទៀត ដែលពុំបានបង់ពន្ធទាំងនោះហូរចូលមកទីផ្សារកម្ពុជាដោយរបៀបណា ខណៈមានមន្រ្តីពាក់ព័ន្ធជាច្រើនប្រចាំការនៅតាមច្រកទ្វារនានា។ អ្នកជំនាញរូបនេះយល់ឃើញថា ករណីដកហូតទូរសព្ទខាងលើ មិនគួរចោទប្រកាន់លើអ្នកលក់ទាំងស្រុងនោះទេ ហើយក៏មិនគួរចោទប្រកាន់លើអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ដែរ ប៉ុន្តែគេត្រូវស្វែងរកឬសគល់នៃបញ្ហា និងបង្កើនការគ្រប់គ្រងនៅតាមច្រកទ្វារព្រំដែន។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បញ្ហានេះគួរដោះស្រាយជាដំណាក់កាល ដោយក្នុងនោះត្រូវមានការណែនាំដល់អាជីវករលើការធ្វើអាជីវកម្ម ការជំរុញឱ្យពលរដ្ឋមានការយល់ដឹងពីច្បាប់ និងការកំណត់ពេលវេលាអនុវត្តន៍ច្បាប់ជាដើម។
ជុំវិញបញ្ហានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានសម្ដែងការងឿងឆ្ងល់ចំពោះប្រតិបត្តិការរបស់អាជ្ញាធរ និងយល់ឃើញថា ករណីលក់ទូរសព្ទមិនមានបង់ពន្ធនេះ គឺអាជ្ញាធរត្រូវស្វែងរកអ្នកនាំចូលខុសច្បាប់ឱ្យឃើញ ខណៈអាជីវករត្រឹមជាអ្នកទិញយកមកលក់បន្តប៉ុណ្ណោះ ហើយករណីនេះក៏មិនត្រូវដាក់បន្ទុកកំហុសលើអាជីវករទាំងស្រុងនោះដែរ។ ទន្ទឹមនេះ មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ បារម្ភចំពោះផលប៉ះពាល់ដល់ជីវភាព និងប្រាក់ចំណូលរបស់ពលរដ្ឋដែលមានមុខរបរជាអ្នកលក់ទូរសព្ទដោយសារតែប្រតិបត្តិការរឹបអូសទូរសព្ទហើយតម្រូវឱ្យបង់ពន្ធនេះ។ សម្រាប់លោក យង់ គិមអេង អាជ្ញាធរគួរដោះស្រាយឱ្យមានតម្លាភាព ដោយកុំទៅពាក់ព័ន្ធជាមួយអ្នកលក់រាយ ប៉ុន្តែត្រូវពិនិត្យ និងមានវិធានការលើក្រុមហ៊ុននាំចូល ហើយគួរមានការលើកលែងចំពោះទូរសព្ទខ្លះដែលលែងពេញនិយមប្រើប្រាស់ជាដើម។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចុះត្រួតពិនិត្យ និងដកហូតទូរសព្ទប្រមាណ១ពាន់គ្រឿងពីទីតាំងធ្វើអាជីវកម្មលក់ទូរសព្ទមួយចំនួនស្ថិតក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ក្រោយរកឃើញថា ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ ដើម្បីចាត់វិធានការតាមនីតិវិធី៕
អត្ថបទ៖ បូ ដូឡា