លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា មូលហេតុដែលនាំឱ្យកម្ពុជា នៅតែបន្តនាំចូលគ្រឿងបង្គុំពីប្រទេសថៃ សម្រាប់បម្រើដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមីនីបៀ តូយូតា និងក្រុមហ៊ុនផលិតរថយន្តហ្វតជាដើម ក៏ដោយសារបច្ចុប្បន្នកម្ពុជា ពុំទាន់មានរោងចក្រផលិតវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់បណ្ដារោងចក្រទាំងនេះ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីកាត់ផ្តាច់ការពឹងផ្អែកលើប្រទេសថៃ រដ្ឋាភិបាលកម្ពុជា ត្រូវតែផ្តល់ការលើកទឹកចិត្តពិសេសដល់វិនិយោគិនបរទេស ដើម្បីឱ្យពួកគេមកបើករោងចក្រផលិតគ្រឿងបង្គុំដោយផ្ទាល់នៅកម្ពុជា។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា កម្ពុជា កំពុងរៀបចំសេចក្ដីព្រាងយុទ្ធសាស្រ្តជាតិ ដើម្បីជំរុញដល់បណ្ដាវិស័យ SME ឱ្យផលិតគ្រឿងបង្គុំនានា ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មធុនធំរួមមានគ្រឿងអេឡិចត្រូនិក និងខ្សែច្រវាក់ផលិតកម្មរថយន្តជាដើម ខណៈមកដល់ពេលនេះមានក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពុងរៀបចំយន្តការនេះ។ បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ការផលិតគ្រឿងបង្គុំនៅកម្ពុជា ក៏ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មកដល់ពេលនេះ ការនាំចូលទំនិញពីថៃភាគច្រើនជាគ្រឿងសម្រាប់បង្គុំបម្រើឱ្យខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនមីនីបៀ តូយូតា និងក្រុមហ៊ុនហ្វតជាដើម។ ឯកឧត្តម គុណ ញឹម រំពឹងថា ការនាំចូលទំនិញគ្រឿងឧបភោគបរិភោគ ដែលស្ថិតនៅក្រៅបញ្ជីហាមឃាត់នឹងបន្ដធ្លាក់ចុះបន្ថែមទៀត ដោយសារការធ្វើពហិការរបស់ពលរដ្ឋខ្មែរ៕
អត្ថបទ៖ បូ ដូឡា